ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តម៉ាក Range Rover មួយគ្រឿងឡើងកាត់ទទឹងផ្លូវរួចបួងចង្កូតបត់ក៏ជ្រុលទៅបុករថយន្តធុនធំដែលកំពុងតែបើកតាមផ្លូវត្រង់បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០:៣០នាទីយប់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅលើមហាវិថីចោមចៅ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តម៉ាកRange Rover ពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2AG-6030 ធ្វើដំណើរចេញពីផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងឆ្លងកាត់ទទឹងផ្លូវ រួចបួងចង្កូតបត់ឆ្វេងក៏ជ្រុលទៅបុករថយន្តដឹកទំនិញធុនធំមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3B-4898 ដែលបើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវចោមចៅក្នុងទិសដៅពីកើតទៅលិច ចំកាងចំហៀងខាងឆ្វេងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ភ្លាមៗនោះរថយន្តធុនធំក៏បន្តល្បឿនបើកទៅមុខតែត្រូវសមត្ថកិច្ចតាមឃាត់បាននាំមកកន្លែងកើតហេតុវិញ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ខណ្ឌមានជ័យបានចុះទៅដល់ធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










