ឥណ្ឌាផលិតនិស្សិតបញ្ចប់ការសិក្សារាប់លាននាក់ ប៉ុន្តែការងារនៅឯណា?

ចែករំលែក៖

បីឆ្នាំបន្ទាប់ពីបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកភាសាហិណ្ឌី លោក Vivek Kumar Jaiswal នៅតែបន្តស្វែងរកការងារដែលមានស្ថិរភាព។

 

លោកបាននិយាយថា៖ «ការងារដែលអាចរកបានភាគច្រើន គឺការងារនៅមជ្ឈមណ្ឌលទំនាក់ទំនងអតិថិជន (Call Centre) ឬការបញ្ចូលទិន្នន័យ ដែលផ្តល់ប្រាក់ខែអតិបរមាត្រឹមប្រហែល ១២០ដុល្លារអាម៉េរិកក្នុងមួយខែប៉ុណ្ណោះ»។

 

លោកបន្ថែមថា៖ «សញ្ញាបត្ររបស់ខ្ញុំហាក់ដូចជាគ្មានប្រយោជន៍នៅក្នុងទីផ្សារការងារបែបនេះ។ ខ្ញុំត្រូវប្រកួតប្រជែងដណ្តើមការងារដូចគ្នាជាមួយអ្នកដែលបានបោះបង់ការសិក្សា»។

 

បុរសវ័យ ២៨ឆ្នាំរូបនេះ និងបងប្អូនពីរនាក់ទៀត ពឹងផ្អែកជាចម្បងលើប្រាក់ចំណូលរបស់ឪពុក ដែលប្រកបរបរបើករថយន្តតុកតុក។

 

ភាពមិនពេញចិត្តរបស់លោក Jaiswal កំពុងក្លាយជាបញ្ហាដែលយុវជនឥណ្ឌាជាច្រើនជួបប្រទះ នៅពេលពួកគេចាកចេញពីសាកលវិទ្យាល័យ ហើយឈានចូលទីផ្សារការងារ។

 

ឥណ្ឌាគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកើនឡើងលឿនបំផុតនៅលើពិភពលោក ហើយបានពង្រីកឱកាសទទួលបានការអប់រំឧត្តមសិក្សាយ៉ាងឆាប់រហ័ស។ ប៉ុន្តែ អ្នកស្រាវជ្រាវនិយាយថា កំណើនការងារសម្រាប់អ្នកមានសញ្ញាបត្រ មិនបានកើនឡើងស្របគ្នានឹងចំនួនអ្នកបញ្ចប់ការសិក្សានោះទេ។

 

សម្រាប់លោក Jaiswal ក្តីបារម្ភអំពីអនាគតសេដ្ឋកិច្ចរបស់ខ្លួន និងការជាប់គាំងក្នុងការងារក្រៅម៉ោង បានជំរុញឱ្យលោកចូលរួមក្នុងការតវ៉ារបស់ចលនា Cockroach Janta Party (CJP) កាលពីខែកក្កដា។

 

ចលនានេះបានចាប់ផ្តើមពីការលេងសើចតាមអ៊ីនធឺណិត ប៉ុន្តែបានរីកធំឡើងក្លាយជាចលនាតវ៉ាដឹកនាំដោយយុវជនដ៏ធំបំផុតមួយរបស់ឥណ្ឌាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយមានមនុស្សរាប់ពាន់នាក់ចេញមកតាមដងផ្លូវ។

 

ការតវ៉ាដែលផ្ទុះឡើងដោយសារករណីបែកធ្លាយវិញ្ញាសាប្រឡងជាបន្តបន្ទាប់ បានបង្ខំឱ្យរដ្ឋាភិបាលចូលរួមពិភាក្សា និងបានបង្ហាញពីការមិនពេញចិត្តកាន់តែជ្រៅជ្រះ ចំពោះប្រព័ន្ធអប់រំ ការងារ និងភាពយុត្តិធម៌នៅក្នុងសង្គមឥណ្ឌា។

 

ខណៈឈរនៅក្នុងចំណោមយុវជនឥណ្ឌារាប់ពាន់នាក់ ដែលទាមទារឱ្យមានកំណែទម្រង់ប្រព័ន្ធអប់រំ លោក Jaiswal បាននិយាយថា ក្តីបារម្ភរបស់លោកមិនមែនមានត្រឹមតែបញ្ហាក្នុងថ្នាក់រៀននោះទេ ប៉ុន្តែគឺការស្វែងរកការងារដែលមានគុណភាព។

 

លោកបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ខឹង។ យើងទាំងអស់គ្នាចង់ធ្វើឱ្យជីវិតរបស់យើងប្រសើរឡើង ប៉ុន្តែដើម្បីធ្វើដូច្នេះ ទីផ្សារត្រូវតែមានការងារល្អៗ»។

 

អ្នកបញ្ចប់ការសិក្សាច្រើនជាងចំនួនការងារ

 

យោងតាមរបាយការណ៍របស់សាកលវិទ្យាល័យ Azim Premji ដែលចេញផ្សាយកាលពីខែមីនា ឥណ្ឌាបានផលិតអ្នកបញ្ចប់ការសិក្សាប្រមាណ ៥លាននាក់ក្នុងមួយឆ្នាំជាមធ្យម ក្នុងអំឡុងឆ្នាំ ២០០៤ ដល់ ២០២៣។ ប៉ុន្តែ ការងារសម្រាប់អ្នកមានសញ្ញាបត្របានកើនឡើងត្រឹមប្រហែល ២,៨លានកន្លែងក្នុងមួយឆ្នាំ ប៉ុណ្ណោះ។

 

របាយការណ៍បានរកឃើញថា អ្នកបញ្ចប់ការសិក្សាដែលមានអាយុ ២៥ឆ្នាំ ឬតិចជាងនេះ ប្រមាណ ៤០% គ្មានការងារធ្វើ បើប្រៀបធៀបនឹងប្រហែល ២០% សម្រាប់អ្នកមានអាយុចន្លោះពី ២៥ ដល់ ២៩ឆ្នាំ។

 

លោកស្រី Rosa Abraham សាស្ត្រាចារ្យរងនៅសាកលវិទ្យាល័យ និងជាអ្នកនិពន្ធម្នាក់នៃការសិក្សានេះ បាននិយាយថា យុវជនឥណ្ឌាជាច្រើនដែលអាចរកការងារបាន ទីបំផុតត្រូវធ្វើការងារដែលមានប្រាក់ឈ្នួលទាប ការងារក្រៅប្រព័ន្ធ ឬការងារដែលមិនមានស្ថិរភាព។

 

លោកស្រីបាននិយាយថា៖ «ការបង្កើតការងារបានថយចុះ»។

 

លោកស្រីក៏បានកត់សម្គាល់ថា មានកម្មករជាច្រើនកំពុងត្រឡប់ទៅធ្វើការក្នុងវិស័យកសិកម្ម ដែលជានិន្នាការផ្ទុយពីការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច។

 

លោកស្រីបានពន្យល់ថា៖ «តាមឧត្ដមគតិ នៅពេលសេដ្ឋកិច្ចរីកចម្រើន កម្មករគួរតែចាកចេញពីវិស័យកសិកម្ម ហើយផ្លាស់ទៅវិស័យផលិតកម្ម ឬសេវាកម្ម»។

 

រដ្ឋាភិបាលបានពង្រីកកម្មវិធីកម្មសិក្សា និងការហ្វឹកហាត់វិជ្ជាជីវៈ ដើម្បីជួយយុវជនចូលទៅក្នុងទីផ្សារការងារ។

ប៉ុន្តែ លោកស្រី Abraham បាននិយាយថា កិច្ចខិតខំប្រឹងប្រែងទាំងនេះនៅមិនទាន់មានទំហំធំគ្រប់គ្រាន់ ដើម្បីដោះស្រាយបញ្ហានេះនៅឡើយទេ។

 

ទិន្នន័យរដ្ឋាភិបាលបង្ហាញថា អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនបានធ្លាក់ចុះនៅខែកក្កដា បើប្រៀបធៀបនឹងខែមុន។

 

ទោះជាយ៉ាងណា អត្រា ១៥,៦% នៅតែខ្ពស់ជាងបីដង បើប្រៀបធៀបនឹងអត្រាគ្មានការងារធ្វើសរុបរបស់ប្រទេស នេះបើយោងតាមការស្ទង់មតិកម្លាំងពលកម្មជាប្រចាំ។

 

បញ្ហានេះក៏កំពុងក្លាយជាប្រធានបទដែលបង្កើនសម្ពាធនយោបាយផងដែរ។

 

កាលពីថ្ងៃចន្ទ ទី២៤ ខែសីហា ប្រធានគណបក្ស Congress លោក Mallikarjun Kharge បានរិះគន់រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Narendra Modi ចំពោះបញ្ហាគ្មានការងារធ្វើ និងការកើនឡើងនៃតម្លៃទំនិញចាំបាច់ ដោយចោទប្រកាន់ថា រដ្ឋាភិបាលកំពុង «បំផ្លាញ» ផ្លូវពីការអប់រំទៅកាន់ការងារ។

 

មានសញ្ញាបត្រ ប៉ុន្តែមិនមានជំនាញដែលទីផ្សារត្រូវការ

 

បញ្ញាសិប្បនិម្មិត (AI) កំពុងបន្ថែមភាពមិនប្រាកដប្រជាមួយកម្រិតទៀតទៅក្នុងទីផ្សារការងារ ដោយកំពុងផ្លាស់ប្តូរប្រភេទការងារកម្រិតដំបូងមួយចំនួនដែលអ្នកបញ្ចប់ការសិក្សាអាចរកបាន។

 

នៅពេលតម្រូវការនៅកន្លែងធ្វើការផ្លាស់ប្តូរ យុវជនឥណ្ឌាក៏អាចប្រឈមនឹងបញ្ហាដែលអ្វីដែលពួកគេរៀននៅមហាវិទ្យាល័យ មិនតែងតែស្របគ្នានឹងជំនាញដែលនិយោជកត្រូវការនោះទេ។

 

ការស្ទង់មតិសេដ្ឋកិច្ចរបស់ឥណ្ឌា ដែលជារបាយការណ៍ប្រចាំឆ្នាំរបស់រដ្ឋាភិបាលស្តីពីសេដ្ឋកិច្ច បានទទួលស្គាល់ថា មានភាពមិនស៊ីគ្នារវាងការបណ្តុះបណ្តាលដែលកំពុងផ្តល់ឱ្យ និងតម្រូវការរបស់វិស័យឧស្សាហកម្ម។

 

លោក Shubh Kansara ដែលជាអ្នកបញ្ចប់ការសិក្សាផ្នែកវិស្វកម្ម ក៏បានជួបប្រទះបញ្ហានេះដោយផ្ទាល់ នៅពេលលោកចាប់ផ្តើមដាក់ពាក្យស្វែងរកការងារ។

 

លោកបានចំណាយពេលប្រហែលមួយឆ្នាំគ្មានការងារធ្វើ មុនពេលទីបំផុតទទួលយកការងារមួយដែលមិនស្ថិតក្នុងជំនាញដែលលោកបានសិក្សា។

 

លោកបាននិយាយថា៖ «នៅពេលយើងទៅសម្ភាសន៍ការងារ និយោជករំពឹងថា អ្នកបញ្ចប់ការសិក្សាថ្មីៗនឹងចេះបច្ចេកវិទ្យាផ្សេងៗ។ ប៉ុន្តែរឿងទាំងនេះមិនត្រូវបានបង្រៀននៅសាកលវិទ្យាល័យរបស់យើងទេ»។

 

ឪពុកម្តាយរបស់លោកបានចំណាយប្រាក់សន្សំរបស់ពួកគេមួយផ្នែកធំទៅលើការអប់រំរបស់កូន ដោយរំពឹងថា សញ្ញាបត្រវិស្វកម្មនឹងបើកទ្វារទៅរកឱកាសការងារដែលល្អប្រសើរជាងមុន។

...

 

ផ្ទុយទៅវិញ បទពិសោធន៍របស់លោកបានឆ្លុះបញ្ចាំងពីការពិតដ៏លំបាកដែលគ្រួសារឥណ្ឌាជាច្រើនកំពុងប្រឈម៖ ទោះបីបានចំណាយប្រាក់យ៉ាងច្រើនលើការអប់រំនៅសាកលវិទ្យាល័យក៏ដោយ ក៏សញ្ញាបត្រមិនមែនជាការធានាថា នឹងទទួលបានការងារដែលពួកគេសង្ឃឹមចង់បាននោះទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print