ភ្នំពេញ ៖ មន្ត្រីរាជបណ្ឌិត្យសភាកម្ពុជាថ្លែងចាត់ទុក ការបន្តផ្តល់ជំនួយមនុស្សធម៌របស់ចិន ជូនដល់ជនភៀសសឹកនៅតាមបណ្តាខេត្ត ឆ្លុះបញ្ចាំងនូវយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ក្នុងនាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ។
ថ្មីៗនេះ លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងសហការី បានអញ្ជើញទៅដល់មណ្ឌលសុវត្ថិភាពជនភៀសសឹកខេត្តព្រះវិហារ ជាលើកទី២ ដើម្បីសួរសុខទុក្ខ និងផ្តល់ជំនួយចាំបាច់ ជូនដល់ប្រជាពលរដ្ឋ ដែលរត់គេចពីតំបន់មានជម្លោះព្រំដែនទាំងនោះ។
លោក ប៉ាង រតនា មន្ត្រីស្រាវជ្រាវ នៃវិទ្យាស្ថានសិក្សាចិន រាជបណ្ឌិត្យសភាកម្ពុជា បានប្រាប់ នៅថ្ងៃទី១២ ខែសីហានេះថា ការផ្តល់ជំនួយមនុស្សធម៌ផ្ទាល់ដៃ នៅតាមបណ្តាខេត្ត គឺឆ្លុះបញ្ចាំងនូវយុទ្ធសាស្ត្រឈ្នះ-ឈ្នះ ក្នុងនាមជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងប្រទេស ទាំងពីរ កម្ពុជា និង ចិន ដែលបានពង្រីកប្រជាប្រិយភាពរបស់ប្រទេសចិន កាន់តែខ្លាំង នៅក្នុងក្រសែភ្នែករបស់ប្រជាជនកម្ពុជា ក៏ដូចជា ការផ្សារភ្ជាប់ដួងចិត្តរវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
«ជាទឹកចិត្តនៃជំនួយមនុស្សធម៌ដ៏មានតម្លៃបំផុត ដែលមាននៅចំពោះមុខ ហើយការដែលជួយគ្នានៅក្នុងគ្រាអាសន្ននេះហើយ ដែលខ្មែរយើងតែងតែនិយមលើកឡើងថា ស្គាល់មិត្តល្អ ក្នុងគ្រាមានអាសន្ន»។
លោកបន្តថា «គឺជាការបង្ហាញនូវទឹកចិត្តមនុស្សធម៌ប្រកបដោយមនោសញ្ចេតនាយ៉ាង ជ្រាលជ្រៅរបស់មិត្តចិនដែលក្នុងនាមជាមិត្តល្អ បានជួយសម្រាលបន្ទុកដ៏លំបាកដែលនៅចំពោះមុខ និង បានឆ្លើយតបទាន់ពេលវេលានូវជំនួយបន្ទាន់សព្វបែបយ៉ាងរួមទាំងផ្នែកស្បៀងអាហារ ជម្រក និងសម្ភារៈ ប្រើប្រាស់ចាំបាច់ផ្សេងៗដល់ជនភៀសសឹកកម្ពុជា ហើយដែលមួយចំណែក បានជួយសម្រួលដល់បន្ទុក របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលភៀសសឹក ហើយដែលអាចឆ្លុះបញ្ចាំងពីប្រទេសចិនចំពោះការលើកកម្ពស់ដល់តម្លៃជីវិត និងសិទ្ធិមនុស្សដែលកំណត់ថា មនុស្សគ្រប់ រូបមានសិទ្ធិទទួលបាននូវការការពារ ទទួលបានស្បៀងអាហារគ្រប់គ្រាន់ មានទីជម្រក និងការថែទាំ សុខភាពជាមូលដ្ឋានក្នុងស្ថានភាពមានគ្រោះអាសន្ន»។
បើតាមលោក ប៉ាង រតនា ដដែល, ការដែលលោកទូតចិនបានចុះសួរសុខ ទុក្ខផ្ទាល់ជាញឹកញាប់ដល់ជនភៀសសឹកនេះ គឺជាការផ្តល់សេចក្តីសង្ឃឹមមួយដល់ជនភៀសសឹកថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលឡើយ ដែលអាចធ្វើឱ្យពួកគេទទួលបាននូវភាពកក់ក្តៅផងដែរ ហើយ ទង្វើនេះក៏ឆ្លុះបញ្ចាំងពីទំនាក់ទំនងក្នុងនាមជាមិត្តដែកថែប ដែលជានិច្ចកាល ចិនបានឈរនៅខាងកម្ពុជា គ្រប់កាលៈទេសៈ ទាំងក្នុងដំណាក់កាលអភិវឌ្ឍន៍ និង ក្នុងស្ថានភាពអាសន្ន ឬ ក៏វិបត្តិផ្សេងៗ៕
ប្រភព ៖ (CCFR)










