ព្រះមហាក្សត្រប្រទេសន័រវែស សោយទិវង្គតនៅព្រះជន្មាយុ ៨៩ព្រះវស្សា

ចែករំលែក៖

សារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ បានផ្សាយថា ព្រះរាជវាំងនៃប្រទេសន័រវែស បានប្រកាសឱ្យដឹងថា ព្រះមហាក្សត្រន័រវែស ព្រះអង្គ Harald V ដែលជាក្សត្រគ្រងរាជ្យមានព្រះជន្មច្រើនជាងគេបង្អស់នៅទ្វីបអឺរ៉ុប បានយាងចូលទិវង្គតហើយ នាថ្ងៃសុក្រនេះ ក្នុងព្រះជន្មាយុ៨៩ព្រះវស្សា។

សេចក្តីប្រកាសខាងលើ បាននិយាយយ៉ាងដូច្នេះថា «ជាមួយទុក្ខក្រៀមក្រំយ៉ាងជ្រាលជ្រៅបំផុត យើងសូមប្រកាសឱ្យដឹងថា ព្រះមហាក្សត្ររបស់ពួកយើង ព្រះអង្គ Harald បានសោយទិវង្គតហើយនាថ្ងៃនេះ។ ព្រះអង្គបានយាងចូលទិវង្គតដោយស្ងប់សុខ នៅឯមន្ទីរពេទ្យ Oslo University Hospital នាថ្ងៃសុក្រ ទី២៨ ខែសីហា នាវេលាម៉ោង៦៖៣៥នាទីព្រឹក»។
ព្រះអង្គ Harald ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីថ្ងៃទី១៧ ខែសីហា ហើយព្រះរាជវាំងន័រវែស បាននិយាយថា ព្រះអង្គត្រូវទទួលការព្យាបាល ពាក់ព័ន្ធបញ្ហាឆ្លងមេរោគបាក់តេរីនៅក្នុងឈាម។ ប៉ុន្តែមកដល់ថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ព្រះរាជវាំងបានផ្តល់ព័ត៌មានបន្ថែមថា ព្រះរាជសុខភាពព្រះអង្គ បានធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង។ ន័រវែសគឺជាប្រទេសរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ខណៈព្រះអង្គ Harald បានឡើងគ្រងរាជ្យជាព្រះមហាក្សត្រ តាំងពីឆ្នាំ១៩៩១។ ក្រោយការសោយទិវង្គតនេះ ព្រះបុត្រារបស់ទ្រង់ គឺព្រះអង្គម្ចាស់ Haakon ដែលជារជ្ជទាយាទ នឹងត្រូវឡើងគ្រងរាជ្យបន្ត៕

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print