UN ព្រមានថាយេម៉ែនជិតធ្លាក់ចូលក្នុងជម្លោះទ្រង់ទ្រាយធំ ខណៈក្រុមហ៊ូទីបើកការវាយប្រហារជាថ្មីលើទីក្រុង Marib

ចែករំលែក៖

សារព័ត៌មាន Reuters បានដកស្រង់ទីភ្នាក់ងារសារព័ត៌មានយេម៉ែន SABA បានរាយការណ៍ថាក្រុមហ៊ូទីគាំទ្រដោយអ៉ីរ៉ង់ បានបាញ់មីស៊ីលបាលិស្ទីគ និងដ្រូនលើជំរំជនភៀសខ្លួន និងតំបន់ទីប្រជុំក្នុងទីក្រុង Marib កាលពីថ្ងៃសុក្រ ទី៧ ខែសីហា ឆ្នាំ២០២៦ ដោយសម្លាប់មនុស្ស ២នាក់ និង១៤នាក់ផ្សេងទៀតរងរបួស។

ក្រុមហ៊ូទីបានទទួលស្គាល់ថាពួកគេបានបើកការវាយប្រហារលើកងកម្លាំងគាំទ្រដោយអារ៉ាប៊ីសាអូឌីត ឃ្លាំង យានយន្ត និងបរិក្ខារយោធានៅឯជំរំ Sahn al-Jinn ក្នុងទីក្រុង Marib ដោយប្រើមីស៊ីល និងដ្រូន។ Reuters មិនអាចផ្ទៀងផ្ទាត់ការអះអាងនេះបានដោយឯករាជ្យនោះទេ។ ការវាយប្រហារនេះដែរកើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីយ៉ាងហោចមានកងទ័ពរដ្ឋាភិបាលយេម៉ែន ៣០នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហារលើជំរំយោធាក្នុងទីក្រុង Marib និងខេត្ត Hadramawt។ ក្រុមហ៊ូទីក៏បានអះអាងផងដែរថាខ្លួនបានបើកការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះលើការដាក់ពង្រាយយោធាអារ៉ាប៊ីសាអូឌីត ក្នុងខេត្តចំនួន២ ក្រោយចាប់បានសញ្ញានូវអ្វីដែលពួកគេចាត់ទុកថាជាការបង្កើនវត្តមានយោធាទ្រង់ទ្រាយធំមួយរបស់អារ៉ាប៊ីសាអូឌីត នៅមុនការបង្កើនជម្លោះមួយប្រឆាំងនឹងតំបន់ដែលពួកគេកំពុងគ្រប់គ្រង។
ពាក់ព័ន្ធនឹងស្ថានការណ៍នៅយេម៉ែនដែរ បេសកជនពិសេសអង្គការសហប្រជាជាតិសម្រាប់យេម៉ែន លោក Hans Grundberg បានលើកឡើងកាលពីថ្ងៃសុក្រថា ការវាយប្រហារចុងក្រោយបំផុត ក្នុងទីក្រុង Marib និងខេត្ត Hadramawt រួមជាមួយការវាយប្រហារលើកប៉ាល់ដឹកទំនិញក្នុងតំបន់សមុទ្រក្រហម និងឈូងសមុទ្រ Aden បាន និងកំពុងជំរុញឱ្យយេម៉ែនធ្លាក់ចូលក្នុងហានិភ័យនៃការផ្ទុះជម្លោះទ្រង់ទ្រាយធំសាជាថ្មី ចាប់តាំងពីមានបទឈប់បាញ់សម្របសម្រួលដោយ UN កាលពីខែមេសា ឆ្នាំ២០២២។ លោកបានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់រក្សាភាពអត់ធ្មត់ជាអតិបរមា និងចូលរួមក្នុងកិច្ចចរចាដឹកនាំដោយ UN ជាមួយការព្រមានថាអំពើហិង្សានឹងបង្កគ្រោះថ្នាក់រុញច្រានយេម៉ែនឱ្យធ្លាក់ចូលក្នុងជម្លោះទ្រង់ទ្រាយធំក្នុងតំបន់ទាំងមូល។
ក្រុមហ៊ូទីបានប្រកាសបិទខ្ទប់សមុទ្រប្រឆាំងអារ៉ាប៊ីសាអូឌីត ក្នុងតំបន់សមុទ្រក្រហម កាលពីខែកក្កដាកន្លងទៅ ជាការឆ្លើយតបទៅនឹងអ្វីដែលពួកគេហៅថាជាការបិទខ្ទប់របស់អារ៉ាប៊ីសាអូឌីតប្រឆាំងនឹងយេម៉ែន ជាការចោទប្រកាន់មួយដែលទីក្រុងរីយ៉ាដបានទាត់ចោល។ អារ៉ាប៊ីសាអូឌីតបានដឹកនាំក្រុមចម្រុះយោធាមួយដើម្បីគាំទ្ររដ្ឋាភិបាលយេម៉ែនដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ចាប់តាំងពីឆ្នាំ២០១៥ បន្ទាប់ពីក្រុមហ៊ូទីវាយដណ្ដើមគ្រប់គ្រងរដ្ឋធានីសាណាក្នុងឆ្នាំ២០១៤។ សង្រ្គាមបានបង្កវិនាសកម្មធ្ងន់ធ្ងរនៅយេម៉ែន និងបានបង្កទៅជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយនៅលើពិភពលោក៕

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print