សម្ដេចតេជោ ហ៊ុន សែន ណែនាំឱ្យបន្តបង្កើតអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបន្តអំពាវនាវ និងណែនាំឱ្យក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងរាជរដ្ឋាភិបាល បន្តយកចិត្តទុកដាក់បង្កើតអន្តេវាសិកដ្ឋានសម្រាប់ស្ត្រីឱ្យបានកាន់តែច្រើន សំដៅចូលរួមកាត់បន្ថយការលំបាករបស់និស្សិតស្រីដែលមកបន្តការសិក្សា។

 

នៅក្នុងកិច្ចប្រជុំជាមួយប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីក្រីក្រនៅក្នុងរាជធានីភ្នំពេញ ដែលជាគំនិតផ្ដួចផ្ដើម និងការឧបត្ថម្ភពីសម្ដេច រួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងដៃគូនានា មកទល់ពេលនេះសាងសង់សម្រេចបានប្រមាណជាង ៧០% ហើយ។ អគារអន្តេវាសិកដ្ឋាននេះ អាចផ្ទុកនិស្សិតឱ្យស្នាក់នៅបានប្រមាណ ៥០០នាក់ ហើយនឹងត្រូវដាក់ឱ្យដំណើរការនាពេលខាងមុខឆាប់ៗនេះ។

 

បន្ថែមពីលើនេះ សម្ដេចតេជោ បានចង្អុលបង្ហាញថា ការរៀបចំអន្តេវាសិកដ្ឋានមិនត្រូវផ្ដោតតែនៅរាជធានីភ្នំពេញនោះទេ ពោលគឺនៅតាមបណ្ដាខេត្តមួយចំនួនដែលមានសាកលវិទ្យាល័យ ក៏គួររៀបចំឱ្យមានអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីដូចគ្នាផងដែរ។ ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះម្ចាស់ផ្ទះជួលទាំងអស់ ដែលតែងតែយោគយល់ និងផ្តល់ភាពងាយស្រួលដល់និស្សិតក្រីក្រដែលមកពីតាមជនបទទាំងបុរស និងស្ត្រីកន្លងមក៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print