ខ្សែប្រយុទ្ធជប៉ុន Ayase Ueda ត្រៀមចាកចេញពីក្លិប Feyenoord បន្ទាប់ពីរួមរស់ជាមួយក្លិបរយៈពេល ៣ឆ្នាំ ខណៈកិច្ចព្រមព្រៀងផ្ទេរទៅកាន់ក្លិប Lille ត្រូវបានរាយការណ៍ថា បានឈានដល់ការឯកភាពពេញលេញរវាងភាគីទាំងពីរ។
Ueda វ័យ ២៨ឆ្នាំ បានស៊ុតបញ្ចូលទី ២៥គ្រាប់កាលពីរដូវកាលមុន ដើម្បីក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅលីគ Eredivisie។ នោះជារដូវកាលដំបូងដែលរូបគេក្លាយជាខ្សែប្រយុទ្ធជម្រើសដំបូងពេញម៉ោងរបស់ Feyenoord បន្ទាប់ពីត្រូវរង់ចាំឱកាសនៅពីក្រោយខ្សែប្រយុទ្ធ Santiago Gimenez។
ខ្សែប្រយុទ្ធជប៉ុនរូបនេះបានស៊ុតបញ្ចូលទីក្នុងការប្រកួតដែល Feyenoord ប្រកួតស្មើ 2-2 ជាមួយ ADO Den Haag កាលពីថ្ងៃអាទិត្យ ហើយត្រូវបានរាយការណ៍ថា បានចាកចេញភ្លាមៗ ដើម្បីធ្វើដំណើរទៅកាន់ទីក្រុង Lille។ តាមសារព័ត៌មាន Voetbal International ប្រធានក្លិប Lille លោក Olivier Letang ក៏បានចូលរួមទស្សនាការប្រកួតនោះ ដើម្បីពិភាក្សាអំពីព័ត៌មានលម្អិតចុងក្រោយនៃការផ្ទេរ។
Ayase Ueda បានផ្លាស់ពី Cercle Brugge មកកាន់ Feyenoord ក្នុងឆ្នាំ 2023 ក្នុងតម្លៃ ៩លានអឺរ៉ូ ហើយត្រូវអត់ធ្មត់រង់ចាំឱកាសរបស់ខ្លួន។
ខ្សែប្រយុទ្ធដែលបានបង្ហាញខ្លួន ៤៣ប្រកួតសម្រាប់ក្រុមជម្រើសជាតិជប៉ុន រូបនេះ បានស៊ុតបញ្ចូលទី ១២គ្រាប់ ក្នុងការបង្ហាញខ្លួន ៤៧ប្រកួតនៅលីគ បន្ទាប់ពីចូលរួមជាមួយ Feyenoord។
ប៉ុន្តែ រដូវកាល 2025/26 គឺជារដូវកាលដ៏ល្អបំផុតក្នុងអាជីពរបស់ Ueda ដោយគេរកបាន ២៥គ្រាប់ក្នុង ៣១ប្រកួត Eredivisie និងក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេប្រចាំលីគ។
សរុបក្នុងការបង្ហាញខ្លួន ១១២ប្រកួតគ្រប់កម្មវិធី ជាមួយ Feyenoord កីឡាករ Ueda រកបាន ៤៣គ្រាប់។
ការផ្លាស់ទៅ Lille នឹងក្លាយជាជំហានថ្មីសម្រាប់ខ្សែប្រយុទ្ធជប៉ុន ដែលកំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អបំផុតនៃអាជីពរបស់ខ្លួន៕










