ឃាតកម្មសម្លាប់បុរសម្នាក់​ រួច​ចងភ្ជាប់​ដុំថ្មទម្លាក់ទឹកស្រះ បំបាត់ភស្តុតាង រហូតសពអណ្តែត ទើបអ្នកភូមិប្រទះឃើញ​

ចែករំលែក៖

ខេត្ត​ស្ទឹង​ត្រែង ​៖ ​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​កំពុងបើក​ការ​ស្រាវជ្រាវ​យ៉ាង​ក្តៅ​គគុក ដើម្បី​តាម​ស្វែង​រកមុខសញ្ញា​ ជន​ដៃដល់ ក្នុង​ករណី​ឃាតកម្ម​សម្លាប់​បុរស​ម្នាក់​ ដោយ​វាយ​បំបែក​ក្បាល រួច​ចងភ្ជាប់​នឹង​ដុំ​ថ្ម​ទម្លាក់​ទឹកស្រះ ដើម្បី​បំបាត់ភស្តុតាង ស្ថិតនៅ​ក្នុងស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង ២:០០ នាទី​រសៀល ថ្ងៃ​ទី​១៤ ខែ​សីហា ឆ្នាំ​២០២៦ កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បាន​ចុះ​ពិនិត្យ​សាកសព​បុរស​ម្នាក់ ដែល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​ក្នុង​ស្រះ​ទឹក ចំការ​ស្វាយ

ចន្ទី​របស់​ឈ្មោះ ប៉ា​ង ហៀ​ម ស្ថិត​នៅ​ចំណុច​ប្រឡាយ​ថ្ម ភូមិ​មន ឃុំ​អន្លង់​ជ្រៃ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្ត​ស្ទឹងត្រែង​។

ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ឈ្មោះ រិ​ន សា​រ៉ាត់ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ប្រតិបត្តិការ​ពិនិត្យ​កោសល្យវិច័យ​នេះ ត្រូវ​បាន​ដឹកនាំ​ផ្ទាល់​ដោយ​វរ​សេនីយ៍​ឯក ទិ​ត្យ សុវណ្ណ​នី អនុ​ផែន និង​លោក​វីរ​សេនីយ៍​ឯក ដួង ស៊ី​វុ​ត្ថា នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ដោយ​មានការ​ចូលរួម​ពី​ការិយាល័យ​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ គ្រូពេទ្យ​មណ្ឌល​សុខភាព​ឃុំ​អន្លង់​ជ្រៃ អាជ្ញាធរ​ដែនដី និង​សាច់ញាតិ​ជន​រង​គ្រោះ​។

ផ្អែក​តាម​លទ្ធផល​នៃ​ការ​ពិនិត្យ​ជាក់ស្តែង សមត្ថកិច្ចបាន​រក​ឃើញ​ថា សាកសព​មាន​សភាព​ស្អុយរលួយ​និង​ហើម​ខ្លាំង ដោយ​មាន​ស្នាម​បែក​លលាដ៍ក្បាល​ផ្នែក​ខាង​មុខ និង​បែក​ផ្ទៃមុខ​រហូត​ដល់​ចង្កា​។ អ្វី​ដែល​កត់សម្គាល់​នោះ គឺ​នៅ​ក្រោម​សាកសព​មាន​ចងខ្សែ​នីឡុង​ភ្ជាប់​ទៅ​នឹង​ដុំ​ថ្ម​ចំនួន ២​ដុំ ដែល​មាន​ទម្ងន់​សរុប​ប្រមាណ​ជាង ១០​គីឡូក្រាម នៅ​ត្រង់​ចង្កេះ និង​មាន​កន្សែង​រុំ​ក​.​ថែម​ទៀត​ផង​។

តាម​ការ​សន្និដ្ឋាន​បឋម​របស់​ក្រុមការងារ​ជំនាញ ករណី​នេះ​គឺជា អំពើ​ឃាតកម្ម ដោយ​ជនល្មើស​បាន​វាយ​សម្លាប់​ជន​រង​គ្រោះ​នឹង​វត្ថុ​រឹង រួច​ទម្លាក់​ទឹក​បំបាត់ភស្តុតាង​។​ប្រភព​ដដែល​បាន​បន្ត​ថា ជន​រង​គ្រោះ​បាន​បាត់​ខ្លួន​តាំង ពី​អំឡុង​ថ្ងៃ​ទី​៧ ឬ​ទី​៨ ខែសីហា មក​ម្ល៉េះ ប៉ុន្តែ​សមត្ថកិច្ច និង​អាជ្ញាធរ​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​ភ្លាម​ៗ​នោះ​ទេ រហូត​ដល់​ថ្ងៃ​ទី​១៤ ខែសីហា ទើប​មាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ រួច​រាយការណ៍​ជូន​សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីតាំង​កើត​ហេតុតែ​ម្តង​។

ក្រោយ​បញ្ចប់​ការ​កោសល្យវិច័យ កម្លាំង​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុ​តាង​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អន្លង់​ជ្រៃ​ជា​បណ្តោះអាសន្ន​និង​បាន​រាយការណ៍​ជូន​លោក យ៉ុ​ង សុក​ឃឿ​ន ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត។ ដោយ​មានការ​អនុញ្ញាត​ពី​តំណាង​អយ្យការ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

បច្ចុប្បន្ន កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ ដើម្បី​តាម​ស្វែងរក​អត្តសញ្ញាណ និង​ចាប់ខ្លួន​ជន​ដៃដល់ យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ជា​ធរមាន​៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print