សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយអាចារ្យ អាចារិនី

ចែករំលែក៖

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសលើកទី១១ ចំនួនជាង១ពាន់នាក់ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។

 

សូមជម្រាបជូនថា ពិធីសំណេះសំណាលនាពេលនេះ កើតចេញពីមនុញ្ញផល នៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់ វិស័យរបស់សង្គមជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ វែងឆ្ងាយ និងភាពប្រាកដនិយមរបស់សម្តេចធិបតីនាយករដ្ឋមន្តី និងការរួមចំណែកគាំទ្រពីភាគីពាក់ព័ន្ធនានា បានធ្វើឱ្យសាសនា ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរយើង រក្សាបានយ៉ាងខ្ជាប់ខ្ជួននូវ អត្តសញ្ញាណរបស់ខ្លួន រហូតមកទល់បច្ចុប្បន្ននេះ។

 

សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖

 

– សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំឱ្យមានការសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសជារៀងរាល់ឆ្នាំ បានកំពុងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃ និងតួនាទីរបស់អាចារ្យ អាចារិនីនៅក្នុងសង្គមខ្មែរស្របតាមទិសស្លោក «អាចារ្យល្អ វប្បធម៌រីកចម្រើន សហគមន៍រុងរៀង»។

 

-សម្ដេចធិបតី ថ្លែងថា អាចារ្យ អាចារិនី គឺជាអ្នកថែរក្សាប្រពៃណី និងទំនៀមទម្លាប់ ពង្រឹងសាមគ្គីភាពនៅមូលដ្ឋាន អប់រំកុមារ និងយុវជន សាបព្រោះបណ្ដុះគុណធម៌ សីលធម៌ និងសុជីវធម៌ និងជាតំណភ្ជាប់រវាងព្រះពុទ្ធសាសនា គ្រួសារ សហគមន៍ និងសង្គមរបស់ជាតិខ្មែរ។

 

– សម្ដេចធិបតី ថ្លែងសម្ដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់ អាចារ្យ អាចារិនីនៅទូទាំងប្រទេសដែលបានចូលរួមជាមួយរាជរដ្ឋាភិបាលនៅក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនានៅកម្ពុជា ព្រមទាំងប្រឹងប្រែងថែរក្សាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អផូផង់របស់ជាតិខ្មែរយើង។

 

– សម្ដេចធិបតី ថ្លែងលើកទឹកចិត្តដល់អាចារ្យ អាចារិនី សូមបន្តបេសកកម្មដ៏ឧត្តុងឧត្តមរបស់ខ្លួនដោយប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តចូលរួមថែរក្សាការពារ និងផ្សព្វផ្សាយព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីចូលរួមចំណែកកសាងសង្គមកម្ពុជាប្រកបដោយសាមគ្គីភាព សុខុមរម្យនា និងវិបុលភាព។

 

– សម្ដេចធិបតី ថ្លែងថា «អាចារ្យ គឺជាអ្នកដឹកនាំផ្លូវចិត្ត ជាអ្នកបង្ហាត់បង្រៀន និងជាសរសរទ្រូងក្នុងការភ្ជាប់រវាងវត្តអារាម និងព្រះពុទ្ធសាសនា»។

 

-សម្ដេចធិបតី មើលឃើញថា ជាទូទៅនៅពេលដែលយើងទៅវត្តអាចស្ដាប់ព្រះសង្ឃ ទាល់តែយើងទៅចូលវត្តដោយផ្ទាល់… ប៉ុន្ដែអាចារ្យ គឺគាត់កាន់មេក្រូនៅខាងក្រៅតែម្ដងហើយក៏មិនគ្រាន់តែសូត្រធម៌អមជាមួយព្រះសង្ឃដែរ តែគាត់ក៏មានការអប់រំទូទៅតែម្ដង ខណៈសម្ដេចបានរំឭកថា កាលសម្ដេចនៅពីក្មេងពេលទៅវត្តទោះសម្ដេចមិនបានចូលទៅស្ដាប់ព្រះសង្ឃដោយផ្ទាល់ តែបានស្ដាប់អាចារ្យអប់រំ ណែនាំនៅខាងក្រៅ។

 

– សម្ដេចធិបតី ថ្លែងថា អាចារ្យ មានតួនាទីសំខាន់ នៅក្នុងការរៀបចំពិធីបុណ្យ ពិធីសាសនា ឬមង្គលការ ដោយសម្ដេចគាំទ្រដល់ក្រសួងធម្មការ និងសាសនា ចំពោះការយកចិត្តទុកដាក់លើការបណ្ដុះបណ្ដាលស្ដង់ដារួម។

 

– សម្ដេចធិបតី ថ្លែងអំពាវនាវឱ្យរៀបចំពិធីអ្វីមួយត្រូវមានស្តង់ដា សង្គតិភាព ព្រោះវប្បធម៌តែមួយ ជាតិតែមួយ ទំនៀមទម្លាប់តែមួយ បើក្លាយត្រូវក្លាយទៅជាមួយគ្នា កុំមួយឆ្វេងមួយស្ដាំ បកស្រាយខុសគ្នា។ បើកម្មវិធីមួយអាចារ្យពីរ ហើយមិនស្របគ្នាបង្កឱ្យខូចពិធី។ អាចារ្យដើរតួនាទីសំខាន់ក្នុងការថែរក្សាទំនៀមទម្លាប់ដែលមានភាពច្បាស់លាស់ណាស់ ដែលត្រូវបន្តអនុវត្ត ព្រោះពុទ្ធបរិស័ទអ្នករៀបពិធីគឺជឿអាចារ្យ ដែលជាអ្នកដឹកនាំរៀបចំ មិនមែនព្រះសង្ឃនោះឡើយ។

 

– សម្ដេចធិបតី ថ្លែងណែនាំដល់អាចារ្យថា បើសិនជាចង់កាត់ពិធីសាសនា ឬពិធីនៅក្នុងមង្គលការណាមួយ គឺត្រូវមានការឯកភាពគ្នាឱ្យបានត្រឹមត្រូវក្នុងការធ្វើ ដោយសម្ដេចគាំទ្រថា បច្ចុប្បន្នពលរដ្ឋមិនអាចមានពេលធ្វើពិធីមង្គលការរហូតដល់រយៈពេលជាងបីថ្ងៃដូចពីមុនទៀតទេ ដូច្នេះការប្រែប្រួលនេះ យើងត្រូវទទួលស្គាល់ ប៉ុន្ដែត្រូវមានក្រឹត្យក្រមច្បាស់លាស់កុំឱ្យបាត់អត្តសញ្ញាណរបស់ខ្មែរ ជាពិសេសបារម្ភបំផុតគឺការចម្លងអត្តសញ្ញាណខុសដែលនេះគឺជាបញ្ហា។

 

– សម្ដេចធិបតី ថ្លែងថា ទំនៀមទម្លាប់ធំណាស់ ហើយពិភពលោកប្រែប្រួល បច្ចេកវិទ្យាធ្វើឱ្យមនុស្សមានភាពជឿនលឿនដូចគ្នា ប៉ុន្ដែអ្វីដែលមិនអាចឱ្យប្រទេសមួយដូចគេដូចឯងនោះ គឺជាអត្តសញ្ញាណជាតិ វប្បធម៌ ទំនៀមទម្លាប់។

 

– សម្ដេចធិបតី ថ្លែងថា អីចឹងទើបអាចារ្យ អាចារិនី មានតួនាទីសំខាន់ណាស់ ហើយនៅក្នុងពិធីសាសនាខ្មែរ ព្រះពុទ្ធសាសនា យើងអត់ទាន់មានប្រែទេ។ តួនាទីសំខាន់របស់អាចារ្យ គឺការអប់រំសីលធម៌ ផ្សព្វផ្សាយប្រពៃណី ទំនៀមទម្លាប់ខ្មែរ និងផ្សព្វផ្សាយសុខុដម្យណីយកម្មនៅក្នុងប្រទេសកម្ពុជា នេះគឺជាកិច្ចការសំខាន់ព្រោះការអប់រំសីលធម៌មានសារៈសំខាន់នៅក្នុងសង្គម ដែលកាន់តែទំនើប កាន់តែសម្បូរបែប។

 

– សម្ដេចធិបតី ថ្លែងថា នាសម័យទំនើបនេះ ការធ្វើទំនើបកម្មរបស់មនុស្សជាការចាំបាច់នៅក្រៅខ្លួន ដូចជា សម្ភារៈ របកគំហើញផ្សេងៗ តែក្នុងខ្លួនចាំបាច់ត្រូវតែរក្សានូវសីលធម៌ និងគុណធម៌ ដែលបង្កើតភាពត្រឹមត្រូវ និងស្មោះត្រង់ ដែលជាតម្លៃធំណាស់ មិនថាអ្នកនៅក្នុងវិស័យធុរកិច្ច រដ្ឋ នយោបាយសង្គមកិច្ច ការទទួលខុសត្រូវ និងស្មោះត្រង់ គឺសំខាន់។

 

– សម្ដេចធិបតី ថ្លែងថា យើងមិនអាចហាមឃាត់សេរីភាព មិនឱ្យពលរដ្ឋ និងយុវជនយើង មើលភាពយន្តបរទេស រៀនស្រាវជ្រាវពីវប្បធម៌បរទេសនោះទេ និងយើងក៏មិនអាចឱ្យប្រជាជនយើងនៅតែអភិរក្សគ្រប់ជ្រុងនោះទេ អីចឹងការប្រែប្រួលរបស់ពលរដ្ឋរបស់យើងនៅក្នុងសម័យទំនើបវានឹងប្រែប្រួលទៅលើតម្រូវការរបស់ពួកគាត់ ប៉ុន្ដែមូលដ្ឋានគ្រឹះនៃសីលធម៌ គុណធម៌ត្រូវតែមាន។

 

– សម្ដេចធិបតី ថ្លែងថា«យើងមិនអាចទប់នូវការអភិវឌ្ឍជឿនលឿនបានទេ ប៉ុន្ដែអ្វីដែលយើងអាចទប់ និងជួយទប់បាន គឺការកែប្រែនូវអត្តចរិក និងឥរិយាបថមនុស្សនៅក្នុងការប្រើប្រាស់សម្ភារៈនិយម គឺតម្លៃក្នុងខ្លួន, ផែកមាន១លានផែក ភាពយន្តមានមួយលានភាពយន្ត តើយើងចង់បានអ្វី តើយើងចង់ធ្វើអ្វីគ្រប់យើងដើម្បីត្រឹមតែចង់បានការមើលទេ? គឺយើងត្រូវប្ដេជ្ញាចិត្តមិនធ្វើសកម្មភាពខុសដើម្បីគ្រាន់តែចង់បានការមើលច្រើន ហើយបាត់បង់សីធម៌នៅក្នុងសង្គមនោះទេ។

 

– សម្ដចធិបតី ថ្លែងថា គណបក្សប្រជាជនកម្ពុជា បើកច្រកស្វាគមន៍ជានិច្ចចំពោះអ្នកនយោបាយទាំងឡាយណា ដែលមានបំណងចូលមកបង្រួបបង្រួមពិតប្រាកដប្រកបដោយវប្បធម៌សន្ទនា ភាពស្មោះត្រង់ និងការឯកភាពជាតិ។

 

– សម្ដេចធិបតី ថ្លែងថា គេសួរខ្ញុំថា យើងប្ដូរផ្នត់គំនិតមនុស្សយ៉ាងម៉េច? ខ្ញុំថា ប្ដូរផ្នត់គំនិតមនុស្ស ទីមួយគឺប្ដូរទម្លាប់, យកអ្វីប្ដូរទម្លាប់ គឺយកច្បាប់ យកគោលការណ៍ យកការអប់រំ ណែនាំរួមទាំងបទបញ្ជាផ្ទៃក្នុង។

 

– សម្ដេចធិបតី ថ្លែងថា«សីលធម៌ និងគុណធម៌ បង្កើតការទទួលខុសត្រូវ និងភាពស្មោះត្រង់, តម្លៃធំណាស់ មិនថាអ្នកឯងនៅក្នុងវិស័យធុរកិច្ច ក្នុងវិស័យរដ្ឋ នយោបាយ ឬសង្គមកិច្ចនោះទេ ការទទួលខុសត្រូវ និងភាពស្មោះត្រង់នេះ គឺសំខាន់ណាស់។

 

– សម្ដេចធិបតី ថ្លែងថា សកម្មភាពរបស់មនុស្សនេះហើយដែលពាក់ព័ន្ធជាមួយអ្នកដទៃ យើងមិនអាចរស់នៅក្នុងសង្គមលើកោះតែម្នាក់ឯងទេ គឺត្រូវប្រទាក់ក្រឡាជាមួយអ្នកដទៃ អីចឹងការអប់រំសីលធម៌នៅក្នុងសង្គមយើងគឺជាកិច្ចការសំខាន់ ទន្ទឹមនឹងការវិវត្តន៍ ការប្រែប្រួលនៃការចង់បាន យើងត្រូវបណ្ដុះនូវតម្លៃនៅក្នុងខ្លួនដើម្បីសម្រេចថា តើអ្វីដែលយើងចង់បានពិតប្រាកដ, តើយើងចង់បានចង់យកវាតាមរបៀបណា ព្រោះមិនមែនត្រឹមតែសម្រេចគោលដៅទេ តែសម្រេចតាមរបៀបណា? បើយើងចង់បានតែសម្រេចគោលដៅយើងជោគជ័យ តែប៉ែងជើងគេគ្រប់គ្នា ស៊ីខ្សែលើ ធ្វើបាបគេ គឺមិនមានតម្លៃទេ។ ប៉ុន្ដែបើយើងសម្រេចគោលដៅ ធ្វើតាមក្បួនខ្នាតនេះហើយជាតម្លៃធំ និងរក្សាសុខដុមនីយកម្មរបស់យើង។

 

– សម្ដេចធិបតី ថ្លែងថា គ្រប់ការងារទាំងអស់ មិនថាការងារនៅកន្លែងកម្មករ ឱ្យតែមិនសហការគ្នា អាល័យតែមើលបំណាំគ្នា គឺឈ្លោះគ្នាហើយការងារមិនទៅមុខទេ។ អីចឹងបើចង់ឱ្យការអប់រំរបស់យើងទៅអ្នកដទៃបានល្អប្រសើរ គឺចាប់ផ្ដើមពីខ្លួនយើង ចាប់ផ្ដើមពីអ្នកដែលទៅបង្រៀនគេ។

 

– សម្ដេចធិបតី ថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនបិទទ្វារទេសម្រាប់អ្នកដែលមានចេតនា និងឆន្ទៈពិតប្រាកដ ចង់ធ្វើការជាមួយរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជាក្នុងនាមជាដៃគូជាតិខ្មែតែមួយ ដើម្បីបម្រើបុព្វហេតុជាតិ ។ និយាយមានហេតុផលច្បាស់លាស់ កុំចាំបាច់ស្រប។ គណបក្សនយោបាយទាំង៣៥ដែលជាដៃគូ រាល់របាយការណ៍ដែលសរសេរផ្ញើមកខ្ញុំ មិនមែនសរសេរលើកជើងរដ្ឋាភិបាលទេ គាត់សរសេរអំពីចំណុចខ្សោយទាំងអស់ ក្នុងវិស័យនានា ដើម្បីយើងយកធាតុផ្សំចូល ដែលរបាយការណ៍ទាំងអស់ ខ្ញុំមិនបានជេរ និងឈប់ទទួលនោះឡើយ ថែមទាំងបានចារ និងប្រគល់ទៅឱ្យក្រសួងស្ថាប័នពាក់ព័ន្ធធ្វើតាមដែលអាចធ្វើទៅបាន។ សម្ដេចធិបតី បញ្ជាក់ថា នេះជា «វប្បធម៌ នៃការសន្ទនាដោយស្មោះត្រង់»។ គណបក្សនយោបាយត្រូវបានបង្កើតឡើងមកមិនមែនដើម្បីហែកហួរគ្នាទេ តែគឺដើម្បីរួបរួមគ្នាធ្វើការ តំណាងប្រជាពលរដ្ឋដែលមានទស្សនៈរៀងៗខ្លួន។

 

– សម្ដេចធិបតី ថ្លែងថា ការអប់រំ ការបើកចិត្ត ការទទួលយក និងការគោរពគ្នាទៅវិញទៅមក គឺជាកិច្ចការសំខាន់ មិនថានាយករដ្ឋមន្រ្ដី ជាមួយនឹងអ្នកស្រាវជ្រាវធម្មតា គឺត្រូវតែបើកចំហ។

 

នាឱកាសនោះដែរ លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា៖សាសនា វប្បធម៌ បានឱ្យដឹងថា ប្រពៃណី ទំនៀមទម្លាប់ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយពង្រឹងយន្តការអប់រំ សីលធម៌ ចរិយាធម៌សង្គម និងជាកត្តាចាំបាច់មិនអាចខ្វះបាន ដើម្បីចូលរួមចំណែកក្នុងការអនុវត្ត គោលនយោបាយបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ធ្វើឱ្យសង្គមកម្ពុជាមានសុខសន្តិភាព ស្ថិរភាព ប្រជាជនរស់នៅប្រកបដោយភាពថ្លៃថ្នូរ មានសុខដុមរមនាជាមួយគ្នាចាកផុតពីការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការ ជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារ សហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូលផងដែរ។

 

លោកបណ្ឌិត ចាយ បូរិន បានឱ្យដឹងទៀតថា ការបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និងក្រមសីលធម៌ អាចារ្យ អាចារិនីខ្មែរ នាពេលកន្លងមកក៏ចាត់ទុកជាកម្មវិធីអាទិភាពមួយ ដែលទទួលបាននូវលទ្ធផលដ៏ត្រចះត្រចង់របស់ក្រសួងធម្មការ និងសាសនា។ លទ្ធផលទាំងនេះកើតចេញពីស្មារតីនៃការអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាអតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចបានផ្តល់កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ ដើម្បីដោះស្រាយបញ្ហាវិបត្តិអាចារ្យ។

 

លោកបណ្ឌិត ចាយ បូរិន បានបន្តថា បច្ចុប្បន្ននេះ ក្រសួងបានបើកវគ្គបណ្តុះបណ្តាលតួនាទី ភារកិច្ច និង ក្រមសីលធម៌អាចារ្យខ្មែរ បានចំនួន ៥៣វគ្គ រួចមកហើយ មានសិក្ខាកាម ជាអាចារ្យ អាចារិនី បានចូលមកសិក្សាសរុបចំនួន ១៤ ២៩៨ អង្គ/នាក់ ក្នុងនោះព្រះសង្ឃសរុបចំនួន ១ ១២៤ព្រះអង្គ និងអាចារិនី ចំនួន ២៣២ នាក់។ យ៉ាងណាក៏ដោយ ចំនួនអាចារ្យដែលបានបណ្តុះបណ្តាល ហើយនៅពុំទាន់ឆ្លើយតបទៅនឹងតម្រូវការរបស់ពុទ្ធបរិស័ទនៅឡើយទេ។

 

លោករដ្ឋមន្ត្រីក្រសួងធម្មការ បានបញ្ជាក់ថា ក្រសួងនឹងបើកវគ្គបណ្តុះបណ្តាលបន្តបន្ទាប់ទៀត ដើម្បីបំពេញទៅតាមតម្រូវការរបស់ពុទ្ធបរិស័ទនៅទូទាំងប្រទេស។ ក្រៅពី វគ្គបណ្តុះបណ្តាល អាចារ្យ អាចារិនី ក្រសួងបានបើកវគ្គបណ្តុះបណ្តាល ដូនជីបានចំនួន ២វគ្គ ផងដែរ ដោយមានសិក្ខាកាមជាដូនជី បានចូល មកសិក្សាមានចំនួន ១ ១០៧ នាក់។

 

លោកបណ្ឌិត ចាយ បូរិន បានបញ្ជាក់ថា ក្រោយពីការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទី ភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ ជាលទ្ធផលបានសង្កេតឃើញថា សិក្ខាកាម ទាំងអស់ ទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដូចជា៖ ទទួលបានចំណេះដឹងនិងបទពិសោធជាច្រើនពីសំណាក់គ្រូ ឧទ្ទេសាចារ្យ, ទទួលបាននូវឯកសារ ក្បួនច្បាប់ច្បាស់លាស់ និងត្រឹមត្រូវ សម្រាប់យកទៅប្រតិបត្តិនិងផ្សព្វផ្សាយបន្ត, ទទួលបាននូវបទពិសោធរវាងសិក្ខាកាម និងសិក្ខាកាមស្គាល់គ្នា ពីតំបន់មួយទៅតំបន់មួយ និងបានផ្លាស់ប្តូរមតិយោបល់គ្នា, បានដោះស្រាយនូវចម្ងល់រួមក្នុងការប្រារព្ធពិធីកម្ម និងពិធី មង្គលនានា ដែលមានលក្ខណៈផ្សេងៗគ្នា តាមទម្លាប់ក្នុងតំបន់ ឱ្យមានការយល់ស្របគ្នាជាទស្សនៈក្នុងការប្រតិបត្តិ និងយល់ដឹងនិងប្រតិបត្តិបានត្រឹមត្រូវតាមតួនាទី ភារកិច្ច និង ក្រមសីលធម៌របស់អាចារ្យខ្មែរ។

 

លោកបណ្ឌិត ចាយ បូរិន បានលើកឡើងថា ក្រោយពីមានការបើកវគ្គបណ្តុះបណ្តាលស្តីពីតួនាទីភារកិច្ច និងក្រមសីលធម៌អាចារ្យខ្មែរ និងតាមរយៈការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវកម្រងឯកសារនានាទាក់ទងនឹងទម្រង់បុណ្យ និងប្រពៃណី ទំនៀមទម្លាប់រួចមក សង្កេតឃើញថា រាល់ការប្រារព្ធពិធីកម្ម ពិធីបុណ្យសាសនា និងពិធីមង្គលផ្សេងៗ ពិតជាមានការចូលរួម កែលម្អបានយ៉ាងច្រើនពីសំណាក់អាចារ្យ អាចារិនី និងប្រជាជន។

 

លោកបណ្ឌិត ចាយ បូរិន បានបញ្ជាក់ថា ក្រសួងធម្មការនឹងបន្តធ្វើបច្ចុប្បន្នភាពកែលម្អឱ្យកាន់ប្រសើនូវឯកសារ គោលស្តីពីកម្រងគ្រូឧទ្ទេសាចារ្យ ដើម្បីធានាដល់ការបណ្តុះបណ្តាល ទទួលបានចំណេះដឹងត្រឹមត្រូវ សម្រាប់យកទៅអនុវត្តប្រកបដោយ សង្គតិភាព និងមានការឯកភាពក្នុងការរៀបចំនូវពិធីកម្មសាសនា ព្រមទាំងពិធីមង្គលផ្សេងៗ។

...

 

លោកបណ្ឌិត ចាយ បូរិន បានសម្តែងនូវការគាំទ្រឥតងាករេ ចំពោះជំហរដ៏រឹងមាំ ប្រកបដោយឆន្ទៈមោះមុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដែលបានយកអាយុជីវិតធ្វើជាដើមទុន លះបង់គ្រប់បែបយ៉ាង ដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា ប្តូរមកវិញនូវសុខសន្តិភាព និងឧត្តមប្រយោជន៍ជាតិ។ ការលះបង់របស់សម្តេចតេជោសម្រាប់សន្តិភាព គឺពិតជាសក្តិសមបំផុតដែលគួរត្រូវប្រសិទ្ធនាមជូនថា ជា “បិតាសន្តិភាព” សម្រាប់ ប្រជាជាតិខ្មែរ៕ ដោយ៖ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print