សម្តេច ម៉ែន សំអន៖ ជំរុញឱ្យសមាគមសហគ្រិនស្ត្រីកម្ពុជា បន្ដការទទួលខុសត្រូវ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋា ភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ

ចែករំលែក៖

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានអនុញ្ញាតិឲ្យ លោកស្រី ចាន់ ភារី ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាអាណត្តិទី៥ រួមជាមួយសមជិកាសរុបចំនួន៣២នាក់ ចូលជួបសម្តែងការគួរ សម និងពិភាក្សាការងារ នៅវិមាន៧មករា នៅរសៀល ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦។

     លោកស្រី   ចាន់ ភារី បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនៈភាពការងាររបស់សហគ្រិនស្ត្រីកម្ពុជា ដែលបានអនុវត្តកន្លងមក និងលើកឡើងអំពីប្រវត្តិ គឺចាប់ផ្តើមពីឆ្នាំ២០១១ និងបានដាក់ឲ្យអនុវត្ត នៅឆ្នាំ ២០១២ ក្រោមគំនិតផ្តួចផ្តើមរបស់ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដោយមាន សមាគមសហគ្រិនស្រ្តីកម្ពុជា ការិយាល័យកណ្តាល (ភ្នំពេញ) និង សាខាខេត្ត ចំនួន៥ ទៀត សៀមរាប កំពង់ធំ កោះកុង បាត់ដំបង រតនគិរី។ សហគ្រិនស្ត្រីកម្ពុជា បានលើកទឹកចិត្ត និងស្វែងយល់អំពីបញ្ហាប្រឈម ក្នុងនោះគឺមានស្ត្រី ៣០% ជួបបញ្ហាលើអាជីវកម្ម និងបញ្ហាស្វែងរកទីផ្សារ ពាក់ព័ន្ធនឹងកម្មន្តសាល និងការប្រឈមនឹងការឆបោកអនឡាញផងដែរ។ ទន្ទឹមនឹងនោះ គឺមាន ១០% គឺជួបវិប្បត្តិផ្លូវចិត្ត ក្រោយវិប្បត្តិកូវីដ១៩ និងបញ្ហាសង្គ្រាមព្រំដែនកន្លងមក។ 

     លោកស្រី ចាន់ ភារី បាន្តទៀតថា នៅក្នុងអណ្តិតទី ៥ ដាក់ចេញសសរស្តម្ភចំនួន ៥ ដើម្បីធានាប្រសិទ្ធិភាពការងាររបស់ខ្លួន រួមមាន ៖ ទី១  WE Academy ៖ ផ្តោតលើការបណ្តុះបណ្តាល កសាងសមត្ថភាព ចំណេះដឹងជំនាញអាជីវកម្ម និងបច្ចេកវិទ្យា។ ទី២ WE Share (ការចែករំលែក)៖ វេទិកាចែករំលែកបទពិសោធន៍ ចំណេះដឹង និងការកសាងអភិបាលកិច្ចល្អក្នុងសហគ្រាស។ ទី៣. WE Talk (វេទិកាពិភាក្សា)៖ កិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ និងបញ្ហាប្រឈមនានាក្នុងវិស័យធុរកិច្ច។ ទី៤. WE Market Hub (មជ្ឈមណ្ឌលទីផ្សារ)៖ ការពង្រីកបណ្តាញទំនាក់ទំនងពាណិជ្ជកម្ម និងឱកាសទីផ្សារផលិតផល/សេវាកម្ម និង ទី៥.WE Financial Support Hub (មជ្ឈមណ្ឌលគាំទ្រហិរញ្ញវត្ថុ)៖ ជំរុញការយល់ដឹងពីការគ្រប់គ្រងហិរញ្ញវត្ថុ និងកិច្ចសម្រួលក្នុងការទទួលបានប្រភពទុនហិរញ្ញវត្ថុ។

      ជាការឆ្លើយតប សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអរគុណដល់ លោកជំទាវ ចាន់ សុភារី ដែលបានដឹកនាំសមាគមសហគ្រិនស្ត្រីកម្ពុជានៅក្នុងអណត្តិទី៥ របស់ខ្លួនទួលបានលទ្ធផលគួរជាទីមោទនៈស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ក្នុងអណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការប្រមូលផ្តុំស្ត្រីមកពីគ្រប់បណ្តារាជធានីខេត្ត តាមរយៈ ការបង្កើន និងបង្កើតបាននូវកិត្តិយសសហគ្រិន ពង្រឹងទំនាក់ទំនង ក៏ដូចជាការពង្រីកអាជីវកម្មរបស់ខ្លួនឱ្យ ទទួលបានជោគជ័យស្របតាមការវិវត្តន៍និងការរីកចម្រើនរបស់ប្រទេស ក៏ដូចជា ការវិត្តន៍ឥតឈប់ឈររបស់បច្ចេកវិទ្យាឌីជីថល។តាមរយៈ ការសំណេះសំណាល នាពេលនេះ នឹងបានចែករំលែកគ្នាអំពីស្នាដៃ និងសមិទ្ធិផលកន្លងមករបស់ស្ត្រីសហគ្រិន ដែលស្ត្រីបានដឹកនាំអាជីវកម្មឆ្លងកាត់ការពុះពារការលំបាក ដើម្បីសម្រេចបានជោគជ័យមិនត្រឹមតែគ្រួសាររបស់ខ្លួនទេ តែបានជួយផ្តល់នូវការងារ សម្រាប់ប្រជាពលរដ្ឋពិសេស ស្ត្រីអាចបង្កើនចំណូលសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ក៏ដូចជាចូលរួមអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ 

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានគាំទ្រ នូវសសរស្តម្ភទាំង៥ដែលសហគ្រិនស្ត្រី កម្ពុជាបានដាក់ចេញ និងរួមគ្នាអនុវត្ត និងឲ្យសម្រេចតាមផែនការដែលបានកំណត់ និងចូលរួមផ្សព្វផ្សាយនូវសមិទ្ធិផលរបស់ខ្លួនជូនដល់ថ្នាក់ដឹកនាំ និងឲ្យបានទូលំទូលាយ៕. ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print