ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាននៅថ្ងៃទី២៧ ខែសីហាឆ្នាំ២០២៦នេះ បានចាត់ទុកវត្តមានអ្នកសារព័ត៌មានជាតិ-អន្តរជាតិចំនួនជាង ២០០រូបនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)ថាជាគឺជាកាតាលីករដ៏សំខាន់ក្នុងការបំប្លែងព្រឹត្តិការណ៍ការទូតសភានៅកម្ពុជា ឱ្យទៅជាសារនយោបាយ និងសេដ្ឋកិច្ចឆ្លុះបញ្ចាំងទៅកាន់ពិភពលោក ព្រមទាំងផ្សព្វផ្សាយស្តីពីកិច្ចប្រជុំ ISC-2 ឱ្យលេចធ្លោលើឆាកអន្តរជាតិ។
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន, សមាជិកអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា នៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ពីមណ្ឌលព័ត៌មាន(Media Center) នៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ថា សម្រាប់ការរៀបចំសន្និសីទ ISC-2 នេះ គឺក្រុមការងារទទួលបានការចុះឈ្មោះចូលរួមពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិប្រមាណជាង២០០នាក់ ក្នុងនោះ អ្នកសារព័ត៌មានអន្តរជាតិមានជាង១០អង្គភាព និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិធំៗ ដូចជា AFP, Reuters, AP, Xinhua, Kyodo News, EPA, China Media Group Asia-Pacific, VTV, VNA និងភ្នាក់ងារសារព័ត៌មានអន្តរជាតិផ្សេងទៀត សរុបប្រមាណជាង៣០រូប ហើយក្រៅពីនោះ គឺអ្នកសារព័ត៌មាននៃអង្គភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។
លោកបានគូសបញ្ជាក់ថា ដើម្បីធានាបាននូវស្តង់ដារពិធីការការទូត ស្របតាមបទដ្ឋានសន្តិសុខ និងពិធីការការទូតកម្រិតអន្តរជាតិ គណៈកម្មការរៀបចំសន្និសីទបានបង្កើត មជ្ឈមណ្ឌលព័ត៌មាន (Media Center) ប្រកបដោយបច្ចេកវិទ្យាទំនើប សម្រាប់គាំទ្រដល់ដំណើរការ និងតម្រូវការនៃប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានទាំងអស់ដែលបានចូលរួម។ មជ្ឈមណ្ឌលនេះនឹងដើរតួជាពហុបច្ចេកវិទ្យាបញ្ជូនព័ត៌មាន ខ្លឹមសារ រូបភាព និងវីដេអូផ្លូវការ សម្រាប់បម្រើដល់ការផលិត និងផ្សាយព័ត៌មានស្តីពីព្រឹត្តិការណ៍ដ៏សំខាន់នេះ ឱ្យទាន់ពេលវេលា និងតាមតម្រូវការជូនភ្នាក់ងារសារព័ត៌មានជាតិ-អន្តរជាតិ ដើម្បីចែកចាយឱ្យទូលំទូលាយទៅកាន់សាធារណជនក្នុងស្រុក និងសកលលោក។
លោក ទេព អស្នារិទ្ធ បានបន្តទៀតថា អ្នកសារព័ត៌មានដែលធ្វើការនៅក្នុងមណ្ឌលព័ត៌មាននេះ គឺទទួលបានការសម្របសម្រួល ផ្តល់ជូននូវគ្រប់មធ្យោបាយទាំងអស់ ធ្វើយ៉ាងណាឱ្យការអនុវត្តការងារ និងសកម្មភាពនៃការយកព័ត៌មាន ទទួលបានទាំងខ្លឹមសារ សំឡេង រូបភាព និងវីដេអូ ដែលមានគុណភាពខ្ពស់ សម្រាប់ផ្សព្វផ្សាយ។ សម្រាប់ការគ្រប់គ្រងសកម្មភាពអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ គឺក្រុមការងារអនុគណៈកម្មការព័ត៌មាន ផ្សព្វផ្សាយ និងព័ត៌មានវិទ្យា មានបែងចែកជាក្រុមទៅតាមផ្នែកនីមួយៗ ដោយក្រុមខ្លះអាចចូលយកព័ត៌មានដោយផ្ទាល់ក្នុងកម្មវិធីកម្រិតខ្ពស់ ឬកម្មវិធីរបស់ថ្នាក់ដឹកនាំកំពូល ហើយក្រុមខ្លះទៀត គឺនៅរង់ចាំក្នុងមណ្ឌលព័ត៌មាន (Media Center) ដើម្បីទទួលរូបភាព និងខ្លឹមសារនៃកម្មវិធី។
លោកបានអត្ថាធិប្បាយបន្ថែមថា៖ «យើងបានបែងចែកប្រតិបត្តិការសារព័ត៌មានទៅតាមកម្រិតមុខងារ និងលក្ខណៈបច្ចេកទេស ដោយមានរចនាសម្ព័ន្ធច្បាស់លាស់ ជាមួយក្រុមការងារដែលត្រូវបានកំណត់មុខព្រួញអនុញ្ញាតចូលយកព័ត៌មានផ្ទាល់ពី កិច្ចប្រជុំកម្រិតឧត្តម (High-level) និងជំនួបពិភាក្សាសំខាន់ៗ ដើម្បីបញ្ជូនទិន្នន័យ ខ្លឹមសារ និងរូបភាពមកកាន់ Media Center ។ ទន្ទឹមនេះ ការរៀបចំរបៀបរបប និងរចនាសម្ព័ន្ធនៃ Media Center នៅជាន់ផ្ទាល់ដី ជាន់ទី២ និងជាន់ទី៣ ត្រូវបានបែងចែកមុខងារតាមកម្រិតបច្ចេកទេស ក្រោមការគ្រប់គ្រង និងសម្របសម្រួលផ្ទាល់ដោយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន» ។
សូមបញ្ជាក់ថា សន្និសីទ ប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺចាប់ផ្ដើមនៅថ្ងៃទី២៧ និងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ ដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើសរៀបចំសន្និសីទកម្រិតអន្តរជាតិនេះ នៅក្នុងអគារពន្ធដារថ្មី ដែលកម្ពុជាបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗ ៕
ប្រភព ៖ ( CCFR )










