ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមលើសំណុំរឿងចំនួន៣ ពាក់ព័ន្ធនឹងក្រុមហ៊ុន «ពិភពដីមាស» ដោយសម្រេចផ្តន្ទាទោសអតីតឧកញ៉ា ហ៊ី គីមហុង ឱ្យជាប់ពន្ធនាគារសរុប ១៥ឆ្នាំ និងបង្គាប់ឱ្យជនជាប់ចោទសងប្រាក់ទៅជនរងគ្រោះជាង ៣៣លានដុល្លារអាមេរិក នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ។
តាមសាលក្រម អតីតឧកញ៉ា ហ៊ី គីមហុង រួមជាមួយឈ្មោះ ប្រាក់ ពិន និង ចេង សង្ហាក់ ត្រូវបានផ្តន្ទាទោសម្នាក់ៗ ៥ឆ្នាំ ក្នុងមួយសំណុំរឿង ហើយដោយមានសំណុំរឿងចំនួន៣ ត្រូវជាប់ពន្ធនាគារសរុបម្នាក់ៗ១៥ឆ្នាំ ព្រមទាំងពិន័យជាប្រាក់ម្នាក់ៗចំនួន៣០លានរៀល បង់ចូលថវិការដ្ឋ។ ជាមួយគ្នានេះ ជនជាប់ចោទចំនួន២១នាក់ផ្សេងទៀត ក៏ត្រូវបានតុលាការផ្តន្ទាទោសពាក់ព័ន្ធនឹងសំណុំរឿងទាំង៣ ដោយម្នាក់ៗត្រូវជាប់ពន្ធនាគារ២ឆ្នាំ ក្នុងមួយសំណុំរឿង សរុប៦ឆ្នាំ និងពិន័យជាប្រាក់ម្នាក់ៗចំនួន១២លានរៀល។
សូមបញ្ជាក់ដែរថា សំណុំរឿងដែលតុលាការលើកយកមកជំនុំជម្រះនេះ ពាក់ព័ន្ធនឹង បទឆបោកមានស្ថានទម្ងន់ទោស ជាក្រុមចាត់តាំង ប្រព្រឹត្តនៅរាជធានីភ្នំពេញ ក្នុងអំឡុងឆ្នាំ២០២១ ដល់ឆ្នាំ២០២២ និងបន្តដល់ឆ្នាំ២០២៣ តាមមាត្រា៣៨០ នៃក្រមព្រហ្មទណ្ឌ ព្រមទាំង បទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដែលប្រព្រឹត្តកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។ ចំណុចសំខាន់មួយទៀតក្នុងសាលក្រមនេះ គឺ តុលាការបានបង្គាប់ឱ្យជនជាប់ចោទ សងប្រាក់ទៅជនរងគ្រោះសរុបជាង៣៣លានដុល្លារអាមេរិក ដើម្បីដោះស្រាយការខូចខាតដែលពាក់ព័ន្ធនឹងសំណុំរឿងនេះ។ លើសពីនេះ តុលាការក៏បានដាក់បម្រាមមិនឱ្យជនជាប់ចោទចេញទៅក្រៅប្រទេស និងកំណត់លក្ខខណ្ឌមួយចំនួនផ្សេងទៀតតាមច្បាប់។
ជុំវិញសំណុំរឿងនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនអតីតឧកញ៉ា ហ៊ី គីមហុង និងក្រុមអង្គរក្សសរុប១៤នាក់ កាលពីរសៀលថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការក្រុមហ៊ុន «ពិភពដីមាស» ស្ថិតនៅភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ការចាប់ខ្លួននៅពេលនោះ ត្រូវបានធ្វើឡើងតាមដីកា ពាក់ព័ន្ធនឹងបទចោទប្រកាន់ជាច្រើន រួមមានបទឆបោកមានស្ថានទម្ងន់ទោស ការញុះញង់ឱ្យប្រព្រឹត្តប្រឆាំងនឹងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់៕ជ្រោយពេជ្រ










