ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Dominic Williams ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព និងសហការីពីស្ថានទូតរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង បានអញ្ជើញធ្វើទស្សនកិច្ចស្វែងយល់អំពីបដិសណ្ឋារកិច្ច និងការផ្តល់សេវាកម្មនានាជូនដល់ភ្ញៀវ និងអ្នកដំណើរជាតិ និងអន្តរជាតិ ក៏ដូចជាជួបសំណេះសំណាលជាមួយមន្រ្តីមានសមត្ថកិច្ចប្រចាំការ និងវិស័យឯកជន កាលពីពេលថ្មីៗនេះក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ (KTI)។ នេះបេីយោងតាមប្រភពព័ត៌មានពីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសទស្សនកិច្ចដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានអញ្ជើញចុះពិនិត្យ និងស្វែងយល់អំពីលំហូរបដិសណ្ឋារកិច្ច អន្តោប្រវេសន៍ និងការប្រើប្រាស់ច្រកទ្វារឆ្លាត (Smart Gate) ដ៏ទំនើប ព្រមទាំងសេវាកម្មនានាដែលផ្តល់ជូននៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ។
ឆ្លៀតក្នុងឱកាសនេះដែរ លោកទាំងពីររូប បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ទំនើប ស្តង់ដារអន្តរជាតិ និងការត្រៀមខ្លួនរួចជាស្រេចរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរពីជុំវិញពិភពលោក។
ក្នុងដំណើរទស្សនកិច្ចនេះផងដែរ ក្រុមការងារ ក៏បានថតរូបភាព និងវីដេអូដើម្បីផ្សព្វផ្សាយពីអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីបង្ហាញពីសមិទ្ធផលថ្មីរបស់កម្ពុជា និងសក្តានុពលនៃវិស័យទេសចរណ៍ និងអាកាសចរណ៍ទៅកាន់ពិភពលោក។
ថ្លែងក្នុងឱកាសនេះផងដែរ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដែលពិតជារួមចំណែកពង្រឹងការតភ្ជាប់ការធ្វើដំណើរអន្តរជាតិ ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាដ៏សម្បូរបែប លើកកម្ពស់ភាពប្រកួតប្រជែងរបស់វិស័យទេសចរណ៍កម្ពុជា និងផ្សព្វផ្សាយរូបភាពកម្ពុជាជាគោលដៅទេសចរណ៍ ប្រកបដោយសុខសុវត្ថិភាព ភាពទាក់ទាញ និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅ។
គួរបញ្ជាក់ជូនថា អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាអាកាសយានដ្ឋានអន្តរជាតិថ្មីកម្រិត៤F របស់ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានសាងសង់ឡើង ដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរ ពង្រីកការតភ្ជាប់ផ្លូវអាកាសរវាងកម្ពុជា និងពិភពលោក ជាពិសេសគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិ ដែលត្រូវបានបើកសម្ភោធជាផ្លូវការនាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕
ដោយ៖តារា










