ខេត្តស្ទឹងត្រែង៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងបានថ្លែងប្រសាសន៍សំខាន់ៗ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
– សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីអាណត្តិមុនៗ និងអាណត្តិទី៧នេះ តាមបណ្ដាខេត្តមានការប្រកួតប្រជែងគ្នាក្នុងការកសាងសមិទ្ធផលសាធារណៈនៅតាមបណ្ដាខេត្តដែលនេះ គឺជាសមិទ្ធផលដ៏ល្អមួយ ខណៈសម្ដេចជំរុញលើកទឹកចិត្តចំពោះការគិតគូរដល់អ្នកនៅមូលដ្ឋានក្នុងខេត្តផ្ទាល់បែបនេះ កុំរំពឹងតែអ្នកខាងក្រៅចូលមកខេត្ត។
– សម្ដេចធិបតី ថ្លែងកោតសរសើរចំពោះការអភិវឌ្ឍរបស់ខេត្តស្ទឹងត្រែង ជាពិសេសការយកចិត្តទុកដាក់គិតគូរលើការអភិវឌ្ឍទីទាំងសាធារណៈ សួនសាធារណៈ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានដើរលេងកម្សាន្ត និងលេងកីឡា ដើម្បីផ្ដល់ផលប្រយោជន៍ជាច្រើនដល់សុខុមាលភាពប្រជាជន។
– សម្ដេចធិបតី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រសួងអប់រំ យុវជន និងកីឡា និងភាគីពាក់ព័ន្ធដែលបានរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំ២០២៦នេះ ប្រព្រឹត្តទៅបានយ៉ាងរលូនល្អ និងទទួលបានលទ្ធលផយ៉ាងគាប់ប្រសើរ។
– សម្ដេចធិបតី បានថ្លែងថា កាលពីអាណត្តិមុនៗ និងអាណត្តិទី៧នេះ តាមបណ្ដាខេត្តមានការប្រកួតប្រជែងគ្នាក្នុងការកសាងសមិទ្ធផលសាធារណៈនៅតាមបណ្ដាខេត្តដែលនេះ គឺជាសមិទ្ធផលដ៏ល្អមួយ ខណៈសម្ដេចជំរុញលើកទឹកចិត្តចំពោះការគិតគូរដល់អ្នកនៅមូលដ្ឋានក្នុងខេត្តផ្ទាល់បែបនេះ កុំរំពឹងតែអ្នកខាងក្រៅចូលមកខេត្ត។
– សម្ដេចធិបតី បានថ្លែងកោតសរសើរចំពោះការអភិវឌ្ឍរបស់ខេត្តស្ទឹងត្រែង ជាពិសេសការយកចិត្តទុកដាក់គិតគូរលើការអភិវឌ្ឍទីទាំងសាធារណៈ សួនសាធារណៈ សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋានដើរលេងកម្សាន្ត និងលេងកីឡា ដើម្បីផ្ដល់ផលប្រយោជន៍ជាច្រើនដល់សុខុមាលភាពប្រជាជន។
– សម្ដេចធិបតី បានថ្លែងអរគុណដល់ប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសពលរដ្ឋខេត្តស្ទឹងត្រែង ដែលបានជឿទុកចិត្តចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ជាប្រធានគណបក្ស, គណបក្សប្រជាជនបានកសាងប្រទេសតាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ ដោយបានឈរលើមាគា៍នៃនយោបាយឈ្នះ ឈ្នះរបស់សម្ដេចតេជោ បាននាំមកនូវសន្ដិភាព និងឯកភាពជាតិពេញលេញ ធ្វើឱ្យប្រទេសកម្ពុជា និងខេត្តស្ទឹងត្រែងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។
– សម្ដេចធិបតី បានថ្លែងថា ទោះបីជាខេត្តនៅទិសទិសឦសាន ជាប៉ូលសេដ្ឋកិច្ចមិនទាន់អាចប្រៀបធៀបបានជាមួយ ខេត្តសៀមរាប ភ្នំពេញ និងសីហនុ ប៉ុន្ដែខេត្តក៏មានសក្ដានុពលមួយចំនួនដែលខេត្តផ្សេងៗគ្មានដែរ ដូចជាវិស័យកសិកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ជាដើម។ ដូច្នេះសម្ដេចឱ្យពិនិត្យមើលអ្វីខេត្តមាន ដើម្បីទាញយកសក្ដានុពលមកប្រើប្រាស់ ប៉ុន្ដែចំណុចសំខាន់បំផុតនោះ គឺខេត្តត្រូវធានាឱ្យបាននូវសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្ត។
– សម្ដេចធិបតី បានចាត់ទុក ខេត្តស្ទឹងត្រែង គឺជាខេត្តមួយដែលជាអាទិភាពមួយនៅក្នុងរឿងកិច្ចការសន្ដិសុខ។ សម្ដេចបានកោតសរសើរដល់គណៈបញ្ជាឯកភាពខេត្ត ដែលបានចូលរួមក្នុងការថែរក្សាសន្ដិសុខខេត្ត ខណៈខេត្តស្ទឹងត្រែង គឺជាខេត្តឆ្លងកាត់ធំទាក់ទងនឹងប្រទេសឡាវ និងប្រទេសមួយចំនួន ដែលទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែនមួយចំនួនដែលចាំបាច់ត្រូវការពង្រឹងការគ្រប់គ្រង។
– សម្ដេចធិបតី បានថ្លែងថា កន្លងទៅខេត្តស្ទឹងត្រែង មានការចាប់ ការបំផ្លាញនូវសកម្មភាពខុសច្បាប់ឆ្លងដែន ឆ្លងកាត់ រត់ពន្ធគ្រឿងញៀនដែន ដែលចូលពីប្រទេសផ្សេង មកកម្ពុជា ដើម្បីឆ្លងកាត់ដើម្បីឆ្លងដែន ដូច្នេះការទប់ទល់នេះគឺជាកិច្ចការសំខាន់។
– សម្ដេចធិបតី បញ្ជាឱ្យអាជ្ញាធរគ្រប់សមត្ថកិច្ចរបស់ខេត្តស្ទឹងត្រែង បន្តពង្រឹងការទប់ស្កាត់បទល្មើសនានាពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មឆ្លងដែន ដោយធ្វើយ៉ាងណាកុំឱ្យខេត្ត មានពាក់ព័ន្ធជាមួយអ្វីដែលគ្រោះថ្នាក់ ដែលជាសេដ្ឋកិច្ចខ្មៅ យកចូលក្នុងខេត្តឱ្យសោះ។
– សម្ដេចធិបតី ថ្លែងថា ខេត្តឆ្ងាយវាមានបញ្ហាសម្រាប់មុខរបរខ្លះ ប៉ុន្ដែវាក៏អំណោយផលសម្រាប់មុខរបរដែលមិនចង់ឱ្យគេឃើញ មុខរបរដែលអាចប៉ះពាល់ទៅដល់សន្ដិសុខសង្គម អីចឹងគឺត្រូវធ្វើម៉េចទប់ទល់ក្រុមបណ្ដាញឧក្រិដ្ឋកម្មមិនថានៅក្នុងខេត្ត ឬមួយក៏ឆ្លងខេត្ត ឬឆ្លងប្រទេស គឺត្រូវតែរួមគ្នាទប់ស្កាត់ឱ្យបាន និងទប់ស្កាត់ឱ្យបានម៉ឹងម៉ាត់ ព្រោះបើខេត្តមានមុខមាត់អាក្រក់ហើយ គឺលំបាកលាងសម្អាតណាស់ ដូច្នេះត្រូវរក្សាឱ្យបាននៅការទប់ស្កាត់បញ្ហានេះ។
– សម្ដេចធិបតី ថ្លែងរំឭកថា កាលពីពេលដែល លោក សរ សុពុត្រា បានទទួលតំណែងជាអភិបាលខេត្តហើយជួបសម្ដេច, សម្ដេចបានផ្ដាំថា «គោលការណ៍ធំមួយដែលបានទទួលការងារ សូមកុំគិតថា តើក្នុងតួនាទីនេះ ខ្ញុំទទួលបាន ខ្ញុំយកបានអីខ្លះ គឺអត់ទេណា, ត្រូវគិតថា ក្នុងការដែលខ្ញុំជាអភិបាលខេត្ត មិនថាខ្ញុំនៅប៉ុន្មានឆ្នាំទេ សំខាន់តើខ្ញុំកសាងស្មាដៃអីខ្លះទុកបន្សល់ដល់ប្រជាជនអ្នកខេត្ត នេះហើយដែលត្រូវជាគោលដៅបានត្រូវ។ បើដាក់មកគ្រាន់តែបានតួនាទី គិតថា តើខ្ញុំនឹងបានអីខ្លះ ផលអីខ្លះចូលខ្ញុំតាមរយៈតួនាទីនោះចប់ហើយ»។
– សម្ដេចធិបតី ថ្លែងថា «តាមរយៈតួនាទីនេះ តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីបន្សល់ទុកជូនប្រទេសជាតិ ដែលជាភារកិច្ចស្នូលក្នុងការបម្រើរាស្រ្ដ នេះគឺជាកិច្ចការសំខាន់។ ដូច្នេះមន្រ្ដីរាជការទាំងអស់ជាពិសេសអ្នកដឹកនាំស្ថាប័ន គឺជាគោលការណ៍ធំណាស់គោលនយោបាយដែលត្រូវ ដូច្នេះត្រូវគិត»។
សូមជម្រាបថា ខេត្តស្ទឹងត្រែង ជាខេត្តមួយស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជា មានព្រំប្រទល់ខាងជើងជាប់ខេត្តពីរនៃប្រទេសឡាវ គឺខេត្តចំប៉ាសាក់ និងខេត្តអត្តពឺ មានបណ្តោយព្រំដែនប្រមាណ ២៥៥គីឡូម៉ែត្រ ចាប់ពីបង្គោលព្រំដែនលេខ២៩ ដល់បង្គោលព្រំដែនលេខ៩៧ ខាងត្បូងជាប់ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ខាងកើតជាប់ខេត្តរតនគិរី និងខាងលិចជាប់ខេត្តព្រះវិហារ និងខេត្តកំពង់ធំ។ ខេត្តស្ទឹងត្រែង ជាតំបន់ខ្ពង់រាប មានវាលទំនាប និងភ្នំខ្ពស់ៗនៅទិសឦសាន។
ខេត្តមានទន្លេបួនហូរកាត់ ហើយទន្លេមេគង្គកាត់ចំកណ្តាលខេត្ត ពីជើងទៅត្បូងចាប់ពីព្រំប្រទល់ប្រទេសឡាវដល់ខេត្តក្រចេះ ជាប្រភពនៃធនធានមច្ឆជាតិ និងប្រព័ន្ធជីវៈចម្រុះ។
ខេត្តស្ទឹងត្រែង មានផ្ទៃដី១២.០១៦គីឡូម៉ែត្រការ៉េ ផ្ទៃដីព្រៃឈើជាង ៦០ភាគរយ ចែកជា៦ក្រុងស្រុក ៣៤ឃុំសង្កាត់ និង១៣៧ភូមិ មានប្រជាជនសរុប ១៩១.០៧១នាក់ ស្មើនឹង៤៦.០៨៣គ្រួសារ ប្រជាជនមានអាយុ១៨ឆ្នាំឡើង ១១៨.៦៤២នាក់ មានអត្រាកំណើនប្រចាំឆ្នាំ៥ភាគរយ ដង់ស៊ីតេប្រជាជន១៦នាក់ ក្នុង១គីឡូម៉ែត្រការ៉េ។
ប្រជាជនក្នុងខេត្តស្ទឹងត្រែង មានមុខរបរកសិកម្ម ជាង៧៦ភាគរយ ពាណិជ្ជកម្ម ៥ភាគរយ សិប្បកម្ម ៤ភាគរយ ចិញ្ចឹមសត្វ ៣ភាគរយ និងនេសាទ ១ភាគរយ។
ផលិតផលក្នុងស្រុកសរុបប្រចាំឆ្នាំ ប្រមាណជា ៣៦៩លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះ ផ.ស.ស. សម្រាប់ប្រជាជនម្នាក់ៗ ១.៧៩០ដុល្លារ អត្រាភាពក្រីក្រស្ថិតក្នុងរង្វង់១៨ភាគរយ។
ខេត្តមានផ្លូវជាតិឆ្លងកាត់៣ខ្សែ គឺផ្លូវជាតិលេខ៧ ផ្លូវជាតិលេខ៩ ផ្លូវជាតិលេខ៧៨ និងមានផ្លូវ តាមបណ្ដោយព្រំដែនប្រមាណ ១៣៧គីឡូម៉ែត្រ ស្ពានឆ្លងកាត់ទន្លេ មានស្ពានសេកុងប្រវែង ១.០៥៧ម៉ែត្រ ស្ពានមេគង្គប្រវែង ១.៧៣១ម៉ែត្រ ស្ពានទន្លេកុងសែនជ័យប្រវែង២៦០ម៉ែត្រ និងស្ពានកោះទន្សាយសែនជ័យ ប្រវែង ២៤០ម៉ែត្រ។
ខេត្តមានទំនប់វារីអគ្គិសនីសេសានក្រោម២ មានអនុភាព៤០០មេហ្កាវ៉ាត់ ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនា ខែធ្នូ ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ និងច្រកទ្វារអន្ដរជាតិត្រពាំងក្រៀល-ណងណុកខៀន បានសម្ភោធដាក់ឱ្យដំណើរការជាផ្លូវការ នាខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន និងលោក ថងលុន ស៊ីស៊ូលីត៕
ដោយ៖ស តារា










