រយៈពេល៦ខែនេះ សមត្ថកិច្ចបង្ក្រាបករណីជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ១១២ករណី សង្គ្រោះជនរងគ្រោះ ៥៨១នាក់

ចែករំលែក៖

ភ្នំពេញ÷ ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចបង្ក្រាបបទល្មើសជួញដូរមនុស្សនិងការធ្វើ អាជីវកម្មផ្លូវភេទ សរុបចំនួន ១១២ករណី និងបានសង្គ្រោះជនរងគ្រោះ ៥៨១នាក់ ក្នុងនោះមានស្ត្រី ៣៣៣នាក់។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ចំនួនករណីបង្ក្រាបបានកើនឡើង ១៣ ករណី ស្មើនឹង ១៣,១៣%។

 

យោងតាមរបាយការណ៍របស់ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានឱ្យដឹងថា ក្នុងចំណោមករណីដែលបង្ក្រាបបាន មានករណីជួញដូរមនុស្ស ៤៤ករណី ឃាត់ខ្លួនជនសង្ស័យ ៥៣ នាក់ និងសង្គ្រោះជនរងគ្រោះ ៣២៧នាក់។ ដោយឡែក ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ មាន ៦៨ករណី ឃាត់ខ្លួនជនសង្ស័យ ១១៦នាក់ ក្នុងនោះជនបរទេស ៣៤នាក់ និងសង្គ្រោះជនរងគ្រោះ ២៥៤នាក់។

 

សរុបជនសង្ស័យដែលត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ មានចំនួន ១៦៩នាក់ ក្នុងនោះជនបរទេស ៣៤នាក់ រួមមានជនជាតិចិន វៀតណាម បង់ក្លាដេស និងជប៉ុន។

 

របាយការណ៍ដដែលក៏បានបង្ហាញថា តុលាការបានជំនុំជម្រះសំណុំរឿងពាក់ព័ន្ធអំពើជួញដូរមនុស្ស ១៩៦សំណុំរឿង ចេញសាលក្រម ១៦៥សំណុំរឿង និងផ្តន្ទាទោសដាក់ពន្ធនាគារ ១៤០សំណុំរឿង ខណៈ ១១សំណុំរឿង ត្រូវបានព្យួរទោស។

 

គ.ជ.ប.ជ បានលើកឡើងថា បទល្មើសជួញដូរមនុស្សបច្ចុប្បន្ន កាន់តែមានលក្ខណៈស្មុគស្មាញ ដោយភ្ជាប់ជាមួយបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ដែលធ្វើឱ្យការស្រាវជ្រាវ និងការប្រមូលភស្តុតាងកាន់តែពិបាក។

 

ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ ២០២៦ កាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ឧបនាយករដ្ឋមន្ត្រី ស សុខា ប្រធាន គ.ជ.ប.ជ បានណែនាំឱ្យកម្លាំងសមត្ថកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការ បង្កើនការស្រាវជ្រាវ បង្ក្រាបបទល្មើសឱ្យបានម៉ឺងម៉ាត់ ព្រម ទាំងស្វែងរកវិធីសាស្ត្រថ្មីៗ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ និងផ្សព្វផ្សាយអប់រំ សំដៅទប់ស្កាត់អំពើជួញដូរមនុស្សឱ្យបានទាន់ពេលវេលា៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print