ហាងលក់កាហ្វេនិង សូកូឡា Laurent Cafe & Chocolate Bar នៅតំបន់ Robertson Quay ប្រទេសសិង្ហបុរី នឹងបិទទ្វារនៅថ្ងៃទី ១០ ខែសីហា បន្ទាប់ពីដំណើរការអស់រយៈពេល ២០ ឆ្នាំ ដោយសារការកើនឡើងនៃថ្លៃដើម និងសម្ពាធហិរញ្ញវត្ថុបានបង្ខំឱ្យអាជីវកម្មនេះបញ្ឈប់ប្រតិបត្តិការ។
ហាងបានប្រកាសតាម Facebook កាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងបិទទ្វារ ដោយពិពណ៌នាថា វាជា «ថ្ងៃដ៏ធ្ងន់ធ្ងរសម្រាប់ក្រុមការងារ»។ បន្ទាប់មក ហាងបានធ្វើបច្ចុប្បន្នភាពថា ថ្ងៃចុងក្រោយនៃប្រតិបត្តិការគឺថ្ងៃទី ១០ ខែសីហា។
ចាប់ផ្តើមអាជីវកម្មតាំងពីឆ្នាំ ២០០៦
Laurent Cafe & Chocolate Bar ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៦ ដោយមេចុងភៅនំផ្អែមជនជាតិបារាំង Laurent Bernard និងភរិយារបស់គាត់ Iveta។
ហាងនេះបានដើរតួនាទីសំខាន់ក្នុងការបង្កើត និងអភិវឌ្ឍវិស័យសូកូឡាសិប្បកម្មនៅសិង្ហបុរី តាំងពីមុនពេលម៉ាកសូកូឡាឯកទេសដែលបង្កើតឡើងក្នុងស្រុកក្លាយជារឿងពេញនិយម។
ហាងមានភាពល្បីល្បាញដោយសារផលិតផលសូកូឡាធ្វើដោយដៃ ដូចជា សូកូឡា Bonbons, សូកូឡា Soufflé និងនំខេក។
លោក Bernard បានប្រាប់ សារព័ត៌មាន AsiaOne ថា អាជីវកម្មនេះលែងអាចទ្រាំទ្រនឹង «បន្ទុកហិរញ្ញវត្ថុ» នៃការបើកហាងបានទៀត បន្ទាប់ពីត្រូវបានជូនដំណឹងឱ្យចាកចេញពីទីតាំងក្នុងរយៈពេលត្រឹមតែ ៧ ថ្ងៃ ដោយសារមិនបានបង់ថ្លៃជួល។
លោកបាននិយាយថា អគារនេះទើបតែមានការផ្លាស់ប្តូរម្ចាស់ ហើយម្ចាស់អគារថ្មីបានកំណត់លក្ខខណ្ឌថា អាជីវកម្មអាចបន្តនៅទីតាំងបាន លុះត្រាតែបង់ថ្លៃជួល ១២ ខែជាមុន។
ក្រៅពីនេះ ហាងក៏កំពុងប្រឈមនឹងការថយចុះនៃចំនួនអតិថិជនដែលធ្វើដំណើរមកតំបន់ Robertson Quay និងការកើនឡើងនៃថ្លៃជួលទីតាំងផងដែរ។
«ការបាត់បង់ធំបំផុត មិនមែនជាផ្នែកហិរញ្ញវត្ថុទេ»
លោក Bernard បានប្រាប់គេហទំព័រ 8days.sg ថា៖
««ការបាត់បង់ដ៏ធំបំផុតសម្រាប់ខ្ញុំ មិនមែនជារឿងហិរញ្ញវត្ថុទេ ប៉ុន្តែជារឿងផ្លូវចិត្ត។»»
លោកបានបន្ថែមថា៖
«ខ្ញុំមានអារម្មណ៍សោកស្តាតយ៉ាងខ្លាំងនៅពេលឃើញអតិថិជនរបស់ខ្ញុំបង្ហាញការយល់ចិត្ត និងការគាំទ្រយ៉ាងច្រើនចំពោះការបិទហាងនេះ។ ហាងនេះមានអត្ថន័យយ៉ាងខ្លាំងសម្រាប់អ្នករស់នៅជាច្រើនក្នុងតំបន់នេះ។ ខ្ញុំពិតជាខូចចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលកំពុងកើតឡើងចំពោះយើង។»»
អាជីវកម្មអនឡាញនឹងបន្ត
ទោះបីហាងនឹងបិទនៅថ្ងៃទី ១០ ខែសីហា ក៏ដោយ លោក Bernard បានបញ្ជាក់ថា ម៉ាក Laurent Bernard Chocolatier នឹងនៅតែបន្តដំណើរការតាមអនឡាញ។
អតិថិជននៅតែអាចបញ្ជាទិញផលិតផលសូកូឡារបស់ក្រុមហ៊ុន ដើម្បីឱ្យដឹកជញ្ជូនទៅផ្ទះ ឬទៅយកដោយខ្លួនឯងពីផ្ទះបាយកណ្តាលរបស់ក្រុមហ៊ុននៅ MacTaggart Road។
លោក Bernard បាននិយាយថា បច្ចុប្បន្នលោក មិនមានគម្រោងបើកហាងកាហ្វេថ្មីភ្លាមៗទេ ហើយនឹងផ្តោតលើការពង្រីកអាជីវកម្មអនឡាញជំនួសវិញ។
ហាង Pantler ក៏ប្រឈមនឹងការបិទដែរ
ការបិទ Laurent Cafe & Chocolate Bar កើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីហាងនំ Pantler នៅតំបន់ River Valley ដែលល្បីល្បាញដោយសារនំផ្អែមបែបជប៉ុន-បារាំង បានប្រកាសថា ខ្លួននឹងបិទនៅថ្ងៃទី ៣០ ខែសីហា ប្រសិនបើមិនមានម្ចាស់ថ្មីចូលមកទទួលអាជីវកម្ម។
ក្នុងការបង្ហោះតាម Instagram កាលពីថ្ងៃព្រហស្បតិ៍ Pantler បានថ្លែងអំណរគុណដល់អតិថិជនសម្រាប់ការគាំទ្រអស់រយៈពេល ១២ ឆ្នាំ។
សហស្ថាបនិក Matthias Phua បានប្រាប់ The Straits Times ថា ការគ្រោងបិទអាជីវកម្មនេះបណ្តាលមកពី ការកើនឡើងនៃថ្លៃដើមប្រតិបត្តិការ និងបរិយាកាសអាជីវកម្មដែលកាន់តែពិបាក។
សម្ពាធកាន់តែខ្លាំងលើវិស័យ F&B នៅសិង្ហបុរី
ការបិទអាជីវកម្មទាំងពីរនេះបង្ហាញពីសម្ពាធកាន់តែខ្លាំងដែលកំពុងប្រឈមដោយវិស័យ អាហារ និងភេសជ្ជៈ (F&B) នៅសិង្ហបុរី។
ភោជនីយដ្ឋាន និងហាងកាហ្វេជាច្រើនកំពុងលើកឡើងពី ការកើនឡើងនៃថ្លៃដើមប្រតិបត្តិការ និងការចំណាយរបស់អ្នកប្រើប្រាស់ដែលមានភាពទន់ខ្សោយ។
ក្នុងរយៈពេលត្រឹមតែ ខែមករា ដល់ខែមេសា ឆ្នាំនេះ សិង្ហបុរីបានកត់ត្រាការបិទអាជីវកម្មអាហារចំនួន ១,២៦៧ កន្លែង ដែលស្ទើរតែស្មើនឹង ពាក់កណ្តាលនៃចំនួនអាជីវកម្មអាហារដែលបានបិទពេញមួយឆ្នាំមុន។
ស្ថានភាពនេះបង្ហាញថា អាជីវកម្ម F&B នៅសិង្ហបុរីកំពុងប្រឈមនឹងបញ្ហាធ្ងន់ធ្ងរ ជាពិសេសពី ថ្លៃជួលខ្ពស់ ថ្លៃដើមកើនឡើង កម្លាំងទិញរបស់អតិថិជនធ្លាក់ចុះ និងការប្រកួតប្រជែងកាន់តែខ្លាំង៕










