ខេត្តព្រះសីហនុ ៖ អនុវត្តតាមអនុសាសន៍ដឹកនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំជាប្រចាំរបស់ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនិងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានបើកការស្រាវជ្រាវភ្លាមៗ ក្រោយទទួលព័ត៌មានអំពីករណីលួចមានស្ថានទម្ងន់ទោស (ប្លន់)ចំនួន២ករណីដែលកើតឡើងនៅសង្កាត់លេខ៣ និងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ។
តាមការស្រាវជ្រាវ សមត្ថកិច្ចបានរកឃើញថា ករណីទាំងពីរបង្កឡើងដោយក្រុមជនសង្ស័យតែមួយ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន៣នាក់ និងឆែកឆេរទីតាំងលាក់ខ្លួនចំនួន២កន្លែង ដោយដកហូតបានកាំភ្លើងខ្លី១ដើម គ្រាប់កាំភ្លើង សារធាតុសង្ស័យជាគ្រឿងញៀន ព្រមទាំងសម្ភារពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើស និងវត្ថុតាងមួយចំនួនទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕










