ទឹកទន្លេមេគង្គនៅកំពង់ចាម បន្តស្រកចុះមកត្រឹម ១៣,៦៦ ម៉ែត្រ បើធៀបទៅនឹងថ្ងៃម្សិលមិញទឹកស្រក ០,២៤ម៉ែត្រ

ចែករំលែក៖

ខេត្តកំពង់ចាម៖ ស្ថានភាពទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នេះ បានបន្តស្រកចុះមកត្រឹម ១៣,៦៦ ម៉ែត្រ ថយចុះ ០,២៤ ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញ ដែលស្ថិតនៅទាបជាងកម្រិតត្រូវប្រកាសប្រុងប្រយ័ត្នចំនួន ១,៥៤ ម៉ែត្រ។

លោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និង ឧតុនិយមខេត្តកំពង់ចាម បានបញ្ជាក់ថា កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តបានស្រកចុះជាបន្តបន្ទាប់ ដោយបច្ចុប្បន្នស្ថិតក្នុងកម្រិតសុវត្ថិភាពនៅឡើយ ធៀបនឹងកម្រិតត្រូវប្រកាសប្រុងប្រយ័ត្នគឺ ១៥,២០ ម៉ែត្រ។

ទោះបីជាស្ថានភាពទឹកទន្លេមានការថយចុះយ៉ាងណា ក៏ដោយ ផ្លូវធ្វើដំណើរមួយចំនួនក្នុងបណ្តាស្រុកនៃខេត្តកំពង់ចាម បាននិងកំពុងរងការលិចលង់ ដែលបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ បច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានកំពុងចុះពិនិត្យ វាយតម្លៃផលប៉ះពាល់ និងរៀបចំវិធានការអន្តរាគមន៍ជាបន្ទាន់ ដើម្បីសម្រួលដល់ការរស់នៅ និងធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តកំពង់ចាម បានអំពាវនាវឱ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរតាមដងផ្លូវដែលមានការលិចលង់ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយជៀសវាងការបើកបរឆ្លងកាត់ទីតាំងដែលមានទឹកហូរខ្លាំង ឬមានជម្រៅជ្រៅ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print