សារព័ត៌មាន AFP បានផ្សាយថា រដ្ឋមន្ត្រីការបរទេសតួកគី កាលពីថ្ងៃសៅរ៍ ទី៨ ខែសីហា ឆ្នាំ២០២៦ បានអំពាវនាវឲ្យមានការផ្អាកជាបណ្ដោះអាសន្ន លើការវាយប្រហាររបស់រុស្ស៊ីនិងអ៊ុយក្រែននៅតំបន់សមុទ្រខ្មៅ បន្ទាប់ពីមានការវាយប្រហារជាបន្តបន្ទាប់លើកប៉ាល់ស៊ីវិល នៅទីនោះ។
រដ្ឋមន្រ្តីការបរទេសតួកគីយ៉េ លោក Hakan Fidan បានអំពាវនាវឲ្យបង្កើតយន្តការមួយ ដែលអនុញ្ញាតឲ្យមានការប្រកាសការផ្អាកវាយប្រហារជាបណ្ដោះអាសន្ន អំឡុងបទសម្ភាសមួយជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu របស់តួកគីយ៉េ។ លោកបានថ្លែងថា «ជម្លោះបានរីករាលដាលពាសពេញសមុទ្រខ្មៅទាំងមូល។ ជាដំបូង ពួកគេបានកំណត់គោលដៅលើកំពង់ផែនិងនាវាយោធា។ ប៉ុន្តែឥឡូវនេះ ពួកគេកំពុងវាយប្រហារលើនាវាពាណិជ្ជកម្មទាំងអស់ ដោយគ្មានការបែងចែងទេ»។ លោកបានបញ្ជាក់ថា កប៉ាល់ដែលជាកម្មសិទ្ធិរបស់តួកគីយ៉េ ឬដោតទង់ជាតិតួកគីយ៉េ ក៏ស្ថិតក្នុងចំណោមកប៉ាល់ ដែលត្រូវបានកំណត់គោលដៅផងដែរ។
កាលពីថ្ងៃអង្គារសប្តាហ៍នេះ ទីក្រុងអង់ការ៉ា បានថ្កោលទោសការវាយប្រហារដោយយន្តហោះដ្រូននៅសមុទ្រខ្មៅ លើកប៉ាល់ស៊ីវិលតួកគីយ៉េចំនួនពីរគ្រឿង នៅមួយថ្ងៃមុននោះ ដែលបណ្ដាលឲ្យនាវិកមួយចំនួនរងរបួស៕

រូបថត:AFP









