ខេត្តកំពង់ចាម÷ មនុស្សយ៉ាងហោចណាស់ ៤នាក់បានរងរបួស ក្នុងនោះមានស្ត្រី ៣នាក់ (២នាក់រងរបួសធ្ងន់) នៅក្នុងហេតុការណ៍អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ដែលជាទីតាំងហាងស៊ុប «ដំណាក់ហ្វូស៊ីន» ស្ថិតនៅភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កាលពីវេលាម៉ោង ៥:២០នាទីល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦។
ផ្ទះដែលរងគ្រោះមានម្ចាស់ឈ្មោះ លន់ តារាវុធ ភេទប្រុស អាយុ ៣២ឆ្នាំ។ អ្នករងរបួសទាំង ៤នាក់ ត្រូវជាបុគ្គលិកបម្រើការនៅក្នុងហាងស៊ុបខាងលើ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាឱ្យអធិការដ្ឋាននគរបាលក្រុងកំពង់ចាម សហការជាមួយការិយាល័យបង្ការ និងពន្លត់អគ្គិភ័យខេត្ត ព្រមទាំងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៤សង្កាត់ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់។
កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យសរុបចំនួន ៤គ្រឿង (រថយន្តស្នងការដ្ឋានខេត្ត ៣គ្រឿង និងរថយន្តអធិការដ្ឋានក្រុង ១គ្រឿង) ដោយប្រើប្រាស់ទឹកអស់ចំនួន ៩រថយន្ត ទើបអាចគ្រប់គ្រង និងពន្លត់អគ្គិភ័យបានទាំងស្រុងនៅវេលាម៉ោង ៦:៣០នាទីល្ងាចថ្ងៃដដែល៕
ដោយ៖ សុរិយា










