ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយបុរសម្នាក់បានបើករថយន្តម៉ាក GAC មួយគ្រឿងបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យរងការខូចខាតរួចព្យាយាមបើករត់ តែកម្លាំងសមត្ថកិច្ចដេញតាមឃាត់បានមកវិញ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៩ និង ៥០នាទីយប់ថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៦ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវលេខ២៦១ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្ត១គ្រឿងម៉ាក GAC ពាក់ស្លាកលេខភ្នំពេញ2AT-6155 តាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុរថយន្តបានរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកអស់មួយកង់ ហើយអ្នកបើកបរព្យាយាមបើករត់ចេញពីកន្លែងកើតហេតុ តែត្រូវកម្លាំងសមត្ថកិច្ចតាមដេញឃាត់បានមកវិញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញខណ្ឌបាននាំអ្នកបើកបរនិងរថយន្តមកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីមកយករថយន្តនិងអ្នកបើកបរទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ សីហា សែនសុខ










