ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅវេលាម៉ោង១០៖៣៥នាទីព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ប៉ុល រតនា អនុប្រធាននាយកដ្ឋានបព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានប្រគល់ជនសង្ស័យឈ្មោះ ឆេង ភារុណ មកលោកឧត្តមសេនីយ៍ទោ ប៊ុន សត្យា ស្នងការរងនគរបាលរាជធានីភ្នំពេញ ដើម្បីយកមកបន្តនីតិវិធីច្បាប់ហើយ។ បន្ទាប់ពីកម្លាំងនគរបាលវៀតណាម បានសហការជាមួយសមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួន និងបានប្រគល់ជូននគរបាលកម្ពុជាវិញ។
សូមជម្រាបជូនថា ការចាប់ខ្លួនជនដៃដល់ ឆេង ភារុណ ក្រោយអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទាក់ទងដោយផ្ទាល់ ទៅកាន់លោក លឿង តាមខ្វាង រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ដោយបានស្នើសុំកម្លាំងមានសមត្ថកិច្ចវៀតណាម សហការស្រាវជ្រាវ និងឃាត់ខ្លួនបុគ្គលនេះ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានជម្រាបជូនជនរួមជាតិថា ក្នុងនាមជាសេនាធិការស្នូលរបស់រាជរដ្ឋាភិបាល លើការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម រូបលោកដាច់ខាត មិនអនុញ្ញាតឱ្យជនល្មើស រួមទាំងករណីប្រព្រឹត្តអំពើហិង្សាខាងលើនេះ រួចផុតពីសំណាញ់ច្បាប់ឡើយ។
គួរជម្រាបថា ករណីនេះត្រូវបានបង្ហោះលើបណ្តាញសង្គមព្រោងព្រាត ខណៈប្រជាពលររដ្ឋម្នាក់មានព័ត៌មានក្នុងដៃម្នាក់ នាសម័យ«នីតិរដ្ឋ» អ្នកសាហាវហួសហេតុពេកហើយ ប្រើអំពើហិង្សា វាយជនរងគ្រោះមួយកែវស្រាមិនអស់ចិត្ត នាំមកកៀនកន្លែងស្ងាត់ បន្តធ្វើសកម្មភាពវាយក្បាលមួយដបថែមទៀត រួចបោះពាក្យសម្ដីថា ខ្សែអញធំហែងអត់អស់ចិត្តមែនចង់ម៉េច !!! ។
សូមបញ្ជាក់ថា ៖ ហេតុការណ៍នេះកេីតទ្បេីងព្រោះរឿង ញញឹម ដេីរប៉ះ ក្នុងហាងយីហោ” SAVAGE “ វេលាម៉ោង២យប់រំលងអាធ្រាតឈានចូល ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ក្រោយពេលជនបង្កដែលសាហាវព្រៃផ្សៃវាយជនរងគ្រោះរួចហេីយបានដេីរទ្បេីរទៅខាងលេីជាមួយនិងសន្តិសុខហាងមួយភ្លេតក្រោយមកគេឃេីញជនបង្កប្ដូរខោអាវដេីរចេញតាមច្រកទ្វារមួយទៅបាត់ស្រមោល សង្ស័យថាសន្តិសុខហាងជាអ្នកបេីកដៃអោយរត់ នៅសល់តែជនរងគ្រោះពេលសមត្ថកិច្ចចុះមកដល់បាននាំទៅប៉ុស្តិ៍ដេីម្បីសួរនាំនិងរៀបចំដាក់ពាក្យបណ្ដឹងទាំងខ្លួនជនរងគ្រោះកំពុងមានរបួស ។
ជាមួយគ្នានេះ ប្រជាពលរដ្ឋសំណូមពរ សូមលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ដូចជាលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលប្រជាពលរដ្ឋគាំទ្រនឹងមានទំនុកចិត្ត មេត្តាជួយពិនិត្យមេីលហាងមួយកន្លែងនេះមានឈ្មោះ “SAVAGE” ដែលមានក្រុមសន្តិសុខជាច្រេីននាក់ឈមេីលគេវាយជនរងគ្រោះ និងរំដោះបេីកដៃឱ្យជនបង្ករត់បាត់ដោយសុវត្ថិភាព និងជាទំង្វើអសន្តិសុខសង្គមផងដែរ៕
ដោយ៖តារា










