ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តម៉ាក BYD ក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តម៉ាក GEELY ទាំងកំរោលចំពីមុខពេញទំហឹងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង ៤ទៀបភ្លឺឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តរងគ្រោះម៉ាក GEELY ពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ2CF-9083 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តមក្នុងទិសដៅពីជើងទៅត្បូង លុះពេលបើកមកដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែគេឃើញមានរថយន្តមួយគ្រឿងទៀតម៉ាក BYD ពណ៌សគ្មានស្លាកលេខ បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន ខណៈមកដល់ផ្លូវកោងរង្វង់មូលវិមានឯករាជ្យក៏ជ្រុលទៅបុករថយន្ត ម៉ាក GEELYចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង តែក្នុងករណីនេះមិនបង្កឲ្យមានមនុស្សរងគ្រោះថ្នាក់នោះទេ ចំណែកតៃកុងរថយន្តបង្កត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំ ។
បន្ទាប់ពីកើតហេតុដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទាក់ទងទៅមន្ត្រីជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










