ខេត្តបាត់ដំបង÷ កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៥:០០នាទី ដោយអនុវត្តនូវបទបញ្ជាយ៉ាងហ្មឹងម៉ាត់ពី នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អនុវត្តតាមយោបល់ដឹកនាំរបស់ លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយ លោក វរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោក ប៉ុស្តិ៍ស្វាយចេក បានធ្វើការទប់ស្កាត់ ករណីការទទួលយកមនុស្ស ដោយមានគោលដៅជួយដល់ជនល្មើស ឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ នៅត្រង់ចំណុចមុខធនាគារហ្វីលីព ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ រួមមាន :
១- ឈ្មោះ ឆាយ មាស ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ(មេខ្យល់ )មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
២- ឈ្មោះ គឹម ចាន់ណា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ(អ្នកដឹកជញ្ជូន) មានទីលំនៅភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។
៣- ឈ្មោះ ខាត់ ណាង ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរ(រត់តាក់ស៊ី )មានទីលំនៅភូមិគោកសុក្រំ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង ។ សង្ស័យទាំង០៣នាក់ ត្រូវនាំមកកាន់អធិការដ្ឋាននគរបាលស្រុកកំរៀង ដេីម្បីសួរនាំបន្ត ។
វត្ថុតាងចាប់យកបានរួមមាន : – រថយន្ត ០១គ្រឿង ម៉ាក Toyota Sienta ស្លាកលេខភ្នំពេញ 2AK-3627, – ម៉ូតូកង់បី ០១គ្រឿង គ្មានស្លាកលេខ , – ទូរសព្ទដៃចំនួន ០៣គ្រឿង ព្រមទាំងពលករចំនួន ០៩នាក់ ស្រី ០៥នាក់ អនីតិជន ០២នាក់ ។
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យទាំង៣នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានទទួលយកពលករ និងជួយដឹកជញ្ជូន ដើម្បីឱ្យឆ្លងដែនខុសច្បាប់ចូលទឹកដីថៃ ដោយទទួលថ្លៃឈ្នួលពីម្នាក់ ៤០០០បាត ពិត ប្រាកដមែន។
បច្ចុប្បន្ន កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត បាត់ដំបង ដើម្បីចាត់វិធានការបន្តតាមនីតិវិធី៕
ដោយ៖ សុរិយា










