ខ្យល់ព្យុះកំបុតត្បូងបានបង្ករបួសរាប់សិបនាក់ និងបំផ្លាញផ្ទះរាប់រយខ្នង ខណៈដែលវាបានបោកបក់ឆ្លងកាត់ភាគខាងត្បូងប្រទេសបារាំង។
យោងតាម AFP អាជ្ញាធរមូលដ្ឋានបាននិយាយថា មនុស្សរាប់សិបនាក់បានរងរបួស និងយ៉ាងហោចណាស់ផ្ទះចំនួន ៣០០ ខ្នងត្រូវបានខូចខាត នៅពេលដែលខ្យល់ព្យុះកំបុតត្បូងបានបោកបក់ឆ្លងកាត់ភូមិ Pomas នៅភាគខាងត្បូងប្រទេសបារាំង។
ដោយមានប្រជាជនប្រហែល ១០០០ នាក់ Pomas គឺជាតំបន់មួយក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត។ កម្មករជួយសង្គ្រោះជាង ១២០ នាក់ត្រូវបានដាក់ពង្រាយទៅកាន់កន្លែងកើតហេតុ ដើម្បីដោះស្រាយផលវិបាក និងជួយដល់ប្រជាជន។
គ្រោះមហន្តរាយនេះក៏បានធ្វើឱ្យគ្រួសារប្រហែល ២៨០០ គ្រួសារនៅក្នុងភូមិចំនួន ១០ ក្បែរនោះគ្មានអគ្គិសនីប្រើប្រាស់។
ទីភ្នាក់ងារឧតុនិយមបារាំង (Meteo-France) បានកត់ត្រាល្បឿនខ្យល់រហូតដល់ ១១៧ គីឡូម៉ែត្រក្នុងមួយម៉ោង នៅក្នុងភូមិ Arquettes-en-Val ក្បែរនោះ។
អាកាសធាតុអាក្រក់ក៏បានរំខានដល់ចរាចរណ៍នៅក្នុងតំបន់ជាច្រើននៅភាគខាងត្បូងប្រទេសបារាំងផងដែរ។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនបារាំង លោក Philippe Tabarot បាននិយាយថា រថភ្លើងជាច្រើនត្រូវបានពន្យារពេល ហើយខ្សែរថភ្លើងមួយចំនួនត្រូវបានបិទជាបណ្តោះអាសន្ន។ ការពន្យារពេល និងការលុបចោលក៏បានកើតឡើងនៅអាកាសយានដ្ឋាននៅ Bordeaux, Marseille, Nice, Toulouse និង Paris។
មុននេះ ព្យុះភ្លៀងបានបង្ខំឱ្យអ្នករៀបចំកម្មវិធីលុបចោលដំណាក់កាលទីបីនៃការប្រណាំងកង់ Vuelta a España ដែលកំពុងប្រព្រឹត្តទៅនៅក្នុងតំបន់នេះ។
ប្រទេសបារាំងជួបប្រទះនឹងខ្យល់ព្យុះកំបុតត្បូងរាប់សិបដងជារៀងរាល់ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ Meteo-France បាននិយាយថា វាមិនទាន់អាចកំណត់បានច្បាស់លាស់ថាតើការប្រែប្រួលអាកាសធាតុកំពុងប៉ះពាល់ដល់ភាពញឹកញាប់ នៃបាតុភូតនេះយ៉ាងដូចម្តេចនោះទេ៕

រូបថត: AFP









