ខេត្តក្រចេះ៖ យោងតាមទិន្នន័យពីស្ថានីយជលសាស្ត្រខេត្តក្រចេះ នាព្រឹកថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៦នេះ កម្ពស់ទឹកបានកើនឡើងដល់ ២០.៤៩ ម៉ែត្រ ខណៈកម្រិតប្រុងប្រយ័ត្ន (២២.០០ ម៉ែត្រ)។
ជាក់ស្ដែងស្ថានភាពកម្ពស់ទឹកទន្លេមេគង្គ នៅក្នុងខេត្តក្រចេះកំពុងហក់ឡើងខ្ពស់ជាបន្តបន្ទាប់ ដោយបានហូរចូលក្រោមផ្ទះប្រជាពលរដ្ឋមួយចំនួន ដែលរស់នៅតាមបណ្តាស្រុកនានាជាប់ដងទន្លេ។
បើតាមមេឃុំបុសលាវ លោក ណៃ ឃី បានវាយតម្លៃជុំវិញស្ថានភាពនេះ កាលពីរសៀលថ្ងៃទី ១៤ ខែសីហា ម្សិលមិញនេះថា ទោះបីជាទឹកចាប់ផ្តើមហូរចូលក្រោមផ្ទះពលរដ្ឋជាបណ្តើរៗក្តី ប៉ុន្តែមិនទាន់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់មនុស្ស សត្វពាហនៈ និងដំណាំរួមផ្សំនោះទេ។ ម្យ៉ាងវិញទៀត ជំនន់នាពេលនេះ បានកំពុងហូរចូលពេញអាងស្តុកទឹក ព្រែក និងបឹងបួរ ដែលផ្តល់អំណោយផលល្អសម្រាប់កសិករធ្វើស្រែប្រដេញទឹក ប្រសិនបើទឹកស្រកទៅវិញក្នុងរយៈពេលខ្លី។
ប៉ុន្តែទោះជាយ៉ាងណា លោកមេឃុំរូបនេះ បានបញ្ជាក់បន្ថែមថា ឃុំបុសលាវអាចប្រឈមការរងគ្រោះធ្ងន់ធ្ងរ ប្រសិនបើទឹកទន្លេបន្តហក់ឡើងខ្ពស់ចន្លោះពី ២២ ទៅ ២៣ ម៉ែត្រ។ ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ អាជ្ញាធរឃុំបុសលាវបានចាត់វិធានការជាមុន ដោយចុះផ្សព្វផ្សាយដំណឹងដល់ពលរដ្ឋ រួមទាំងរៀបចំសម្អាតទីទួលសុវត្ថិភាព ត្រៀមកម្លាំងអន្តរាគមន៍ និងមធ្យោបាយដឹកជញ្ជូនរួចជាស្រេច ដើម្បីត្រៀមជម្លៀសប្រជាពលរដ្ឋ សត្វពាហនៈ និងទ្រព្យសម្បត្តិកាលណាមានសភាពការណ៍បន្ទាន់។
សូមជម្រាបជូនថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ ក៏បានបើកកិច្ចប្រជុំបន្ទាន់មួយ ដឹកនាំដោយលោក ដួង ពៅ អភិបាលរងខេត្ត ក្នុងគោលបំណងផ្សព្វផ្សាយ «សៀវភៅផែនការត្រៀមបម្រុងសម្រាប់ឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត» ព្រមទាំងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រ ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាចំពោះការគំរាមកំហែងពីជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្ត្រខេត្តទាំងមូល៕
ដោយ៖តារា










