ខេត្តកំពង់ឆ្នាំង៖ ដោយមានបទបញ្ជាពីលោកឧត្តម សេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងសម្របសម្រួលនីតិវិធីពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំងកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ ព័ន្ធករណីគ្រឿងញៀន។
ប្រភពបានឲ្យដឹងថា វេលាម៉ោង១៤:១៣នាទីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានបញ្ជូនជនសង្ស័យម្នាក់ ឈ្មោះ យ៉ុង មករា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិបឹងលាជ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ទៅអយ្យកាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធករណីរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
វត្ថុតាងដកហូតរួមមាន៖
១.ម្ស៉ៅក្រាមពណ៌សថ្លា(សង្ស័យម៉ាទឹកកក)ចំនួន០៤កញ្ចប់តូច និង១កញ្ចប់ធំ ទម្ងន់៧.៥៥ក្រាម(ថ្លឹងទាំងសំបកវេចខ្ចប់)។
២.ម៉ូតូសង់C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KB-8932 ចំនួន១គ្រឿង។
៣.ទូរសព្ទដៃម៉ាក iPhone ០១គ្រឿង។
៤.ថង់វេចខ្ចប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីអនុវត្តនីតិវិធីបន្ត៕
ដោយ៖ សុរិយា










