កំលាំងអាវុធហត្ថខេត្តកំពង់ស្ពឺ សហការបំបែកករណីគាស់ហាងលួចយកទូរស័ព្ទជាច្រើនគ្រឿង និងហាងទទួលទិញផលចោរកម្ម

ចែករំលែក៖

ខេត្តកំពង់ស្ពឺ÷កម្លាំង​ជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ បានសហការបើក​ប្រតិបត្តិការបំបែកសំណុំរឿងករណីលួច​មាន​ស្ថាន​ទម្ងន់ទោសនិង​ទទួលផល​ចោរកម្ម​ ឃាត់ខ្លួន​ជនសង្ស័យបាន០៦នាក់និង​ចាប់យក​វត្ថុ​តាង​ទូរស័ព្ទ​ជាច្រើន​គ្រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​ ក្រោយ​ធ្វើសកម្មភាព​លួចទូរសព្ទពីហាងជនរងគ្រោះនៅក្នុងភូមិសាស្ត្រស្រុកថ្ពង។

ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការកងរាជអាវុធ ហត្ថខេត្តកំពង់ស្ពឺ ‌‎ព្រមទាំងសម្របសម្រួលនីតិវិធីពី​ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ​ព្រះរាជអាជ្ញា អមសាលាដំបូង​រាជធានី​ភ្នំពេញ​​ ព្រះរាជអាជ្ញាអមសាលា ដំបូង​ ស្វាយរៀង​​​ និងព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត​ព្រះសីហនុ​ កម្លាំង​ជំនាញ​កង​រាជ​អាវុធហត្ថខេត្តកំពង់ស្ពឺ​ សហការ​ជាមួយ​កម្លាំង​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ កម្លាំង​កង​រាជ​អាវុធហត្ថ​ខេត្ត​ខេត្ត​ស្វាយរៀង​ និងកម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ​ បាន​បើក​ប្រតិបត្តិការ​​​ ស្រាវជ្រាវ​កំណត់មុខសញ្ញា និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ​បាន​ជា​បន្ត​បន្ទាប់​៦នាក់​ ពាក់ព័ន្ធ​ករណីលួច​មាន​ស្ថាន​ទម្ងន់ទោសនិង​ទទួលផល​ចោរកម្ម​។

យោងតាមពាក្យបណ្ដឹងជនរងគ្រោះឈ្មោះ ស៊ន រ៉ាឈីត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ដោយកាលពីវេលាម៉ោង១:៣០នាទី​យប់ ថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០២៦ ជនរងគ្រោះបានភ្ញាក់ដឹងខ្លួនស្រាប់តែឮសម្លេងរុះរើកកាយ ក៏បានដើរ ទៅមើលស្រាប់តែបាន ឃើញចោរម្នាក់កំពុងធ្វើ សកម្មភាពលួចទូរសព្ទនៅខាង ក្នុងហាងរបស់ខ្លួន ភ្លាមនោះចោរក៏បានឃើញជនរង គ្រោះ ហើយបានយកទូរសព្ទរត់គេចខ្លួន។ ជនរងគ្រោះបានត្រួតពិនិត្យមើលក្នុងទូរដាក់ទូរសព្ទបាត់ទូរសព្ទសរុបចំនួន២១០គ្រឿង។

ក្រោយពីបានទទួលបណ្តឹងរបស់ជនរងគ្រោះភ្លាម ក្រោមបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ នៅវេលាម៉ោង១៤:៣០នាទី ថ្ងៃ២០ ខែសីហា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានពន្លាតសមត្ថកិច្ចដែនដី សហការជាមួយកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌនៃមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់មានឈ្មោះ កែម សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ទូរសព្ទ និងឈ្មោះ ឈុន ម៉ុនដេ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ទូរសព្ទ ព្រមទាំងចាប់យកវត្ថុតាងរួមមានទូរសព្ទចំនួន៣៣ គ្រឿង ក្នុងនោះទូរសព្ទចំនួន៣០គ្រឿង ជារបស់ជនរងគ្រោះ​​​ ស្ថិតនៅចំណុចភូមិ០១ សង្កាត់លេខ០១ ក្រុងព្រះសីហនុ ខេត្តកំពង់ស្ពឺ។

ក្រោមវិធានជំនាញរបស់អាវុធហត្ថខេត្តកំពង់ស្ពឺ បាន​បន្តសហការ​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដោយនៅវេលាម៉ោង១១:៣០នាទី ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បន្តឆែកឆេរចំនួន០២ទីតាំងនិងឃាត់ខ្លួន​ជនសង្ស័យ​បាន០២នាក់ទៀត។នៅចំណុចហាងលក់ទូរស័ព្ទដៃ យីហោ គឹម ហាក់ ស្ថិតនៅផ្លូវ៥៩៩ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ ជនសង្ស័យ​មានឈ្មោះ​ ជា គឹមហាក់ ភេទប្រុស អាយុ៤០ឆ្នាំ​​ មុខរបរលក់ទូរសព្ទ បច្ចុប្បន្នរស់ស្ថិតនៅផ្លូវ៥៩៩ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ​ និងឈ្មោះ គឹម ថេង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ទូរស័ព្ទ ទីលំនៅបច្ចុប្បន្នស្ថិតនៅផ្ទះលេខ៣០ ផ្លូវលេខ៥ ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។លុះដល់វេលាម៉ោង១៣:៣០នាទី នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ កម្លាំង​ជំនាញ​អាវុធហត្ថ​បាន​បន្ត​សហការ​ឃាត់ខ្លួន​ជនសង្ស័យ​បានម្នាក់ទៀតឈ្មោះ ទត ថា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅនៅផ្ទះ២៣១ ផ្លូវចុងកោះចិន ស្រុកពញាឮ ខេត្តកណ្តាល។

លុះដល់វេលាម៉ោង១៧:១០នាទី នាថ្ងៃខែឆ្នាំដដែល​ កម្លាំង​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ​ បានបន្តសហការជាមួយកម្លាំងអាវុធហត្ថខេត្តស្វាយរៀង ឃាត់ខ្លួន​ជនសង្ស័យបាន០១នាក់ទៀត មានឈ្មោះ ញឹម សារី ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិសម្ភារ ឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ 

ជាលទ្ធផលក្នុង​រង្វង់​ប្រតិបត្តិ​ការដ៏ក្តៅគគុគនេះ ក្រោមបទបញ្ជាយ៉ាងមុឺងម៉ាត់និងយកចិត្តទុកដាក់របស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ ​និងមាន​ចូលរួម​ការសហការយ៉ាងរលូន​ប្រកបដោយ​ប្រ​សិទ្ធិ​ភាពពីអាជ្ញាធរ​មានសមត្ថកិច្ចតាមបណ្តាខេត្តក្រុងពាក់ព័ន្ធ​ធ្វើការ​បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន​០៦នាក់ និងចាប់យកវត្ថុតាងបានរួមមាន​៖ទូរស័ព្ទ សរុបចំនួន១៩៨គ្រឿង (IPhone ចំនួន៦៥គ្រឿង , Samsung ចំនួន០៤គ្រឿង , OPPO ចំនួន១៩គ្រឿង , VIVO ចំនួន០៥គ្រឿង , HUAWEI ចំនួន០៧គ្រឿង , Realme ចំនួន៣២គ្រឿង , Hi Nova ចំនួន៣២គ្រឿង , Honor ចំនួន០៨គ្រឿង , TENO ចំនួន១៩គ្រឿង , IQOO ចំនួន០១គ្រឿង , METZU ចំនួន០២គ្រឿង , Mi ចំនួន០២គ្រឿង , គ្មានម៉ាក ចំនួន០២គ្រឿង) និងម៉ូតូ ម៉ាកBEAT ពណ៌ខៀវ ផ្លាកលេខ ភ្នំពេញ 1MM-9756  សេរីឆ្នាំ២០២៥។

...

បច្ចុប្បន្ន​ជនសង្ស័យទាំង០៦នាក់ខាងលើរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌ​ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺកសាង សំណុំរឿង‌‎បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print