សាលាដំបូងខេត្តកណ្ដាល បំភ្លឺជុំវិញចំណាត់ការលើករណីផ្ដន្ទាទោសជនជាប់ចោទ ១៥នាក់ ពាក់ព័ន្ធអំពើមនុស្សឃាត និងហិង្សា នៅក្រុងសំពៅពូន(មានវីដេអូ)

ចែករំលែក៖

ខេត្តកណ្ដាល៖ សាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បានចេញលិខិតបំភ្លឺជាសាធារណៈជុំវិញចំណាត់ការរបស់ខ្លួន ទៅលើករណីផ្ដន្ទាទោសជនជាប់ចោទចំនួន ១៥នាក់ ពាក់ព័ន្ធនឹងបទល្មើសហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលបណ្ដាលឱ្យមានមនុស្សស្លាប់ និងរងរបួសធ្ងន់។ ការបំភ្លឺនេះធ្វើឡើង ក្រោយមានការរិះគន់ពីសំណាក់សាធារណជនមួយចំនួននៅលើបណ្ដាញសង្គម ពិសេសគណនីហ្វេសប៊ុកផេក “Khmer United News”។

 

យោងតាមសេចក្ដីថ្លែងការណ៍របស់សាលាដំបូងខេត្តកណ្តាល កាលពីយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦ បានបញ្ជាក់ថា អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល សូមបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងទៅនេះ មានគណនីហ្វេសប៊ុកផេក (Facebook Page) ឈ្មោះ “Khmer United News” បានបង្ហោះផ្សាយនូវវីឌីអូដែលមានខ្លឹមសារថា «សម័យនេះ ហើយនៅមានតុលាការធននេះទៀត ប្រហែលស្រុកខ្ញុំគ្មានទេយុត្តិធម៌សម្រាប់អ្នកក្រ គួរតែដកតុលាការចេញ»។

 

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និង បណ្តាញ សារព័ត៌មានថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល បានបើក សវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ ២៦៨៤ អ.ក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ដែលមានជនជាប់ចោទចំនួន ១៥នាក់ រួមមាន៖

ទី១.ឈ្មោះ លី ហ៊ីណេន (LE HENENG)

ទី២.ឈ្មោះ សុខ ម៉េងសាន

ទី៣.ឈ្មោះ ញ៉ន វី

ទី៤.ឈ្មោះ ចាប ធា

ទី៥.ឈ្មោះ បាន សុតន់

ទី៦.ឈ្មោះ ខុន ភារុណ

ទី៧.ឈ្មោះ ហ៊ុល សីហា

ទី៨.ឈ្មោះ ឃុន វុត្ថា

ទី៩.ឈ្មោះ ឈិន ឈៀក ហៅ ទូច ១០.ឈ្មោះ បូ សុផល

ទី១១.ឈ្មោះ ជា ប៊ុនឡេង ១២.ឈ្មោះ ស៊ិត ចិន

ទី១៣.ឈ្មោះ ភាក់ លីហ្សា

ទី១៤.ឈ្មោះ ឈុន ប៊ុនឈឿត

និងទី១៥.ឈ្មោះ អុន ឆានេត ជាប់ចោទពីបទ «ហិង្សាដោយចេតនាមាន ស្ថានទម្ងន់ទោស (ដោយមានមនុស្សច្រើននាក់)» និងបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយសារ មរណភាពនៃជនរងគ្រោះ)» ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន ជិន យ៉ុន ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុង សំពៅពូន ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា២១៨ ចំណុចទី៣ និងមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។

 

នាពេលសវនាការ ក្រុមប្រឹក្សាជំនុំជម្រះបានសួរចម្លើយជនជាប់ចោទទាំង ១៥នាក់ ពិនិត្យភស្តុតាង និងបានពិនិត្យផ្ទៀងផ្ទាត់វីឌីអូកាមេរ៉ាសុវត្ថិភាពក្នុងសំណុំរឿងឃើញថា ជនជាប់ចោទបានសហការគ្នាធ្វើសកម្មភាពដោយយកអាវុធ ជាដំបង និងទុយោ វាយទៅលើដៃ ជើង ដងខ្លួន និងក្បាលរបស់ជនរងគ្រោះ ព្រមទាំងបានឈរឡោមព័ទ្ធជនរងគ្រោះដើម្បីរារាំងកុំឱ្យជនរងគ្រោះអាចរត់គេចខ្លួនបាន ដែលជាហេតុបណ្តាលឱ្យជនរងគ្រោះ ១នាក់ ស្លាប់បាត់បង់ជីវិត និងជនរងគ្រោះ ៣នាក់ផ្សេងទៀត រងរបួសធ្ងន់ធ្ងរ។

 

បន្ទាប់ពីបានសួរចម្លើយជនជាប់ចោទទាំងអស់ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង ក្រុមប្រឹក្សាជំនុំជម្រះ យល់ឃើញថា មានភស្តុតាងដាក់បន្ទុក និង ពិរុទ្ធភាពគ្រប់គ្រាន់លើជនជាប់ចោទទាំង ១៥នាក់។ ហេតុដូច្នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល បានប្រកាសជាសាធារណៈនូវសាលក្រមព្រហ្មទណ្ឌរលេខ ០៦៨.ត ចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ដោយបានសម្រេចផ្តន្ទាទោសជនជាប់ចោទទាំង ១៥នាក់ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់រយៈពេល ១៣ឆ្នាំ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយមានមនុស្សរច្រើននាក់) និងបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ដោយសារមរណភាពនៃជនរងគ្រោះ)» ប្រព្រឹត្តនៅចំណុចក្រុមហ៊ុន ជិន យ៉ុន ស្ថិតនៅភូមិព្រែកស៊ឹង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ តាមបញ្ញត្តិមាត្រា២១៨ ចំណុចទី៣ និងមាត្រា២២៤ នៃក្រមព្រហ្មទណ្ឌ។

 

អ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល សូមជម្រាបជូនបន្ថែមថា សំណុំរឿងនេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តកណ្តាល បានបើកសវនាការជំនុំជម្រះ និងសម្រេចសេចក្តីលើសំណុំរឿងនេះស្របតាមច្បាប់ និងនីតិវិធីជាធរមានដោយផ្អែកទៅលើអង្គហេតុ អង្គច្បាប់ និង ភស្តុតាងក្នុងសំណុំរឿង។ ក្នុងករណីដែលមិនសុខចិត្ត នឹងសេចក្តីសម្រេចនៅក្នុងសាលក្រមរបស់តុលាការ ពិរុទ្ធជនមានសិទ្ធិប្តឹងឧទ្ធរណ៍ទៅនឹងសាលក្រមក្នុងរយៈពេល ១ខែ គិតចាប់ពីថ្ងៃប្រកាសសាលក្រម៕

...

ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print