ភ្នំពេញ ៖ ចៅក្រមក្រមស៊ើបសួរអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួន ជនត្រូវចោទជានារី ដែលជេរប្រមាថកងទ័ពជួរមុខ ជាបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី២ ក្រោមការចោទប្រកាន់ពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថចំពោះអ្នករាជការសាធារណៈតាមមាត្រា៤៧២ និងមាត្រា៥០២ នៃក្រមព្រហ្មទណ្ឌ។
សូមជម្រាបថា នៅវេលាម៉ោងប្រមាណជិត ៨ ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ កម្លាំងនគរបាលរាជធានីភ្នំពេញ បាននាំខ្លួនស្ត្រីជាម្ចាស់ហាងទូរស័ព្ទម្នាក់ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ និងបំភ្លឺជុំវិញករណីដែលត្រូវបានចោទប្រកាន់ថា បានជេរប្រមាថទៅលើកងទ័ពជួរមុខ។ នេះជាការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ការនាំខ្លួនស្ត្រីរូបនេះ ធ្វើឡើងបន្ទាប់ពី ស្ត្រីជាម្ចាស់ហាងទូរស័ព្ទខាងលើ បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យ និងជេរប្រមាថខ្លាំងៗដល់កងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិរឿងទិញទូរសព្ទមួយគ្រឿង។
ករណីនេះបានបង្កឱ្យមានការភ្ញាក់ផ្អើល និងប្រតិកម្មពីសាធារណជនពេញបណ្តាញសង្គម ដែលយល់ថា ការប្រមាថដល់កងទ័ពជួរមុខ គឺជាទង្វើដែលមិនអាចទទួលយកបាន។
ករណីនេះក៏ជាការក្រើនរំលឹកដល់សាធារណជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ពាក្យសម្តី ជាពិសេសលើបណ្តាញសង្គម ដើម្បីជៀសវាងការប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ដែលជាការប្រឈមមុខនឹងផ្លូវច្បាប់។
សូមបញ្ជាក់ថា ៖ បន្ទាប់ពីមានចំណាត់ការ ភ្លាមៗពីសំណាក់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទៅលើនារីលក់ទូរស័ព្ទ ដែលបានជេរប្រមាថ មកលើកងទ័ពយើងរួចមក ។ ឃើញថាបងប្អូនប្រជាពលរដ្ឋ និង កងទ័ពនៅជួរមុខទាំងអស់មានការសាទរជាខ្លាំង ។ នេះសបញ្ជាក់ពីការ យកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរបស់ លោកស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងកងកម្លាំងដែលបានចុះទៅកោះហៅ នារីនោះរងចាំ១យប់ទល់ភ្លឺ ហើយត្រូវដេកចាំរហូតដល់ព្រឹកទើបនាងព្រមចូលខ្លួនមកទទួលខុសត្រូវចំពោះមុខច្បាប់ ។
បច្ចុប្បន្ន ជនត្រូវចោទរូបនេះ កំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី២ រងចាំការជំនុំជំរះក្តី៕ ដោយ រ៉ារ៉ា










