ភ្នំពេញ ៖ នារីម្នាក់បានបើករថយន្តស៊េរីទំនើបមួយគ្រឿងបោះពួយយ៉ាងលឿនធ្វើឱ្យរេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមរួចហើយរុញទៅផ្ទុប់នឹងរង្វង់មូលបណ្ដាលឲ្យរថយន្តខូចខាតយ៉ាងដំណំ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១:៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើផ្លូវអូស៊ីអាយស៊ី ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតគេឃើញរថយន្តស៊េរីទំនើប ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2CE-5669 បើកបរដោយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវអូស៊ីអាយស៊ីក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿន លុះពេលបើកមកដល់ចំណុចកើតហេតុខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើមរួចបន្តទៅបុកផ្ទប់នឹងរង្វង់មូលទេីបទៅមុខលែងរួច និងរងការខូចខាតយ៉ាងដំណំ តែសំណាងល្អដែរមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកវាស់វែងស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន រង់ចាំភាគីម្ចាស់រថយន្តចូលខ្លួនធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










