សម្ដេចម៉ែន សំអន ចាត់តំណាងចុះសួរសុខទុក្ខនាំថវិកា ជូនដល់វីរកងទ័ពឈរជើងប្រាសាទតាមាន់ធំ លោកព្រិន្ទបាលទោ សំ សារ៉ុង ធ្លាក់ខ្លួនឈឺធ្ងន់, គ្រូពេទ្យអស់លទ្ធភាពព្យាបាល ត្រូវបញ្ជូនមកស្រុកកំណើតនៅខេត្តស្វាយរៀងវិញ 

ចែករំលែក៖

ខេត្តស្វាយរៀង៖ ក្រោយទទួលបានព័ត៌មានពីស្ថានភាពជំងឺរបស់វីកងទ័ពជួមុខដែលបានមកសម្រាកព្យាបាលនៅស្រុកកំណេីត នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ លោកស្រី យ៉ក់ សុីណាត អភិបាលរងខេត្តស្វាយរៀង បាននាំយកថវិការបស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រចំនួន៥០០ដុល្លារ និងថវិកា លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកជំទាវចំនួន៥០០ដុល្លារ ឧបត្ថម្ភដល់លោកព្រិន្ទបាលទោ សំ សារ៉ុង។

 

លោកព្រិន្ទបាលទោ សំ សារ៉ុង វីរកងទ័ពដ៏ក្លាហានដែលបានឈរជើងការពារបូរណភាពទឹកដីនៅប្រាសាទតាមាន់ធំ អត្តលេខ២៣៧៣៤៦ នៃកងពលតូចថ្មើរជើងលេខ៤២ យោធភូមិភាគទី៤ បានធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដល់ដំណាក់កាលចុងក្រោយ បន្ទាប់ពីបានទទួលការវះកាត់សាច់កាចនៅត្រង់ត្រគាកចំនួនពីរលើក។ ដោយសារស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរ ក្រុមគ្រូពេទ្យបានសម្រេចបញ្ជូនលោកព្រិន្ទបាលទោ សំ សារ៉ុង មកកាន់គេហដ្ឋាននៅស្រុកកំណើត ក្នុងភូមិស្វាយទន្ទឹម ឃុំត្រពាំងស្តៅ ស្រុករមាសហែក ខេត្តស្វាយរៀង។

 

លោកព្រិន្ទបាលទោ សំ សារ៉ុង បានរងរបួសក្នុងពេលបំពេញបេសកកម្មប្រយុទ្ធជាមួយកងទ័ពសៀម ព្រមទាំងរងគ្រោះដោយសារផ្សែងពុលផងដែរ។

 

បច្ចុប្បន្នលោកមានកូន៤នាក់ ដែលកំពុងជួបការលំបាកផ្នែកជីវភាពយ៉ាងខ្លាំង រហូតដល់ត្រូវបង្ខំចិត្តឈប់រៀន ដោយសារគ្រួសារគ្មានដីផ្ទាល់ខ្លួន និងធ្លាប់បាត់បង់ផ្ទះសម្បែងដោយសារអគ្គិភ័យក្នុងអំឡុងពេលទាហានសៀមឈ្លានពាន ហើយបច្ចុប្បន្ននេះមករស់នៅស្រុកកំណើតខាងប្រពន្ធក៏គ្មានដីសម្រាប់ធ្វើផ្ទះនោះទេ ដោយជួលដីគេសង់ខ្ទមតូចមួយគ្រាន់តែបានរស់នៅបណ្ដោះអាសន្នតែប៉ុណ្ណោះ។

 

ក្នុងឱកាសនោះ លោកព្រិន្ទបាលទោ សំ សារ៉ុង និងក្រុមគ្រួសារសូមលើកម្រាមដៃដប់គោរពអរគុណដល់សម្តេច ម៉ែន សំអន និងលោក អភិបាលខេត្តស្វាយរៀងនិងភរិយាដែលបានឧបត្ថម្ភថវិកាដល់ក្រុមគ្រួសាររបស់លោក ដែលកំពុងជួបការខ្វះខាត៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print