លោក Jorge Messi ដែលជាឪពុក និងជាភ្នាក់ងាររបស់កីឡាករ Lionel Messi បានទទួលមរណភាពនៅម៉ោង ១០ យប់ ថ្ងៃទី ៧ ខែសីហា នៅគ្លីនិកមួយក្នុងទីក្រុង Rosario ប្រទេសអាហ្សង់ទីន បន្ទាប់ពីមានជំងឺអស់រយៈពេលយូរ។ នេះបើយោងតាមសារព័ត៌មាន Buenos Aires Infobae។
យោងតាម Infobae លោក Jorge ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Rosario។ លោកគឺជាស្វាមីរបស់ Celia Cuccittini និងជាឪពុករបស់ Lionel, Rodrigo, Matias និង Maria Sol។
សារព័ត៌មានអាហ្សង់ទីន និងសារព័ត៌មានអន្តរជាតិមួយចំនួនដែលបានផ្សាយព័ត៌មាននេះ បានយោងប្រភពពី Infobae។ គិតត្រឹមថ្ងៃទី ៨ ខែសីហា គ្រួសារ Messi និងការិយាល័យសារព័ត៌មានរបស់ពួកគេ មិនទាន់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការនៅឡើយទេ។
សារព័ត៌មាន Goal បានរាយការណ៍ថា មិនទាន់មានទីភ្នាក់ងារព័ត៌មានអន្តរជាតិធំៗណាមួយបញ្ជាក់ដោយឯករាជ្យអំពីដំណឹងមរណភាពនេះនៅឡើយ ហើយគ្រួសារ Messi ក៏មិនដែលបង្ហាញជាសាធារណៈថា លោក Jorge មានជំងឺអ្វីនោះដែរ។
ជាឪពុក និងភ្នាក់ងាររបស់ Messi អស់រយៈពេលជាង ២០ ឆ្នាំ
Jorge Messi បានគ្រប់គ្រងកិច្ចការភាគច្រើនរបស់កូនប្រុសនៅក្រៅទីលានអស់រយៈពេលជាង ២០ ឆ្នាំ ដោយមានតួនាទីសំខាន់ក្នុងការចរចាកិច្ចសន្យាថ្មីជាមួយ Barcelona និងការផ្ទេររបស់ Messi ទៅ Paris Saint-Germain និងបន្ទាប់មកទៅ Inter Miami។
ក្នុងជីវិតរបស់លោក Jorge មិនសូវបានផ្តល់បទសម្ភាសន៍ជាច្រើនឡើយ។ លោកធ្លាប់ផ្តល់បទសម្ភាសន៍មួយចំនួនដល់ El Gráfico, Kicker របស់អាល្លឺម៉ង់ និង Informe Robinson របស់អេស្ប៉ាញ។
Messi យំអំឡុងការប្រកួត World Cup
កាលពីថ្ងៃទី ១៦ ខែមិថុនា Messi បានស្រក់ទឹកភ្នែក បន្ទាប់ពីរកគ្រាប់បាល់បើកឆាកនៅនាទីទី ១៧ ក្នុងការប្រកួតជាមួយ អាល់ហ្សេរី នៅ Kansas City Stadium។ គាត់បានបញ្ចប់ការប្រកួតដោយស៊ុតបាន Hat-trick ជួយអាហ្សង់ទីនឈ្នះ ៣-០។
ក្រោយការប្រកួត Messi បានប្រាប់អ្នកសារព័ត៌មានថា រឿងដែលធ្វើឱ្យគាត់មានអារម្មណ៍ខ្លាំងនោះ គឺ «ជារឿងដែលមិនពាក់ព័ន្ធទាំងស្រុងនឹងកីឡា» ហើយគាត់បានឆ្លងកាត់ថ្ងៃដ៏លំបាកមួយចំនួន។
នៅតំបន់ Mixed Zone អតីតខ្សែការពារក្រុមជម្រើសជាតិអាហ្សង់ទីន Juan Pablo Sorin ដែលកំពុងធ្វើការជាអ្នកផ្សាយកីឡា បានសួរ Messi បន្ថែមអំពីទឹកភ្នែករបស់គាត់។
Messi បានបញ្ជាក់ថា ទឹកភ្នែករបស់គាត់ភាគច្រើនពាក់ព័ន្ធនឹង គ្រួសារ ហើយមិត្តរួមក្រុមក៏កំពុងជួយគាំទ្រគាត់ក្នុងអំឡុងពេលដ៏លំបាកនេះផងដែរ។
នៅថ្ងៃទី ១៨ ខែមិថុនា គ្រួសារ Messi បានចេញសេចក្តីថ្លែងការណ៍ថា Jorge កំពុងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រុមគ្រូពេទ្យ កំពុងសម្រាកព្យាបាល និងមានស្ថានភាពប្រសើរឡើង។ នេះបើយោងតាម The Associated Press។
គ្រួសារក៏បានថ្កោលទោសការចែកចាយព័ត៌មានមិនពិតដែលកំពុងកើតឡើងនៅពេលនោះ រួមទាំងការអះអាងខុសឆ្គងតាមទូរទស្សន៍ថា Jorge បានទទួលមរណភាព។
អ្នកធ្វើបទបង្ហាញ Florencia Peña ដែលបានផ្សាយព័ត៌មានមិនពិតនោះ បានចេញមុខសុំទោស និងបានចាកចេញពីកម្មវិធី Streaming ដែលនាងបាននិយាយព័ត៌មាននោះ។
Jorge ជាអ្នកជួយ Messi ចាប់ផ្តើមអាជីពនៅអឺរ៉ុប
នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលយុវជនរបស់ Newell’s Old Boys ក្នុងទីក្រុង Rosario លោក Jorge បានខិតខំស្វែងរកវិធីដើម្បីឱ្យការព្យាបាលដោយអ័រម៉ូនលូតលាស់របស់ Lionel អាចទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុនៅអាហ្សង់ទីន។
នៅពេលក្លិបមិនអាចទទួលបន្ទុកចំណាយលើការព្យាបាលបាន លោក Jorge បានជំរុញឱ្យកូនប្រុសទៅធ្វើតេស្តសមត្ថភាពជាមួយ River Plate។ ប៉ុន្តែការចរចានោះមិនបានសម្រេច ហើយលោកបានបង្វែរទិសដៅទៅកាន់ Barcelona។
Barcelona បានចុះហត្ថលេខាជាមួយ Messi នៅពេលគាត់មានអាយុត្រឹមតែ ១៣ ឆ្នាំ ក្នុងឆ្នាំ 2000 ហើយបានយល់ព្រមទទួលបន្ទុកលើការព្យាបាលរបស់គាត់ ព្រមទាំងផ្តល់ប្រាក់ខែប្រចាំឆ្នាំ កន្លែងស្នាក់នៅ ការងារសម្រាប់គ្រួសារ និងប្រាក់ពីសិទ្ធិរូបភាព។ នេះបើយោងតាមសៀវភៅជីវប្រវត្តិ “Messi” របស់ Guillem Balagué។
ជីវិតរបស់ Jorge Messi
Jorge បានសិក្សាជាជាងបច្ចេកទេសគីមី ហើយបានចូលធ្វើការនៅរោងចក្រដែក Acindar ក្នុងទសវត្សរ៍ឆ្នាំ 1980 មុនពេលឡើងកាន់តំណែងជាអ្នកគ្រប់គ្រង។
មុនពេលនោះ លោកក៏ធ្លាប់លេងជាខ្សែបម្រើក្នុងក្រុមយុវជនរបស់ Newell’s Old Boys ប៉ុន្តែអាជីពបាល់ទាត់របស់លោកត្រូវបានបញ្ចប់ដោយការចូលបម្រើកងទ័ពជាកាតព្វកិច្ច។
នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីវិទ្យុ “Fútbol y algo más” របស់ Radio Del Plata ក្នុងឆ្នាំ 2007 Messi បានរំឭកថា នៅអំឡុងខែដំបូងៗដែលពួកគេរស់នៅប្រទេសអេស្ប៉ាញ គាត់ និងឪពុករបស់គាត់តែងតែបិទខ្លួននៅក្នុងបន្ទប់ ដើម្បីយំដោយមិនឱ្យម្នាក់ទៀតឃើញ។
ពួកគេទាំងពីរធ្វើពុតជាមានសភាពធម្មតា ទោះបីជាក្នុងចិត្តកំពុងជួបការលំបាកយ៉ាងខ្លាំងក៏ដោយ។
នៅទីបំផុត Jorge បានសួរកូនប្រុសថា តើគេចង់បន្តដំណើរទៅមុខ ឬត្រឡប់ទៅផ្ទះវិញ។ Messi បានជ្រើសរើស បន្តស្នាក់នៅអេស្ប៉ាញ។
នៅក្នុងបទសម្ភាសន៍ដដែល Jorge ក៏បានបង្ហាញខ្លួនតាមកាមេរ៉ា ហើយបានប្រាប់កូនប្រុសថា ការលំបាកទាំងអស់បានធ្វើឱ្យពួកគេកាន់តែរឹងមាំ។
អ្វីដែលសំខាន់សម្រាប់លោក មិនមែនថា Lionel ជាកីឡាករល្អប៉ុណ្ណានោះទេ ប៉ុន្តែគឺ ការក្លាយជាមនុស្សល្អម្នាក់។
Lionel Messi បានគម្រប់អាយុ ៣៩ ឆ្នាំ កាលពីខែមិថុនា។ គាត់បានឈ្នះពានរង្វាន់ Ballon d’Or ចំនួន ៨ លើក និងបានដឹកនាំអាហ្សង់ទីនឈ្នះ World Cup 2022៕










