ភ្នំពេញ៖ ដើម្បីរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកប ដោយចីរភាព ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) កំពុងអនុវត្តគម្រោង៤ បន្ថែមទៀត ក្នុងការជួយដល់រាជធានីភ្នំពេញ ឱ្យមានការរីកចម្រើនជឿនលឿនទាន់សម័យកាល ។
លោក សានុយ កាហ៊្សុម៉ាសា (Mr. SANUI Kazumasa) ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន (JICA) បានបញ្ជាក់បែបនេះ ក្នុងឱកាស លោកចូលជួបសម្តែងការគួរសមជាមួយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។
លោក សានុយ កាហ៊្សុម៉ាសា បានមានប្រសាសន៍ថា៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA ក្នុងរយៈពេលជាង៣០ឆ្នាំនេះ បានសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីរួមចំណែកធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍ។ ជាក់ស្តែងនៅពេលនេះ JICAបានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការអនុវត្តគម្រោងជំនួយចំនួន៤បន្ថែមទៀត ដល់រាជធានីភ្នំពេញ។ គម្រោងទាំង៤នេះ រួមមាន ទី១. គម្រោងអភិវឌ្ឍន៍យន្តការគ្រប់គ្រងដឹកជញ្ជូនចម្រុះក្នុងរាជធានីភ្នំពេញ ដែលគម្រោងនេះទើបតែបានបញ្ចប់សេចក្តីព្រាងផែនការមេ ហើយគ្រោងនឹងដាក់ចូលក្នុងកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគម្រោង ដើម្បីពិនិត្យ និងពិភាក្សាលម្អិតចុងក្រោយ នៅអំឡុងខែកញ្ញាខាងមុខនេះ។ ទី២. គម្រោងរៀបចំផែនការមេសម្រាប់ការគ្រប់គ្រងសំណល់រឹងទីក្រុង ដែលជាគម្រោងសហការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងបរិស្ថាន និងបានចាប់ផ្ដើមអនុវត្តតាំងពីខែកុម្ភៈឆ្នាំ២០២៦មក។ ទី៣. គម្រោងអភិវឌ្ឍន៍សមត្ថភាពជូនរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការ និងដឹកជញ្ជូន លើការគ្រប់គ្រងប្រព័ន្ធលូទឹកកខ្វក់ (ជំហានទី២) និងទី៤. គម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ដែលគម្រោងនេះ គ្រោងនឹងបញ្ចុះបឋមសិលា នៅដើមឆ្នាំ២០២៨ខាងមុខនេះ។ អង្គការ JICA ក៏បានស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញ ចាត់មន្ត្រីជំនាញ ដើម្បីចូលរួមប្រជុំរៀងរាល់១ត្រីមាសម្តង ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយក្នុងការអនុវត្តគម្រោង ធ្វើយ៉ាងណាឱ្យទទួលបានជោគជ័យ និងផ្លែផ្កាតាមការគ្រោងទុក។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងពីការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ ដែលការអភិវឌ្ឍរីកចម្រើនទាំងនេះ គឺមិនអាចផ្តាច់បានពីការចូលរួមគាំទ្រពីដៃគូរអភិវឌ្ឍន៍នានា រួមទាំងអង្គការJICA ផងដែរ។ អង្គការJICA បានជួយលើកិច្ចការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដូចជា បណ្តាញប្រឡាយលូ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង ការគ្រប់គ្រង់ធនធានទឹក ការផ្គត់ផ្គង់ទឹកស្អាត អគ្គីសនី ថាមពល អប់រំ ច្បាប់ កសិកម្ម និងលំហូរចរាចរណ៍នៅ ព្រមទាំងការកសាងធនធានមនុស្សជូនរាជធានីភ្នំពេញ តាមរយៈវគ្គបណ្តុះ បណ្តាលជាច្រើនទាំងរយៈពេលខ្លី និងរយៈពេលវែង ដែលបានធ្វើឲ្យរាជធានីភ្នំពេញមានការអភិវឌ្ឍប្រកបដោយចីរភាព។ទីលានចាក់សំរាមនៅខណ្ឌដង្កោបានពេញហើយ មិនអាចបន្តចាក់បន្ថែមទៀតបានទេ។ បញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំបង្វែរទៅចាក់ទីលានថ្មីនៅតំបន់ទួល ព្រិច ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល។ ទីលានចាក់សំរាមថ្មីនេះ មានទំហំ១៤០ហិកតា ដោយគ្រោងនឹងបើកឱ្យប្រើប្រាស់នៅដើមនៅឆ្នាំក្រោយ។
លោក ឃួង ស្រេង ក៏បានស្នើសុំឱ្យ អង្គការ JICA ពិចារណាបញ្ចូលការងារជួសជុលថែទាំទំនប់ការពារទឹកជំនន់នៅស្ទឹងព្រែកត្នោត (ទំនប់៧មករា) ចូលទៅគម្រោងការពារទឹកជំនន់ និងប្រព័ន្ធប្រឡាយបង្ហូរទឹក ភាគខាងលិចឈាងខាងត្បូងរាជធានីភ្នំពេញផង។ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញសូមអញ្ជើញលោកប្រធានអង្គការJICAនិងក្រុមការ ងារ ដើម្បីចុះពិនិត្យដោយផ្ទាល់នូវស្ថានភាពជាក់ស្តែងជាមួយគ្នា នៅទីតាំងទំនប់ការពារទឹកជំនន់ព្រែកត្នោត (ទំនប់៧មករា) និងទីលានចាក់សំរាមថ្មីទួលព្រិចនៅពេលសមស្របណាមួយនាពេលខាងមុខ។
លោក ឃួង ស្រេង ក៏បានស្នើសុំទៅអង្គការ JICA ជួយផ្ដល់នូវរូបភាពផ្កាយរណប និងផែនទី Digital របស់រាជធានីភ្នំពេញដែលបានថតរួច ដើម្បីរដ្ឋបាលរាជធានីភ្នំពេញមានមូលដ្ឋានយកមកប្រើប្រាស់ក្នុងការសិក្សាប្លង់មេប្រើប្រាសដីធ្លី ឆ្នាំ២០៣៥-២០៥០ឱ្យបានសមស្របតាមទិដ្ឋភាពជាក់ ស្តែង។ ជាការឆ្លើយតប លោក សានុយ កាហ៊្សុម៉ាសា បានឯកភាពទទួលយកនូវសំណូមពរទាំងអស់នេះ និង សន្យាពិភាក្សាជាមួយទៅស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបន្តទៀត៕. ដោយ សំរិត










