អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះការបន្តរំលោភបំពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦ ! ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជំរាបជូនបងប្អូនជនរួមជាតិនូវព័ត៌មានសំខាន់ៗដែលមានដូចតទៅ៖

ទី១. រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការបន្ថែមទៀតចំពោះការបន្តរំលោភបំពានរបស់ប្រទេសថៃមកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា៖ ការតវ៉ានេះបានធ្វើឡើងបន្ទាប់ពី នៅថ្ងៃទី២២ និងទី២៤ ខែសីហា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃបានបញ្ជូនគ្រឿងចក្រធុនធ្ងន់ចូលក្នុងទឹកដីកម្ពុជាដើម្បីជីកប្រឡាយនៅតំបន់ចូកគ្រួស ភូមិថ្មជូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ការរំលោភបំពាននេះបានកើតឡើងស្របពេលជាមួយនឹងដំណើរទស្សនកិច្ចដោយគ្មានការអនុញ្ញាតរបស់នាយករដ្ឋមន្ត្រីថៃ មកកាន់តំបន់អានសេះ នៃខេត្តព្រះវិហាររបស់កម្ពុជា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦។

រាជរដ្ឋាភិបាលកម្ពុជាសូមតវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពខាងលើ ដែលជាការរំលោភបំពានយ៉ាងជាក់ច្បាស់លើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ដូចដែលបានកំណត់ និងខណ្ឌសីមាដោយផែនទី ខ្នាត ១/២០០,០០០ ដែលផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម និងមាត្រា៥ នៃអនុស្សរណៈនៃការយោគយល់គ្នាចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ ក៏ដូចជាចំណុចទី១(វិធានការកាត់បន្ថយភាពតានតឹង) នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជាថ្មីថា កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែនឬការទាមទារទឹកដីជាឯកតោភាគីដោយប្រទេសថៃនោះឡើយ។ សកម្មភាពដែលបានរៀបរាប់ខាងលើនេះមិនប៉ះពាល់ដល់សិទ្ធិស្របច្បាប់ ឬជំហររបស់ព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងព្រំដែនអន្តរជាតិរបស់ខ្លួនឡើយ។ រាជរដ្ឋាភិបាលកម្ពុជាទាមទារឱ្យថៃបញ្ឈប់សកម្មភាពបែបនេះនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជានៅតំបន់ផ្សេងទៀត ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីឆ្នាំមុនមក ដើម្បីបន្ធូរបន្ថយស្ថានការណ៍ ជំរុញការជឿទុកចិត្តគ្នាទៅវិញទៅមក សម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី សំដៅស្តារសន្តិភាព ស្ថិរភាព និងទំនាក់ទំនងភាពជាអ្នកជិតខាងល្អនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តក្នុងការដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ក៏ដូចជាជាមួយប្រទេសជិតខាងទាំងអស់ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិនិងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវជំហរជាគោលការណ៍របស់ខ្លួនថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងនោះឡើយ។

ទី២. សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានបិទបញ្ចប់នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីបានបើកធ្វើរយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញដែលមានកម្ពុជាជាម្ចាស់ផ្ទះ។ សន្និសីទនេះ បានចេញសេចក្តីប្រកាសទីក្រុងភ្នំពេញ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តគោរពប្រតិបត្តិតាមច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ និងលើកកម្ពស់ការគោរពកាតព្វកិច្ចនៃច្បាប់អន្តរជាតិ។

សេចក្តីប្រកាសក៏បានប្តេជ្ញាគាំទ្រការដោះស្រាយវិវាទដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ការពិគ្រោះយោបល់ ការចរចា ការសម្រុះសម្រួល និងមធ្យោបាយសន្តិវិធីផ្សេងទៀត ស្របតាមច្បាប់អន្តរជាតិរួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ។ សេចក្តីប្រកាសក្រុងភ្នំពេញក៏បានប្តេជ្ញា ពង្រឹងពហុភាគីនិយម ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពជាអន្តរជាតិ។

សេចក្តីប្រកាសទីក្រុងភ្នំពេញរបស់សន្និសីទប្រធានសភានៃអន្តរសភាក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់យើងចំពោះអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាពនយោបាយ ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់រដ្ឋនីមួយៗ និងការដោះស្រាយវិវាទដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយភាពពេញលេញ និងភាពប្រទាក់ក្រឡាគ្នា។

ក្នុងសុន្ទរកថាគន្លឹះ ថ្លែងក្នុងពិធីបើកសន្និសីទកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបញ្ជាក់ថា ជម្លោះព្រំដែនរវាងប្រទេសកម្ពុជានិងប្រទេសថៃ មិនត្រឹមតែជាបញ្ហាទ្វេភាគីនោះទេ ប៉ុន្តែ ក៏ជាការព្រួយបារម្ភសកលជុំវិញការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ រួមទាំងគោលការណ៍មិនរំលោភបំពានព្រំដែន និងធម្មនុញ្ញអាស៊ាន។ ក្នុងស្មារតីនេះ កម្ពុជាសូមកោតសរសើរ និងថ្លែងអំណរគុណស្មោះស្ម័គ្រចំពោះការគាំទ្ររបស់សហគមន៍អន្តរជាតិ រួមទាំងប្រទេសជាសមាជិកអាស៊ាន ចំពោះបទឈប់បាញ់ និងការដោះស្រាយជម្លោះដោយសន្តិវិធីរវាងកម្ពុជានិងថៃស្របតាមច្បាប់អន្តរជាតិ និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន។ សម្តេចធិបតីគូសបញ្ជាក់ថា កម្ពុជាសង្ឃឹមយ៉ាងមុតមាំចំពោះការយកចិត្តទុកដាក់ និងការគាំទ្របន្តទៀតពីសំណាក់សហគមន៍អន្តរជាតិ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print