លោក គីម ជុងអ៊ុន និងលោក ដូណាលត្រាំ ត្រៀមជួបគ្នាជាថ្មីក្នុងពេលឆាប់ៗ?

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ផ្អែកលើការវាយតម្លៃរបស់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង សមាជិកសភាកូរ៉េខាងត្បូងមួយរូប នៅថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា កិច្ចប្រជុំកំពូលរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង អាចនឹងកើតឡើង «គ្រប់ពេលវេលា» ស្របពេលដែលមានសញ្ញាបង្ហាញថា ប្រទេសទាំងពីរហាក់មានការសន្ទនាគ្នា។

សមាជិកសភាកូរ៉េខាងត្បូង លោក Youn Kun-young បានប្រាប់អ្នកសារព័ត៌មានដូច្នេះថា «ពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូល រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក មានការវិភាគថា រឿងនេះគួរតែត្រូវចាត់ទុក អាចកើតឡើងទៅបានគ្រប់ពេលវេលា»។ លោកបាននិយាយបែបនេះ ដោយយោងតាមការរបាយការណ៍របស់ ទីភ្នាក់ងារជាតិស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង (NIS)។ សមាជិកសភារូបនេះ បានបន្ថែមថា «ទោះបីមិនទាន់មានការបង្ហាញភស្តុតាង អំពីការធ្វើទំនាក់ទំនងគ្នាជាក់ស្តែង រវាងភាគីទាំងពីរក៏ដោយ វាហាក់មានសញ្ញាលេចឡើងនៃការសន្ទនា»។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗបានលើកឡើងពីលទ្ធភាពបើកជំនួបជាថ្មី ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប៉ុន្តែរហូតមកដល់ពេលនេះ ទីក្រុងព្យុងយ៉ាងភាគច្រើន នៅតែរក្សាភាពស្ងៀមស្ងាត់ជាសាធារណៈ ចំពោះគោលបំណងនេះ។
ដោយឡែក សមយុទ្ធដែនសមុទ្រ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ៧ ខែកញ្ញា រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺកូរ៉េខាងត្បូង និងជប៉ុន ទើបតែបានបង្កឱ្យមានប្រតិកម្មខឹងសម្បារពីទីក្រុងព្យុងយ៉ាង។ ក្រសួងការបរទេសកូរ៉េខាងជើង កាលពីថ្ងៃចន្ទ បានចេញមុខរិះគន់ថា សមយុទ្ធនេះ «បង្កការគំរាមកំហែង» ចំពោះប្រទេសខ្លួន ក៏ដូចជាប្រទេសដទៃទៀត នៅក្នុងតំបន់៕

រូប​ថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print