លោក លី ធុជ៖ កិច្ចសហប្រតិបត្តិការអន្តរក្រសួងរវាងសកម្មភាពមីន និងកិច្ចការពារបរិស្ថានក្លាយជាគំរូសម្រាប់ប្រទេសរងគ្រោះដោយសារជម្លោះនៅទូទាំងពិភពលោក

ចែករំលែក៖

ភ្នំពេញ៖ លោក លី ធុជ បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការអន្តរក្រសួងរវាងសកម្មភាពមីន និងកិច្ចការពារបរិស្ថានក្លាយជាគំរូសម្រាប់ប្រទេសរងគ្រោះដោយសារជម្លោះនៅទូទាំងពិភពលោក។

លោក លី ធុជ បានបញ្ជាក់បែបនេះ ក្នុងពិធីចុះហត្ថ លេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យបរិស្ថាន រវាងក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និង ឧតុនិយម ក្រសួងធម្មការ និងសាសនា និងអាជ្ញាធរមីន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅក្រសួងបរិស្ថាន ។

លោក លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា៖ កិច្ចសហប្រតិបត្តិការនេះថា ជាជំហានសំខាន់ក្នុងការភ្ជាប់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅនឹងការការពារ និងអភិរក្សធនធានធម្មជាតិ។ កម្ពុជាមានទាំងសម្បត្តិធម្មជាតិដ៏សម្បូរបែប និងមាន បន្ទុកសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាង ច្រើនសន្ធឹកសន្ធាប់ ដែលមួយផ្នែកនៅស្ថិតក្នុងតំបន់ការពារធម្មជាតិ ស្ថានភាពនេះ មិនត្រឹមតែបង្កហានិភ័យដល់សុវត្ថិភាពក្រុមអភិរក្ស និងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងរារាំងការស្រាវជ្រាវជីវចម្រុះ ការអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍអេកូទេសចរណ៍ផងដែរ។ តាមរយៈអនុស្សរណៈនេះ អាជ្ញាធរមីន និងក្រសួង បរិស្ថាន នឹងធ្វើការរួមគ្នាកំណត់តំបន់ដែលរងការគំរាមកំ ហែងដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម កំណត់អាទិភាពបោសសម្អាតដោយផ្អែកលើតម្រូវការអភិរក្ស សុវត្ថិភាពសហគមន៍ និងសក្តានុពលអភិវឌ្ឍន៍ ព្រមទាំងធានាថា ប្រតិបត្តិការបោសសម្អាតត្រូវអនុវត្តដោយគោរពគោលការណ៍ការពារបរិស្ថាន។

លោក លី ធុជ បានលើកឡើងថា កិច្ចសហ ប្រតិបត្តិការនេះ គឺជាការពង្រីកគោលការណ៍ធ្វើការរួមគ្នា សម្រេចបានរួមគ្នារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជាការអនុវត្តជាក់ស្តែង ដោយស្ថាប័ននីមួយៗនាំមកនូវជំនាញ និងតួនាទីរៀងៗខ្លួន ដើម្បីបង្កើតតំបន់ការពារដែលមានសុវត្ថិ ភាពសម្រាប់មនុស្ស សហគមន៍ និងធម្មជាតិ។ កម្ពុជាក៏កំពុងពង្រីកកិច្ចសហប្រតិបត្តិការបែបនេះទៅកាន់វិស័យផ្សេងៗ ដោយភ្ជាប់ការបោសសម្អាតមីនទៅនឹងការអភិវឌ្ឍកសិកម្ម និងការអភិរក្សបរិស្ថាន។

លោក លី ធុជ បានបញ្ជាក់ថា ប្រសិនបើកិច្ចសហប្រតិបត្តិការនេះទទួលបានជោគជ័យ នោះកិច្ចសហប្រតិបត្តិការអន្តរក្រសួង រវាងសកម្មភាពមីន និងកិច្ច ការពារបរិស្ថាន នឹងក្លាយជាគំរូសម្រាប់ប្រទេសដែលរងគ្រោះដោយសារជម្លោះផ្សេងទៀតនៅ ទូទាំងពិភពលោក ។ នៅពេលកម្ពុជាសម្រេចបានគោលដៅគ្មានផលប៉ះពាល់ដោយសារមីនត្រឹមឆ្នាំ២០៣០ តំបន់អភិរក្សរបស់កម្ពុជានឹងមិនត្រឹមតែរួចផុតពីការទន្ទ្រានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួចផុតពីការគំរាមកំហែងដែលបន្សល់ទុកពីសង្គ្រាមផងដែរ។ អាជ្ញាធរមីន និងក្រសួងបរិស្ថាន នឹងរួមគ្នាធ្វើឱ្យតំបន់ការពារធម្មជាតិក្លាយជាតំបន់មានសុវត្ថិភាព មានជីវិត និងការរស់ឡើងវិញ ៕

...

ដោយ ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print