ខេត្តកំពង់ធំ៖ ហេតុការណ៍ដ៏សោកសង្រេង និងគួរឱ្យសង្វេគជាពន់ពេកមួយបានកើតឡើង ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយបុរសជាឪពុកម្នាក់បានខិតខំជូនកូនប្រុសទៅប្រឡង ប៉ុន្តែជាអកុសល បែរជាត្រូវលាចាកលោក និងមិនបានលាកូនប្រុសសូម្បីមួយម៉ាត់។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ អុប សារ៉ែន ដែលត្រូវជាឪពុកបង្កើតរបស់បេក្ខជន អ៊ាង សីហា (ជាបេក្ខជនប្រឡងនៅមណ្ឌលវិទ្យាល័យស្ទឹងសែន)។
ក្រោយពីបានជូនកូនប្រុសមកដល់មណ្ឌលប្រឡងរួចរាល់ លោក អុប សារ៉ែន ត្រូវបានគេប្រទះឃើញដេកស្លាប់ស្ដូកស្ដឹង បង្កឱ្យមានការរន្ធត់ចិត្តយ៉ាងខ្លាំងដល់អ្នកនៅជុំវិញ និងសាច់ញាតិ។ អ្វីដែលកាន់តែរំជួលចិត្ត និងអាណិតអាសូរខ្លាំងបំផុតនោះ គឺបេក្ខជន អ៊ាង សីហា ពុំបានជ្រាបអំពីដំណឹងមរណភាពដ៏ជូរចត់របស់ឪពុកខ្លួនឡើយ ក្នុងអំឡុងពេលដែលរូបគេកំពុងអង្គុយធ្វើវិញ្ញាសានៅក្នុងបន្ទប់ប្រឡង។ សាច់ញាតិរបស់សពបានសម្រេចចិត្តលាក់បាំងរឿងនេះជាបណ្តោះអាសន្ន ដើម្បីកុំឱ្យប៉ះពាល់ដល់ស្មារតី និងការប្រឡងរបស់គេ។
សាច់ញាតិរបស់គ្រួសារសពបានរៀបរាប់ទាំងទឹកភ្នែកនៅលើបណ្តាញសង្គមថា៖
«បេះដូងឪពុកជូនមកប្រឡងដេកស្លាប់ កូនដាស់មិនភ្ញាក់ក៏ចេញទៅប្រឡងបាត់ ពេលនេះកូនក៏មិនដឹងឪពុកស្លាប់ដែរ បងប្រុសបងល្អពេកហើយ សូមវិញ្ញាណក្ខន្ធបងទៅកាន់សុខគតិភព និងអាយុវែងជាងនេះ បងបានធ្វើល្អ និងជាឪពុកល្អហើយ។ ជាចុងក្រោយក៏ជូនពរក្មួយឱ្យជួបតែសំណាងល្អ និងប្រឡងជាប់ដើម្បីតបស្នង សងគុណដល់ឪពុកដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីកូន… ញញឹមហើយចូលទៅប្រឡងវិញទាំងមិនដឹងរឿង សុំទោសផងក្មួយប្រុសដែលពូលាក់បាំង»។
រឿងរ៉ាវមួយនេះបានអង្រួនបេះដូងមហាជនយ៉ាងខ្លាំង ព្រោះតែទំហំនៃក្ដីស្រឡាញ់ និងការលះបង់ដ៏ធំធេងរបស់ឪពុកម្នាក់ ដែលបានប្រឹងប្រែងធ្វើគ្រប់យ៉ាងដើម្បី អនាគតកូន ប៉ុន្តែជាអកុសល រូបលោកបែរជាគ្មានឱកាសបានឃើញពន្លឺជោគជ័យ និងស្នាមញញឹមរបស់កូនប្រុសឡើយ។
មហាជនសម្តែងនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយគ្រួសារសព និងជូនពរឱ្យបេក្ខជន អ៊ាង សីហា មានកម្លាំងចិត្តរឹងមាំ ទទួលបានលទ្ធផលល្អ
ដូចបំណងប្រថ្នាចុងក្រោយរបស់ឪពុកលោក៕
ដោយ៖ សុរិយា










