ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលស្វាយរៀង បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រូបសំណាក់ «មេទ័ពសំរិទ្ធ» នៅខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦នេះ ស្ថិតនៅ មាត់ទន្លេវ៉ៃគោ (ទំនប់តាណេង ច្រាំងតាបុល) ក្រុងស្វាយរៀង ។
អំពីប្រវត្តិសាវតារទាក់ទងនឹង មេទ័ពសំរិទ្ធ និងខេត្តស្វាយរៀង កាលពីព្រេងនាយ មានសេចក្ដីដំណាលថា កាលពីរាជធានីនៅលង្វែក មានបុរសម្នាក់ឈ្មោះ “សំរិទ្ធ” ជាអ្នកខ្លាំងពូកែអង់អាចណាស់ និងមានផ្ទះនៅលើទីទួលនេះ ។ កាលដែលស្រុក កើតមានចម្បាំងជាមួយសៀម ព្រះរាជាក៏ទ្រង់អំពាវនាវដល់អាណាប្រជានុរាស្រ្ដគ្រប់ខេត្ដ ខណ្ឌ បើនរណាខ្លាំងពូកែអង់អាចនោះ សូមឱ្យចូលខ្លួនទៅបម្រើក្នុងកងទ័ព ដើម្បីបង្ក្រាបខ្មាំងសៀម ដែលចូលមករាតត្បាតអាណាខេត្ដខ្មែរ នៅតំបន់ប្រទល់ដែនក្នុងខេត្ដបាត់ដំបង និងសៀមរាប ។ បុរសសំរិទ្ធ ក៏ស្ម័គ្រចិត្ដចូលខ្លួនទៅតាមព្រះរាជតម្រាស់អំពាវនាវនោះ ។ គាត់បាន ប្រុងប្រៀបរៀបចំខ្លួន និងប្រដាប់ប្រដា មានគ្រឿងសាស្រ្ដាវុធ និងអាវតេជៈជាដើមរួចស្រេច លាប្រពន្ធកូនធ្វើដំណើរឆ្ពោះទៅកាន់រាជធានីលង្វែក ដោយថ្មើរជើង ។ លុះទៅដល់លង្វែកហើយ គាត់បានទៅរកជួបមេទ័ព ដើម្បីប្រគល់ខ្លួនគាត់តាមរដ្ឋត្រូវការ ។ ឯលោកមេទ័ព កាលបើបានពលរេហ៏ល្មមគ្រប់គ្រាន់ហើយ ក៏តាំងបុរសសំរិទ្ធ ជាមេទ័ពធំ ឱ្យលើកព្យុយាត្រាឆ្ពោះទៅបាត់ដំបង ដើម្បីកំចាត់ពួកសត្រូវ ។លុះទៅដល់សមរភូមិ បុរសសំរិទ្ធ ក៏ចាប់ប្រយុទ្ធយ៉ាងស្វាហាប់ លុះត្រាតែទ័ពសៀមបរាជ័យរត់ខ្ចាត់ខ្ចាយអស់ ។ ដោយឬទ្ធីតេជៈរបស់បុរសសំរិទ្ធ ទ័ពសៀមក៏បាក់បបខ្លបខ្លាច លែងហ៊ានចូលមករុករាតត្បាតទឹកដីខ្មែរតទៅទៀត ស្រុកក៏បានសាន្ដត្រាណ ។ បុរសសំរិទ្ធ ក៏លើកទ័ពមករាជធានីលង្វែកវិញ ហើយបានទូលព្រះរាជាតាមដំណើរដែលខ្លួនបានទទួលជ័យជំនះលើទ័ពសៀម ហើយសុំព្រះរាជានុញ្ញាតក្រាបទូល ត្រឡប់ទៅស្រុកកំណើតវិញ ។ ព្រះរាជាទ្រង់ព្រះរាជានុញ្ញាតតាមការសុំ ។ បុរសសំរិទ្ធ បានធ្វើដំណើរត្រឡប់ឆ្ពោះទៅស្រុកវិញ មកដល់ភូមិដូនពេញក៏ឈប់សម្រាកនៅទីនោះ១យប់ ទើបធ្វើដំណើរតទៅទៀត ទៅដល់ពាក់កណ្ដាលផ្លូវ ក៏ឈប់ស្រាយសំពាយរបស់គាត់មើល ។ លុះស្រាយទៅទើបដឹងថា សំពាយនេះ មិនមែនជារបស់គាត់ទេ នៅក្នុងបង្វេចនេះ ឃើញមានតែសំពត់១ និងផ្លែស្វាយទុំពីរ បី ប៉ុណ្ណោះ ។ គាត់ដឹងថា បង្វេចនេះច្រឡំ ក្នុងពេលដែលគាត់ត្រឡប់មកពីច្បាំងហើយឈប់សម្រាកនៅអង្គរ ព្រោះពេលនោះមានការច្រឡូកច្រឡំគ្នាខ្លះ ហើយផ្លែស្វាយនេះទៀត ក៏ជាផ្លែស្វាយដែលបានពីអង្គរដែរ ។
បុរសសំរិទ្ធ ក៏ខំរូតរះធ្វើដំណើរទៅដល់លំនៅអាត្មាដោយសុខសាន្ដ ។ កាលដែលបានទៅដល់ហើយ ប្រពន្ធគាត់បានយកគ្រាប់ស្វាយ ដែលទុំរលួយសាច់អស់នៅក្នុងបង្វេចគាត់ ទៅកប់ដាំនៅជាយរបង មិនយូរប៉ុន្មានស្វាយក៏ដុះឡើងបែកមែកធាង មានផ្កាផ្លែជាហូរហែររៀងមក ។ ស្វាយនេះអ្នកស្រុក នាំគ្នាហៅថា “ស្វាយអង្គរ” ព្រោះជាពូជស្វាយបានមកពីអង្គរ ប៉ុនែ្ដតៗមកពាក្យ “អង្គរ ” ហៅកាត់ ខ្លីមកនៅត្រឹម “អង្គ” បានជាជាប់ពាក្យថា ស្វាយអង្គ ដល់សព្វថ្ងៃ ។ ក្រោយមកបុរសសំរិទ្ធ និងភរិយា ក៏ស្លាប់បាត់ទៅ នៅតែតំណកូនចៅរបស់គាត់ ។ កូនចៅនេះ ខ្លះក៏ទៅនៅឯនោះ ខ្លះក៏ទៅនៅឯនេះ បែកគ្នាទៅនៅតាមប្ដីតាមប្រពន្ធ លុះយូរៗទៅ ទីភូមិរបស់គាត់នេះ ក៏លែងមានមនុស្សនៅ ។ អ្នកស្រុកក៏នាំគ្នាសាងជាវត្ដអារាមមួយឡើង ដាក់នាមថា «វត្ដស្វាយអង្គ» ដោយមានលោកគ្រូចៅអធិការមួយអង្គ ជាអ្នកគ្រប់គ្រង ព្រមទាំងមានភិក្ខុសាមណេរ គង់នៅជាច្រើន ។ កន្លងមកទៀត ដោយមានការទទើសទទែងក្នុងទីវត្ដផង មានសត្វស្លាបផ្សេងៗ ទំនៅលើដើមស្វាយនោះផង នាំឱ្យមិនស្អាតផង មានការខ្វះខាតគ្រឿងសេនាសនៈផង លោកគ្រូចៅអធិការ បានឲ្យភិក្ខុសាមណេរ កាប់រលំដើមស្វាយនោះ តែដោយរិទ្ធីដើមស្វាយធំនោះ ភិក្ខុសាមណេរកាប់មួយថ្ងៃ បានតែពាក់កណ្ដាលដើម នៅសល់ប៉ុន្មាននឹងកាប់នៅថ្ងៃខាងមុខទៀត លុះព្រឹកឡើងស្រាប់តែស្នាមកាប់ទាំងប៉ុន្មាន ដែលបានកាប់ខ្លះទៅហើយនោះក៏ដុះសាច់ ដុះសំបកគ្របជិតដើមវិញ។ គួរឱ្យអស្ចារ្យណាស់ លោកគ្រូ ក៏ឲ្យភិក្ខុសាមណេរកាប់ទៀត ពីថ្ងៃទល់ល្ងាច តែទោះជាខំកាប់យ៉ាងណា ក៏បានត្រឹមតែពាក់កណ្ដាលដើម លុះព្រឹកឡើង ឃើញដុះសាច់ ដុះសំបកដើមដដែលទៀត ។ ថ្ងៃមួយបានឱ្យភិក្ខុសាមណេរជាច្រើនអង្គ ដោយមានពូថៅគ្រប់ដៃ ហើយលោកប្រាប់ថា នាំគ្នាកាប់ឱ្យរលំក្នុងថ្ងៃនេះ ឱ្យហើយស្រេចតែម្ដង ។ ដើមស្វាយ ទ្រំាមិនបាននឹងពូថៅច្រើនពេកក៏រលំ ប៉ុន្ដែស្លឹកវាមិនបានស្រពោនឡើយ បែរទៅជាដុះមែកខ្នែងចេញផ្លែផ្កាដូចធម្មតា ។ នៅពេលយប់គេឮតែសូរស័ព្ទភ្លេងពិណពាទ្យ ប្រគំយ៉ាងលន្លង់លន្លោច ធ្វើឱ្យអ្នកស្រុកស្ងើចអស្ចារ្យ មិនយូរប៉ុន្មាន លោកគ្រូចៅអធិការក៏កើតជំងឺឈឺជាខ្លាំង រវើរវាយ រហូតដល់ក្លាយទៅជាឆ្កួតវង្វេង ។ ចំណែកភិក្ខុសាមណេរ កាលបើឃើញហេតុអស្ចារ្យដូច្នេះ ក៏រត់ចោលអារាមនោះអស់ទៅ ។ ឧបាសក ឧបាសិកា ក៏នាំគ្នាទៅកសាងវត្ដថ្មីទៀតនៅចម្ងាយប្រមាណជា ១គ.ម អំពីវត្ដស្វាយអង្គចាស់នេះ ដែលសព្វថ្ងៃ គេឲ្យឈ្មោះថា វត្ដស្វាយផ្អែម វិញ ។
ប្រជាពលរដ្ឋបាននិទានតៗគ្នាអំពីព្រឹត្ដិការណ៍ដែលបានកើតឡើង ជុំវិញរឿងហេតុ
និងហេតុភេទអស្ចារ្យ អំពីដើមស្វាយ ។
តំណក្រោយមក អាស្រ័យដោយព្រឹត្តិការណ៍ដែលបានកើតឡើង ជុំវិញរឿងហេតុ និងហេតុភេទអស្ចារ្យ អំពីដើមស្វាយ ធ្វើឱ្យអ្នកស្រុក តែងមានជំនឿលើដើមស្វាយ និងមានអ្នកភូមិខ្លះ នាំគ្នាដាំដើមស្វាយលើភូមិថ្មី ឬទីដីទំនេរ ទើបបង្កើតបានភូមិថ្មី ហើយភូមិថ្មីទាំងនោះ តែងមានជាប់នាម «ស្វាយ» ដូចជា ភូមិស្វាយ ស្វាយរៀង ស្វាយជ្រំ ស្វាយទាប ស្វាយអង្គ ស្វាយតឿ ស្វាយចេក ស្វាយយា ស្វាយតាយាន ស្វាយរំពារ ព្រៃស្វាយ ស្វាយតាភ្ល ស្វាយមីង ស្វាយធំ ស្វាយក្ងោក ស្វាយផ្អែម ស្វាយព្រហូត ស្វាយដូនអី ស្វាយជម្រៅ ស្វាយគយ ស្វាយក្អែ ស្វាយកណ្ដាល ស្វាយគុយ ស្វាយអាណាត ស្វាយប៉ោ ស្វាយរូង ស្វាយរលំ ស្វាយជុំ ស្វាយទន្ទឹម ស្វាយបទុម ត្រពាំងស្វាយ អារក្សស្វាយ បុស្សស្វាយ និងអង្គស្វាយ ។
ម្យ៉ាងវិញទៀត តាមប្រវត្តិរឿងរ៉ាវខ្លះបានរៀបរាប់ថា មុនដំបូងទឹកដីខេត្តស្វាយរៀងសម្បូរទៅដោយដើមឫស្សី និងដើមស្វាយព្រៃ មួយភាគគឺជាព្រៃគុបសម្បូរទៅដោយខ្លុង ឈើទាល គគីរ និងព្រៃប្រចាក់ ពុំសូវមានដើមឈើហូបផ្លែទេ ។ តាមនិទានខ្លះដំណាលថា ក្រោយពីសង្រ្គាមមេទ័ព និងពលទាហានដែលឈរជើងនៅប្រាសាទព្រះនាងចូវ មហេសីព្រះបាទជ័យជេដ្ឋាទី២ បានដាំដើមស្វាយ ចំនួន៧ប្រភេទ ប្រជារាស្រ្តហៅថាស្វាយ៧ដើម គឺមានស្វាយក្បាលដំរី ស្វាយខ្ទិះ ស្វាយផ្អែម ស្វាយកែវមួង ស្វាយព្រៃ ស្វាយកែវយក្ស និងស្វាយព្រំសែន ។ ក្រោយមកកងទ័ព នាយទាហានបោះជំរំបន្ទាយនៅខេត្តស្វាយទាប ខេត្តរំដួល និងខេត្តរោងដំរី ក៏បេះផ្លែនោះមកបរិភោគ និងទុកគ្រាន់ធ្វើពូជយកដាំនៅទីតាំងបន្ទាយ និងខ្លះចូលនិវត្តន៍ទៅរស់នៅតាមភូមិកំណើតក៏យកពូជស្វាយទៅដាំរៀងៗខ្លួន ពិសេសយកទៅដាំនៅទីទួលវត្តបុរាណ ទើបឈ្មោះភូមិ ឃុំ ស្រុក វត្តអារាម មានពាក្យ ស្វាយ ច្រើន ។ជាក់ស្ដែង ឈ្មោះឃុំ មានចំនួន ៩ គឺ ឃុំស្វាយជ្រំ ឃុំស្វាយអង្គ ឃុំស្វាយយា ឃុំស្វាយរំពារ ឃុំស្វាយចេក ឃុំស្វាយតាយាន ឃុំស្វាយតឿ និងឃុំស្វាយរៀង ។ រីឯវត្តមាន១៥ និងវត្តទួលបុរាណ ចំនួន ១៦ គឺ វត្តស្វាយជ្រំ វត្តស្វាយផ្អែម វត្តស្វាយអង្គ វត្តស្វាយព្រហូត វត្តស្វាយធំ វត្តស្វាយយា វត្តស្វាយរំពារ វត្តស្វាយ (វត្តស្វាយមាន២វត្ត) វត្តស្វាយតាយាន វត្តស្វាយបុទុម វត្តស្វាយទន្ទឹម វត្តស្វាយជុំ វត្តស្វាយកណ្ដាល ទួលស្វាយអណ្ដើក ទួលស្វាយកន្ត្រៃ ទួលស្វាយពុំគ្រង ទួលស្វាយរ៉ាំ និងមានទួលវត្តចាស់ឈ្មោះស្វាយចំនួន ១១ ទៀត ។
រឿងរ៉ាវនេះហើយជាប្រភព នៃការយកឈ្មោះ ស្វាយ ជាគោលក្នុងការដាក់ ឈ្មោះ ភូមិ ស្រុកមួយចំនួន ។ អំឡុងពេលបារាំងធ្វើអាណាព្យាបាល ឆ្នាំ១៨៦៣ និងនៅឆ្នាំ១៨៨៧ គេបានបង្កើតប៉ុស្ដិ៍រដ្ឋបាលមួយស្ថិតនៅភូមិស្វាយរៀង ទីប្រជុំជនខេត្ដបច្ចុប្បន្ន ដែលគេហៅថា ប៉ុស្ដិ៍រដ្ឋបាលស្វាយរៀង សម្រាប់កំណែនពន្ធដារ និងកិច្ចការរដ្ឋបាល ។ នេះជាមូលដ្ឋានចម្បង នៃការបង្កើតឈ្មោះខេត្ដស្វាយរៀង ក្នុងអំឡុងពេលរៀបចំខេត្ដដំបូងនៅឆ្នាំ១៩២២៕
ដោយ៖ សុថាន










