ខេត្តកំពត៖ អនុវត្តតាមបទបញ្ជា លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត និងសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត នៅវេលាម៉ោង ១៧:៥០នាទី ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត ដឹកនាំដោយលោក វរសេនីយ៍ទោ សន សុខឿន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពត បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទ្វីខាងជើង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
កម្លាំងសមត្ថកិច្ចអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យ ០២នាក់៖១. ឈ្មោះ ហាក់ គីរីន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិកំពង់បាយខាងជើង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពតនិង២. ឈ្មោះ ចន សុវណ្ណារ៉ា ភេទប្រុស អាយុ ១៦ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។
វត្ថុតាងចាប់យករួមមាន៖
– គ្រឿងញៀនចំនួន៥កញ្ចប់ (១កញ្ចប់ធំ ៤ កញ្ចប់តូច) មានទម្ងន់១៥.៣២ក្រាម ថ្លឹងទាំងសំបកថង់។
– ម៉ូតូចំនួន ១គ្រឿង។
– ទូរសព្ទចំនួន ១គ្រឿង។
– កាំភ្លើងកែច្នៃចំនួន ១ដើម គ្រាប់ចំនួន ១ថង់។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងខាងលើត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងគ្រឿងញៀន នៃមន្ទីស្រាវជ្រាវ និងបង្រាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពត ដើម្បីអនុវត្តតាមនីតិវិធី៕
ដោយ៖ សុរិយា










