ក្លិប Manchester United បានប្រកាសតែងតាំង Eva Olid ជាគ្រូបង្វឹកក្រុមបាល់ទាត់នារី ដោយចុះកិច្ចសន្យារហូតដល់ខែមិថុនា ឆ្នាំ 2028។ ការប្រកាសនេះធ្វើឡើងនៅថ្ងៃពុធ។
ការតែងតាំងនេះកើតឡើងតែ 2 ថ្ងៃ បន្ទាប់ពីអតីតអ្នកចាត់ការក្រុម Marc Skinner បានចាកចេញពីក្លិបដោយការព្រមព្រៀងគ្នា បញ្ចប់ការងាររយៈពេល 5 ឆ្នាំ មុនការចាប់ផ្តើមរដូវកាលថ្មី។
Olid វ័យ 40 ឆ្នាំ បានមកដល់ Manchester United បន្ទាប់ពីចាកចេញពីក្លិបស្កុតឡែន Heart of Midlothian កាលពីខែឧសភា ក្រោយដឹកនាំក្រុមអស់ជិត 5 ឆ្នាំ។
ក្រោមការដឹកនាំរបស់នាង Hearts បានឆ្លងកាត់រយៈពេលជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រក្លិប ដោយឡើងពីលីគទី២ និងឈ្នះជើងឯក Scottish Women’s Premier League (SWPL) ជាលើកដំបូងកាលពីរដូវកាលមុន។
ជោគជ័យនេះបានធ្វើឱ្យនាងទទួលបានពានរង្វាន់៖
អ្នកចាត់ការល្អបំផុតប្រចាំរដូវការ (SWPL Manager of the Season)
អ្នកចាត់ការល្អបំផុតប្រចាំប្រទេសស្កុតឡែនបាល់ទាត់នារី
(PFA Scotland SWPL Manager of the Year)។
Olid បាននិយាយថា៖ “ការក្លាយជាគ្រូបង្វឹករបស់ Manchester United Women គឺជាសុបិនក្លាយជាការពិត។”
នាងបានបន្ថែមថា៖ “ក្រុមនេះមានកីឡាការិនីដែលមានសមត្ថភាពខ្លាំងរួចហើយ ហើយខ្ញុំរំភើបក្នុងការជួយពួកគេអភិវឌ្ឍសក្តានុពលឱ្យបានពេញលេញ។ ខ្ញុំបានមកដល់ក្លិបនៅពេលដ៏គួរឱ្យរំភើប ហើយយើងមានទស្សនវិស័យរួមសម្រាប់ភាពជោគជ័យរយៈពេលវែង។”
Manchester United ដែលបញ្ចប់ចំណាត់ថ្នាក់លេខ 4 ក្នុង Women’s Super League (WSL) រដូវកាលមុន បានបញ្ជាក់ថា Olid បានចុះកិច្ចសន្យា 3 ឆ្នាំ ជាមួយជម្រើសបន្តបន្ថែម 1 ឆ្នាំ។
នាយកផ្នែកបាល់ទាត់នារីរបស់ក្លិប Matt Johnson បាននិយាយថា៖
“Eva គឺជាគ្រូបង្វឹកដ៏ឆ្នើម និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការទទួលបានជោគជ័យ។ សមិទ្ធផលរបស់នាងនៅ Heart of Midlothian បានបង្ហាញថា នាងអាចអភិវឌ្ឍសមត្ថភាពកីឡាការិនីម្នាក់ៗបានយ៉ាងល្អ ព្រមទាំងបង្កើតរបៀបលេងដ៏ទាក់ទាញផងដែរ។”
ការប្រកួតផ្លូវការលើកដំបូងរបស់ Olid ក្នុងនាមជាគ្រូបង្វឹក Manchester United Women នឹងធ្វើឡើងនៅថ្ងៃទី 4 ខែកញ្ញា ក្នុងការប្រកួតបើករដូវកាល Women’s Super League ទល់នឹងក្រុម London City Lionesses៕










