កងរាជឣាវុធហត្ថខេត្តបញ្ជូនអ្នកលេងដៃឆើតម្នាក់ទៅសាលាដំបូងខេត្ត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី។

សមត្ថកិច្ចបន្តថាៈ នៅវេលាម៉ោង១០និង០០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្ដឹងរបស់ឈ្មោះ ញឹម ស្រីនាង ភេទស្រី អាយុ៣៩ឆ្នាំ មានអាសយដ្ឋានភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ស្តីពីករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលប្រព្រឹត្តកាលពីវេលាម៉ោង០៥ និង០០នាទី ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចមុខហាងHappy 9 ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យចំនួន០២នាក់ បានធ្វើសកម្មភាពប្រើកាំបិតកាប់ទៅលើជនរងគ្រោះដែលជាកូនប្រុសរបស់ដើមបណ្ដឹង ឈ្មោះ លី សំណាង(មិក) ភេទប្រុស អាយុ១៦ឆ្នាំ បណ្តាលឱ្យរងរបួសធ្ងន់ត្រូវចំក្បាលចំនួន០១កន្លែង ត្រូវចំដៃខាងឆ្វេងចំនួន០១កន្លែង កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន  មង្គលបុរី ។

ក្រោយពីទទួលបានបណ្តឹងពីម្ដាយជនរងគ្រោះខាងលើ លោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្រ្តីនគរបាលយុត្តិធម៌ មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងជំនាញចុះដល់ទីតាំងកើតហេតុធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញាក្រុមជនសង្ស័យប្រព្រឹត្តបទល្មើស រហូតដល់វេលាម៉ោង២០និង១៥នាទីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ក្នុងចំណោមបក្ខពួក០២នាក់។ ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ សៀង តុលា  ហៅក្រៅ បារាំង ភេទប្រុស អាយុ១៤ឆ្នាំ នៅចំណុចមុខហាងស្គីទឹកកក ស្ថិតក្នុងភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំតាមនីតិវិធី ចំណែកបក្ខពួកបានរត់គេចខ្លួនដែលសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ព្រមទាំងបានធ្វើតេស្តទឹកនោមលើជនសង្ស័យរកសារធាតុញៀនជាលទ្ធផលវិជ្ជមាន (+) ។

 

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រេីហិង្សាលេីជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងជនរងគ្រោះឌឺដងដាក់ខ្លួន។ ដោយផ្អែកលេីចម្លេីយសារភាព កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print