សារព័ត៌មាន AFP បានផ្សាយថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ថា រដ្ឋបាលរបស់លោក សម្រេចបានកិច្ចព្រមព្រៀងប្រេងដ៏ធំមួយជាមួយប្រទេសវ៉េណេស៊ុយអេឡា ដែលផ្តល់ឱ្យសហរដ្ឋអាមេរិកនូវសិទ្ធិកាន់កាប់ភាគច្រើនលើ ធនធានប្រេងក្រោមដីចំនួន ៦៥ពាន់លានបារ៉ែល។
មន្ត្រីអាមេរិកនិងវ៉េណេស៊ុយអេឡា បានឱ្យដឹងថា កិច្ចព្រមព្រៀងខាងលើ ដែលលោក ត្រាំ ហៅថា «កិច្ចព្រមព្រៀងប្រេងដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រពិភពលោក» នឹងនាំមកនូវការវិនិយោគពីវិស័យឯកជន ទំហំប្រមាណ ១០០ពាន់លានដុល្លារ ទៅក្នុងប្រទេសវ៉េណេស៊ុយអេឡា។ វ៉េណេស៊ុយអេឡា ជាប្រទេសមានប្រេងក្រោមដីច្រើនបំផុតនៅលើពិភពលោក។
រដ្ឋាភិបាលប្រទេសអាមេរិកឡាទីនមួយនេះ បាននិងកំពុងស្ថិតក្រោមសម្ពាធយ៉ាងខ្លាំង និងការត្រួតពិនិត្យយ៉ាងដិតដល់ពីរដ្ឋបាលលោក ត្រាំ ចាប់តាំងពីសហរដ្ឋអាមេរិក បានផ្តួលរំលំនិងចាប់ខ្លួនមេដឹកនាំកាន់អំណាចយូរឆ្នាំ គឺលោក នីកូឡាស ម៉ាឌូរ៉ូ កាលពីខែមករា។ ទីក្រុងវ៉ាស៊ីនតោន បានអនុញ្ញាតឱ្យអនុប្រធានាធិបតីរបស់លោក គឺ លោកស្រី Delcy Rodriguez បន្តកាន់តំណែងជាមេដឹកនាំបណ្តោះអាសន្ន ដរាបណាលោកស្រីអនុវត្តតាមគោលជំហររបស់អាមេរិក។
គួរបញ្ជាក់ថា លោក ត្រាំ មិនដែលលាក់បាំងឡើយ អំពីមហិច្ឆតារបស់លោកក្នុងការទទួលបានប្រេងរបស់វ៉េណេស៊ុយអេឡាសម្រាប់សហរដ្ឋអាមេរិក។ នៅក្នុងសារដែលលោកបានបង្ហោះលើបណ្តាញសង្គម Truth Social ដើម្បីប្រកាសអំពីកិច្ចព្រមព្រៀងខាងលើ លោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងធ្វើឱ្យធនធានប្រេងរបស់សហរដ្ឋអាមេរិក កើនឡើងច្រើនជាងទ្វេដង។ មេដឹកនាំបណ្តោះអាសន្ន លោកស្រី Rodriguez ក៏បានទទួលស្គាល់ផងដែរ ចំពោះអ្វីដែលលោកស្រីហៅថា «កិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ» ដែលនឹងមានឥទ្ធិពលយ៉ាងសំខាន់ លើការស្តារប្រទេសវ៉េណេស៊ុយអេឡាឡើងវិញ។
លោកស្រី Rodriguez បានសរសេរនៅលើបណ្តាញសង្គមថា កិច្ចព្រមព្រៀងនេះ អាចនាំមកនូវការវិនិយោគច្រើនជាង ១០០ពាន់លានដុល្លារ រួមជាមួយចំណូលពន្ធជាង ២០៩ពាន់លានដុល្លារសម្រាប់រដ្ឋ៕









