បង្ក្រាបក្មេងទំនើង ១ក្រុមធ្វើសកម្មភាព យកឧបករណ៍រឹង ស្ទាក់គប់ ទៅលើជនរងគ្រោះកំពុងបើកបរម៉ូតូ បណ្ដាលឲ្យត្រូវចំក្បាល ធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ប៉ុស្តិ៍នគរបាលរដ្ឋបាលជាំក្រវៀន សហការជាមួយ កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស នៅចំណុចលើផ្លូវលំ ស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនជនសង្ស័យ៥នាក់។

ប្រភពបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៦ ដែលបង្កឡើងដោយក្រុមក្មេងទំនើង ១ក្រុមមានគ្នា ៥នាក់បានធ្វើសកម្មភាព យកឧបករណ៍រឹង ស្ទាក់គប់ ទៅលើជនរងគ្រោះកំពុងបើកបរម៉ូតូ មានគ្នាចំនួន២នាក់ បណ្ដាលឲ្យត្រូវចំក្បាល ធ្លាក់ពីលើម៉ូតូរងរបួសធ្ងន់ ។

ក្រោយកើតហេតុ ប៉ុស្តិ៍នគរបាលរដ្ឋបាលជាំក្រវៀន បានសហការជាមួយកម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញជាបន្តបន្ទាប់ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ យកមកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាក សួរ ហើយជនសង្ស័យបានឆ្លើយសារភាពថាពិតជាបានធ្វើសកម្មភាពយកឧបករណ៍រឹង គប់ទៅលើជនរងគ្រោះ នៅចំណុចខាងលើពិតមែន។

លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំមានប្រសាសន៍ថា យើងនឹងមិនលើកលែងជាដាច់ខាតត្រូវតែបង្ក្រាបចំពោះក្មេងទំនើងដែលបានប្រព្រឹត្តខុសធ្ងន់ធ្ងរ ជាពិសេសបទល្មើសព្រហ្មទណ្ឌ។

បច្ចុប្បន្ន សមត្ថកិច្ចបាននឹងកំពុងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print