ក្រសួងមហាផ្ទៃ ស្នើឱ្យអភិបាលខេត្តកោះកុង ចាត់វិធានការចំពោះសកម្មភាពឈូសឆាយដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ

ចែករំលែក៖

ខេត្តកោះកុង៖ ក្រសួងមហាផ្ទៃ បានស្នើដល់រដ្ឋបាលខេត្តកោះកុង ពិនិត្យ ដោះស្រាយ ករណីស្នើសុំមោឃភាព លើលិខិតកាន់កាប់ដីធ្លីរបស់ឈ្មោះ សៀង គីមលី ស្របតាមគោលការណ៍ច្បាប់ និងនីតិវិធីជាធរមាន ព្រមទាំងណែនាំដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ឱ្យអនុវត្តឱ្យបានត្រឹមត្រូវតាមលិខិតលេខ ១២២២ សជណ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការគ្រប់គ្រង ការថែរក្សា និងការពារធនធានធម្មជាតិនៅតាមរាជធានី ខេត្តនានា។

 

យោងតាមរយៈលិខិតលេខ ៣០៣.៨ សជណ ចុះថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២៦ ក្រសួងមហាផ្ទៃពិនិត្យឃើញថា រាជរដ្ឋាភិបាល បានសម្រេចចេញអនុក្រឹត្យលេខ ១០៦ អនក្រ.បក ចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ស្តីពីនិរាករណ៍អនុក្រឹត្យលេខ២៤៥ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ស្តីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីទំហំសរុប ៩៣៣ ៥៧៧ ហិកតា ហើយត្រូវបន្តរក្សាជាតំបន់ការពារធម្មជាតិ ដែលត្រូវគ្រប់គ្រងដោយក្រមបរិស្ថាននិងធនធានធម្មជាតិ និងបទប្បញ្ញត្តិជាធរមាន។

 

ផ្អែកតាមស្មារតីមាត្រា៧ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង មាត្រា៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ បានកំណត់ថា “ការបង្កើត ការលុបចោល និងការកែប្រែ ព្រំប្រទល់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវសម្រេចដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ”។ ចំណែកឯ “ការបង្កើត ការលុបចោល និងការកែប្រែព្រំប្រទល់រាជធានី ខេត្ត ត្រូវសម្រេចដោយព្រះរាជក្រឹត្យ តាមសំណើរបស់នាយករដ្ឋមន្ត្រី តាមសេចក្តីស្នើសុំពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ” ដោយអនុលោមតាមមាត្រា៦ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ព្រំប្រទល់ឃុំ សង្កាត់ ត្រូវបានរៀបចំ និង កំណត់ឡើងវិញដោយអនុលោមតាមមាត្រា៨៥ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ឆ្នាំ២០០១ ដែលបានចែងថា “ដើម្បីមានមូលដ្ឋានសម្រាប់រៀបចំបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងគ្រប់គ្រងឃុំ សង្កាត់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃត្រូវចេញប្រកាសអំពីចំនួន ឈ្មោះ និងព្រំប្រទល់របស់ឃុំ សង្កាត់ ក្នុងទឹកដីនៃ ព្រះរាជាណាចក្រកម្ពុជាឱ្យបាន ៩ខែមុនកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នា អាណត្តិដំបូងនេះ”។ អនុវត្តតាមស្មារតីច្បាប់នេះ ក្រសួងមហាផ្ទៃបានដាក់ចេញនូវប្រកាសលេខ ៤៩៣ ប្រក ចុះ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០០១ ស្តីពីការកំណត់ចំនួន ឈ្មោះ និងព្រំប្រទល់ឃុំ សង្កាត់ទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលព្រំប្រទល់ឃុំ សង្កាត់នេះត្រូវបានប្រើប្រាស់រហូតមកដល់ពេលបច្ចុប្បន្ន ប៉ុន្តែព្រំប្រទល់ឃុំ សង្កាត់មួយចំនួន ត្រូវបានធ្វើការកែប្រែជាបន្តបន្ទាប់ ស្របតាមការគ្រប់គ្រងរដ្ឋបាល ការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ ការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងតម្រូវការជាក់ស្តែងរបស់មូលដ្ឋាន ស្របតាមច្បាប់ជាធរមាន។ ទោះបីជាយ៉ាងនេះក្តី ផែនទីព្រំប្រទល់ឃុំ សង្កាត់ដែលបានរៀបចំរួចនេះ ក៏នៅមានចំណុចខ្វះខាតខ្លះនៅពេល ធ្វើការកំណត់ព្រំប្រទល់នៅលើដីជាក់ស្តែងនៅកន្លែងមួយចំនួន ដែលតម្រូវឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិធ្វើការពិនិត្យ រួមគ្នា សម្របសម្រួល និងដោះស្រាយឱ្យបានចប់សព្វគ្រប់នៅកន្លែងដែលពុំទាន់មានភាពច្បាស់លាស់។

...

 

ពាក់ព័ន្ធនឹងករណីខាងលើនេះ ដើម្បីធានាឱ្យការងារកំណត់ព្រំប្រទល់រដ្ឋបាលនៅគ្រប់ថ្នាក់រដ្ឋបាល ដែលនៅមិនទាន់បានពិនិត្យ និងដោះស្រាយបញ្ចប់ បានត្រឹមត្រូវស្របតាមគោលការណ៍ច្បាប់ និងទាន់ពេលវេលា កំណត់ ខ្ញុំសូមធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ត្រូវយកចិត្តទុកដាក់ដឹកនាំជំរុញ និងពិនិត្យដោះស្រាយការងារព្រំប្រទល់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ឱ្យបានចប់សព្វគ្រប់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦។ នៅពេលឯកភាពគ្នាបញ្ចប់ការ ដោះស្រាយរួចរាល់លើខ្សែព្រំប្រទល់រដ្ឋបាល ត្រូវចុះហត្ថលេខាលើកំណត់ហេតុប្រជុំ ផែនទី និងរៀបចំសំណើ សំណុំឯកសារបច្ចេកទេស រួចបញ្ជូនមកក្រសួងមហាផ្ទៃ ដើម្បីមានមូលដ្ឋានគ្រប់គ្រាន់គោរពរាយការណ៍ និងស្នើសុំ គោលការណ៍ពិនិត្យសម្រេចពីប្រមុខរាជរដ្ឋាភិបាល៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print