មន្ត្រី​គយ ដុតកម្ទេចចោលសាច់បង្កកខូចគុណភាពប្រមាណ១០តោន ដែលឈ្មួញបានលួចបង្កប់ និងនាំចូលដោយខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ នាយកដ្ឋាន​គយ​ និងរដ្ឋាករកម្ពុជា​ បា​នសហការជាមួយសមត្ថកិច្ចជំនាញ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ​ បានធ្វើការដុតកម្ទេចចោលនូវសាច់បង្កកខូចគុណភាពប្រមាណ១០តោន ដែលឈ្មួញបានលួចបង្កប់ និងនាំចូលដោយខុសច្បាប់ នៅទីលានចាក់សំរាម ស្ថិតក្នុងភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សូមជម្រាបជូនថា​ សាច់បង្កកខូចគុណភាពខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចគយនៃនាយកដ្ឋានបង្ការ និងបង្រ្កាបបទល្មើសរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថធ្វើការបង្រ្កាបបាន ក្នុងពេលដែលឈ្មួញបានលួចនាំចូលខុសច្បាប់នាពេលកន្លងមកនេះ។

គួរបញ្ជាក់ថា ក្នុងខែសីហា ឆ្នាំ២០២៦នេះ សាច់បង្កករួមមាន សាច់ក្របី ភ្លៅមាន់ ស្លាបមាន់ ជើងជ្រូក ត្រចៀកជ្រូក ពោះជ្រូក ស្បែកជ្រូក ប្រហិតក្តាម ប្រហិតមឹក ត្រីសាលម៉ុន ពងត្រីនីស៊ីន កោះមាន់ និង ប្រភេទសាច់បង្កកផ្សេងទៀត មានទម្ងន់សរុបប្រមាណ ២០ ០៨១.២០ គីឡូក្រាម ត្រូវបានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ហៅកាត់ថា កបប) បញ្ជាក់ថា ខូចគុណភាព បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច និង បានធ្វើការដុតកម្ទេចលើកទី១ទម្ងន់ ១០ ៤២៥ គីឡូក្រាម និង លើកទី២ (ថ្ងៃនេះ) ទម្ងន់ ៩ ៦៥៦.២០ គីឡូក្រាម។

សូមជម្រាបជូនថា ដើម្បីពង្រឹងអនុលោមភាពនិងការអនុវត្តច្បាប់ ក៏ដូចជាលើកកម្ពស់បរិយាកាសធុរកិច្ចប្រកបដោយតម្លាភាព និងកិច្ចការពារសុខសុវត្ថិភាពសង្គម អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការស្រាវជ្រាវ និងទប់ស្កាត់ ព្រមទាំងបង្ក្រាបបានជាបន្តបន្ទាប់នូវទំនិញគេចពន្ធ ទំនិញក្លែងក្លាយ ទំនិញរំលោភកម្មសិទ្ធិបញ្ញា ទំនិញរំលោភសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ ព្រមទាំងទំនិញល្មើសច្បាប់មួយចំនួនទៀត ដូចជា គ្រឿងញៀន និងសំណាក ឬបំណែកសត្វព្រៃ ផងដែរ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print