ចាយប្រាក់អស់ជាង ៣០០ លានផោន ប៉ុន្តែSpursឈរបាតតារាង លោក De Zerbi ថា «មិនខឹង» និង «គ្មានការភ័យស្លន់ស្លោ»

ចែករំលែក៖

គ្រូបង្វឹកក្រុម Tottenham Hotspur លោក Roberto De Zerbi បាននិយាយថា លោក «មិនខឹង» ហើយក៏ «គ្មានការភ័យស្លន់ស្លោ» បន្ទាប់ពី Spurs រងបរាជ័យជាលើកទី២ ក្នុងការប្រកួត Premier League ពីរប្រកួតដំបូង ដែលធ្វើឱ្យពួកគេធ្លាក់ទៅឈរនៅ បាតតារាង Premier League។ ប៉ុន្តែសម្រាប់អ្នកគាំទ្រ វាជារឿងដ៏គួរឱ្យខកចិត្តដែលហាក់ដូចជាកំពុងកើតឡើងដដែលៗ។

គ្រាប់បាល់របស់ Anthony Elanga និង Yoane Wissa ក្នុងចន្លោះត្រឹមតែ ១០ នាទីនៅតង់ទី២ បានជួយឱ្យ Newcastle United យកឈ្នះ Spurs ក្នុងលទ្ធផល ២-០ ខណៈអ្នកគាំទ្រ Spurs រាប់ពាន់នាក់បានចាកចេញពីកីឡដ្ឋានមុនការប្រកួតបញ្ចប់។

អ្នកគាំទ្រ Spurs មានហេតុផលគ្រប់គ្រាន់ក្នុងការខកចិត្ត ព្រោះក្រុមរបស់ពួកគេឈ្នះការប្រកួតលីគក្នុងទឹកដីបានត្រឹមតែ ៣ លើកប៉ុណ្ណោះ ក្នុង ២៣ ប្រកួតចុងក្រោយ នៅកីឡដ្ឋានដ៏ទំនើបរបស់ពួកគេ។

Spurs បានបញ្ចប់រដូវកាលនៅចំណាត់ថ្នាក់ ទី១៧ ក្នុង Premier League រដូវកាល 2024-25 ហើយក៏បញ្ចប់នៅទី១៧ ម្តងទៀតក្នុងរដូវកាល 2025-26 ដោយស្ទើរតែត្រូវកាត់ចេញពី Premier League ហើយអាចគេចផុតពីការកាត់ចេញបាននៅថ្ងៃប្រកួតចុងក្រោយប៉ុណ្ណោះ។

ប៉ុន្តែរដូវកាលនេះ Spurs ត្រូវបានរំពឹងថានឹងមានការផ្លាស់ប្តូរធំមួយ។

បន្ទាប់ពីចំណាយប្រាក់ ជាង ៣០០ លានផោន ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ អ្នកគាំទ្រ Spurs រំពឹងថាក្រុមនឹងប្រជែងយកកៅអីទៅលេងពានអឺរ៉ុបវិញ។ ពួកគេធ្លាប់ឈ្នះ Europa League កាលពីពីររដូវកាលមុន និងបានឈានដល់វគ្គ ១៦ ក្រុមចុងក្រោយនៃ Champions League កាលពីខែមីនា។

ផ្ទុយទៅវិញ នៅ Premier League ពេលនេះ Spurs មានកំណត់ត្រា៖
លេង ២ ប្រកួត
ចាញ់ ២ ប្រកួត
ស៊ុតបាន ០ គ្រាប់
ឈរលេខ ២០ ក្នុងចំណោម ២០ ក្រុម
លោក De Zerbi បាននិយាយក្រោយការប្រកួតថា៖ «យើងអាចកែលម្អបាននៅក្នុងដំណាក់កាលការពារ ប៉ុន្តែលទ្ធផលថ្ងៃនេះមិនយុត្តិធម៌សម្រាប់យើងទេ»។

លោកបន្តថា៖ «ខ្ញុំខកចិត្តចំពោះលទ្ធផល ព្រោះមុនពេលយើងរបូតគ្រាប់បាល់ដំបូង យើងលេងបានល្អជាង Newcastle»។

...

លោក De Zerbi ក៏បានបង្ហាញការខកចិត្តចំពោះអ្នកគាំទ្រ និងបញ្ជាក់ថាក្រុមកំពុងខិតខំកសាង Spurs ឱ្យក្លាយជាក្រុមដ៏អស្ចារ្យមួយ។
«យើងខកចិត្តចំពោះលទ្ធផល និងចំពោះអ្នកគាំទ្ររបស់យើង។ យើងកំពុងធ្វើការដើម្បីក្លាយជាក្រុមដ៏អស្ចារ្យមួយ។ នៅពេលយើងក្លាយជាក្រុមមួយបានពេញលេញ យើងអាចផ្លាស់ប្តូររឿងរ៉ាវដែលបានកើតឡើងជាមួយ Tottenham ក្នុងពីររដូវកាលចុងក្រោយ»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print