នៅថ្ងៃទី១២ ខែសីហា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងលើកទីពីររបស់ខ្លួនក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ខណៈដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងរៀបចំធ្វើសមយុទ្ធយោធាប្រចាំឆ្នាំរបស់ពួកគេ។
សារព័ត៌មាន Reuters បានផ្សាយថា អាជ្ញាធរកូរ៉េខាងត្បូង និងជប៉ុន បានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ នៅព្រឹកថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២៦ ឆ្ពោះទៅកាន់សមុទ្រនៃឆ្នេរភាគខាងកើតឧបទ្វីបកូរ៉េ តែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោនដែលជារឿយៗត្រូវបានទីក្រុងព្យុងយ៉ាងថ្កោលទោស។
ក្រុមមន្ត្រីការពារជាតិកូរ៉េខាងត្បូង និងជប៉ុន បាននិយាយថាមីស៊ីលដែលកូរ៉េខាងជើងបានធ្វើតេស្ត បានហោះក្នុងរយៈចម្ងាយប្រហែល ៧០០គីឡូម៉ែត្រ ហើយប្រទេសទាំង២បានចេញសេចក្ដីថ្លែងការណ៍ថ្កោលទោសការធ្វើតេស្ដនេះរៀងៗខ្លួន។ ការិយាល័យសន្តិសុខជាតិរបស់កូរ៉េខាងត្បូងបានបើកកិច្ចប្រជុំបន្ទាន់ជាមួយការបង្ហាញការព្រួយបារម្ភពីការបន្តការធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគដោយកូរ៉េខាងជើង បន្ទាប់ពីការធ្វើតេស្ដមួយកាលពីថ្ងៃទី៦ ខែសីហាកន្លងទៅនេះ។ ទីក្រុងសេអ៊ូលបានជំរុញឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ទង្វើបង្ករឿងដែលរំលោភបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN។
យោធាកូរ៉េខាងត្បូងបានអះអាងថាខ្លួនរក្សាការប្រុងជើងការជានិច្ច ដើម្បីឆ្លើយតបយ៉ាងខ្លាំងក្លា ទៅនឹងរាល់ទង្វើបង្ករឿងនៅក្រោមកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក។ ភ្លាមៗមិនទាន់មាន ការធ្វើអត្ថាធិប្បាយពីកូរ៉េខាងជើងនៅឡើយទេ។ ដោយឡែក ខាងក្រសួងការពារជាតិជប៉ុនវិញបានបញ្ជាក់ថាមីស៊ីលរបស់កូរ៉េខាងជើងបានធ្លាក់ចូលក្នុងសមុទ្រស្ថិតនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ ជប៉ុន ហើយមីស៊ីលបានហោះដល់រយៈពេលកម្ពស់ ៩០គីឡូម៉ែត្រ។ «ជប៉ុនបានដាក់កំណត់ទូតតវ៉ាយ៉ាងខ្លាំងចំពោះកូរ៉េខាងជើង តាមរយៈបណ្ដាញការទូតនៅឯស្ថានទូតជប៉ុនប្រចាំទីក្រុងប៉េកាំង និងបានថ្កោលទោសយ៉ាងខ្លាំងចំពោះការធ្វើតេស្ដនេះ»។ នេះជាការគូសបញ្ជាក់របស់រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi ប្រាប់ក្រុមអ្នកសារព័ត៌មាន។
ការធ្វើតេស្ដមីស៊ីលរបស់កូរ៉េខាងជើង នៅព្រឹកថ្ងៃពុធនេះ កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ នៅមុនកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកត្រូវបើកធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំដែលនឹង ចាប់ផ្ដើមពីថ្ងៃទី១៧ ដល់ថ្ងៃទី២៧ ខែសីហា ក្នុងគោលបំណងទប់ទល់នឹងការវិវត្តន៍ទៅមុខនៃសមត្ថភាពអាវុធ និងនុយក្លេអ៊ែររបស់កូរ៉េខាងជើង៕

រូបថត: KCNA









