ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សាវ សុភក្តី អធិការនៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០និង១០នាទី នៅចំណុចចំការខាងលិចភូមិសួសនៃ ឃុំជើងរាស់ ស្រុកសាមគ្គីមុនីជ័យ មានករណីចោរកម្មលួចកាត់ខ្សែភ្លើងមួយកើតឡើងដែលបង្កដោយជនសង្ស័យ០១នាក់ឈ្មោះ សួន សូឃា ភេទ ប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិត្រពាំងមាន់ ឃុំព្នាយ ស្រុកសំរោងទង បានធ្វើសកម្មភាពយកកន្ត្រៃទៅកាត់ខ្សែភ្លើងដែលជនរងគ្រោះបានតចូលទៅក្នុងចំការទុកសម្រាប់ប្រើប្រាស់។
ក្នុងពេលជនសង្ស័យខាងលើកំពុងតែធ្វើសកម្មភាពលួចកាត់ខ្សែរភ្លើងនៅក្នុងចំការខាងលើ ស្រាប់តែម្ចាស់ចំការបានមកទាន់ ហើយជនសង្ស័យក៏បានជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវម្ចាស់ចំការជិះម៉ូតូដេញតាមឃាត់ខ្លួនបាននៅចំណុចផ្លូវលំក្នុងភូមិបន្ទាយខ្មែរ ឃុំជើងរាស់ ។ ជនរង គ្រោះដែលជាម្ចាស់ចំការ ឈ្មោះ ហឿន យូសៀន ភេទ ប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។
ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើយកមកសាកសួរជននេះបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពយកកន្ត្រៃទៅលួចកាត់ខ្សែភ្លើងពិតប្រាកដមែន ។
ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតវត្ថុតាងបាន ខ្សែភ្លើងចំនួន០២ដុំ,កន្ត្រៃ០១ដើម,ទូរស័ព្ទ០១គ្រឿង, ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៧ ។
ករណីខាងលើជំនាញកំពុងសាកសួរ និងចាត់ការតាមនីតិវិធីបន្ត៕
ដោយ៖ សុរិយា










