អគ្គនាយកស៊ីម៉ាក់ថ្កោលទោស ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃ លើតំបន់ស៊ីវិលកម្ពុជា, ការប្រើប្រាស់គ្រាប់បែកចង្កោម ជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ

ចែករំលែក៖

ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ (CMAC) បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការប្រើប្រាស់អាវុធយុទ្ធភណ្ឌ ដែលពិភពលោកហាមឃាត់ ជាពិសេសគ្រាប់បែកចង្កោម ដោយយោធាថៃទៅលើគោលដៅស៊ីវិល និងកងទ័ពកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមឈ្លានពាន។​ លោកបានសង្កត់ធ្ងន់ថា ទង្វើនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាអន្តរជាតិ ហាមឃាត់ការប្រើប្រាស់គ្រាប់បែកចង្កោម។

ការបន្តថ្កោលទោសយោធាថៃ របស់អគ្គនាយកស៉ីម៉ាក់កម្ពុជា​ បន្ទាប់ពីធ្វើបទបង្ហាញពីបច្ចុប្បន្នភាព នៃស្ថានភាពសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់យោធាថៃ នៅលើបូរណភាពទឹកដីកម្ពុជា ក្នុងសង្គ្រាមឆ្នាំ២០២៥ ជូនក្រុមអ្នកសង្កេតការណ៍អាស៊ានសរុប ៣៧រូប ដឹកនាំលោកវរនាវីឯក Commodore. Glenn Z. Dizon ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា នៃសាធារណរដ្ឋហ្វីលីពីន និងក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា (Military Attaché Corps Phnom Penh) ចំនួន ១៦រូប មកពីសហរដ្ឋអាម៉េរិក ចិន បារាំង ឥណ្ឌា ជប៉ុន អូស្ត្រាលី រុស្ស៊ី សាធារណរដ្ឋកូរ៉េ និងបណ្តាប្រទេសសមាជិកអាស៊ាន ដឹកនាំដោយលោកវរសេនីយ៍ KYLE SALTZMAN អនុពន្ធ័យោធាសហរដ្ឋអាមេរិក និងជាប្រធានតំណាងក្រុមអនុពន័្ធយោធាប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

លោក ហេង រតនា បានឱ្យដឹងយ៉ាងដូច្នេះថា៖ «គ្រាប់បែកចង្កោម ស្ថិតនៅក្នុងអនុសញ្ញាអន្តរជាតិ នៅឆ្នាំ២០០៨ ហាមប្រាមមិនឱ្យប្រើអាវុធប្រភេទនេះនៅក្នុងសង្គ្រាមទេ, នៅក្នុងសកលលោកគេនិយាយថា អាហ្នឹងជាអាវុធប្រល័យលោក​​ ពិសេសបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជនស៉ីវិល។ ពេលសង្គ្រាមចប់ទៅគ្រាប់បែកចង្កោមនៅតែបន្តសម្លាប់ស៉ីវិល»។

ត្រង់ចំណុចនេះលោក ហេង រតនា បានលើកឡើងថា តាមអនុសញ្ញាអន្តរជាតិ គឺបានបញ្ជាក់យ៉ាងច្បាស់ថា គ្រាប់បែកចង្កោមត្រូវបានហាមឃាត់ដែលមានកូនគ្រាប់លើសពី ១៥គ្រាប់ ក៏ប៉ុន្តែ អ្វីដែលគួរសោកស្តាយនោះ គឺយោធាថៃ បានប្រើប្រាស់គ្រាប់ចង្កោមដែលមានកូនគ្រាប់ចន្លោះ ៤៩​ទៅ ៥៦កូនគ្រាប់ នៅក្នុងមេគ្រាប់បែកចង្កោម ១គ្រាប់ ដោយបាញ់ស្រោចមិនរើសគោលដៅក្នុងសង្គ្រាមឈ្លានពានទឹកដីកម្ពុជា កាលទីឆ្នាំ២០២៥ កន្លងទៅ។

អគ្គនាយកស៉ីម៉ាក់ បានបញ្ជាក់ថា ដោយផ្អែកតាមមន្ត្រីជំនាញរបស់ CMAC បានរកឃើញថា មានកូនគ្រាប់បែកចង្កោមអត្រាមិនផ្ទុះមិនតិចជាង ៤០ភាគរយនោះទេ។ ពីព្រោះនៅក្នុងអំលុងសង្គ្រាមឈ្លានពានទីតាំងដែលយោធាថៃ បាញ់គ្រាប់ចង្កោមចំទីតាំងស៉ីវិលរបស់ប្រជាពលរដ្ឋខ្មែរ គឺមានកូនគ្រាប់បែកចង្កោមជាង ៣០គ្រាប់​ ដែលមិនទាន់ផ្ទុះ និងបន្សល់រាយប៉ាយជិតទីតាំងមេគ្រាប់ចង្កោម។

លោក ហេង រតនា បានសង្កត់ធ្ងន់ថា៖ «កូនគ្រាប់បែកចង្កោមដែលនៅសល់មិនទាន់ នៅតែបន្តសម្លាប់ប្រជាជនខ្មែររបស់យើង អាហ្នឹងហើយដែលសហគមន៍អន្តរជាតិគេហាមមិនឱ្យប្រើទេ ក្នុងនាមខ្ញុំជាអង្គភាពជំនាញនៅលើផ្នែកនេះ យើងពិតជាមានការសោកស្តាយ និងថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះការប្រើប្រាស់គ្រាប់បែកចង្កោមទៅលើជនស៉ីវិល ជាពិសេសប្រជាជនស៉ីវិលកម្ពុជា»។

មេស៉ីម៉ាក់កម្ពុជា បានគូសបញ្ជាក់ថា ដោយផ្អែកតាមអ្នកជំនាញវិភាគ គឺយោធាថៃ មានគោលដៅបង្កើតឱ្យមានបញ្ហាសេដ្ឋកិច្ចសង្គមរបស់ប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែនឱ្យមានរយៈពេលវែង តាមរយៈការបាញ់ស្រោចនូវគ្រាប់បែកចង្កោមឱ្យធ្លាក់រាយប៉ាយនៅតាមភូមិឋាន ដីស្រែក ចម្ការរបស់បប្រជាពលរដ្ឋខ្មែរ នាំឱ្យពួកគាត់មិនអាចចូលទៅរស់នៅ​ឬបង្កបង្កើនផលដំណាំបាន។

យោងតាមការរកឃើញរបស់ CMAC ផ្ទៃដីជាង ២,៧០០គីឡូម៉ែត្រក្រឡា បានរងផលប៉ះពាល់ដោយគ្រាប់បែកចង្កោម ដែលជាទំហំដ៏ធំធេងមួយក្នុងប្រវត្តិសាស្ត្រពិភពលោក។ សង្គ្រាមឈ្លានពាននេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋានជាង ៣៤០ភូមិ ប៉ះពាល់ផ្ទៃដីប្រមាណ ៤៤១,០០០ហិកតា និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៩១,០០០គ្រួសារ។ បច្ចុប្បន្ន កងកម្លាំង CMAC កំពុងបន្តជំរុញការបោសសម្អាតគ្រាប់សំណល់យុទ្ធភណ្ឌសង្គ្រាមទាំងនេះ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងការវិលត្រឡប់ទៅលំនៅដ្ឋានវិញប្រកបដោយសុវត្ថិភាព និងជំរុញការអភិវឌ្ឍប្រទេសជាតិ។

នៅក្នុងសង្គ្រាមថៃឈ្លានពានឆ្នាំ២០២៥ (២៤-២៨ កក្កដា និង ០៧-២៧ ធ្នូ ឆ្នាំ២០២៥) មកលើទឹកដីកម្ពុជា បានគំរាមកំហែងដោយផ្ទាល់ដល់ឃុំ សង្កាត់ចំនួន៦០ ភូមិចំនួន ៣៤៩ នៃខេត្តចំនួន៧ រួមមានខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ និងខេត្តកោះកុង ដោយបានប៉ះពាល់ដល់ប្រជាពលរដ្ឋជាង ៦៤០ ០០០នាក់ បានជម្លៀសទៅកាន់តំបន់សុវត្ថិភាព។

សូមបញ្ជាក់ថា អង្គភាព CMAC បានបញ្ចប់ការស្រាវជ្រាវព័ត៌មានចំនួន ៣៣៥ភូមិ ក្នុងចំណោម ៣៤៩ភូមិ ដោយបានកំណត់តំបន់រងផលប៉ះពាល់ដោយសារសំណល់យុទ្ធភណ្ឌសង្គ្រាមថៃ ជាង ៣៨៦.៨៨០ហិកតា គ្របដណ្តប់លើ ៥.៤០៩តំបន់ (Polygons) ក្នុងនោះផ្ទៃដីជាង ២៩៥.

០៩៦ហិកតា រងការគំរាមកំហែងដោយសារគ្រាប់បែកចង្កោម។ សង្គ្រាមថៃឈ្លានពាននេះ បានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ភូមិដ្ឋាន ផ្ទះសម្បែង សាលារៀន និងជាពិសេស រមណីយដ្ឋានប្រាសាទ ដែលក្រុមស្រាវជ្រាវព័ត៌មានបានប្រមូល និងកំណត់នូវសក្ខីកម្មជាក់ស្តែងបានចំនួនជាង ១៦ ០០០សក្ខីកម្ម៕ដោយ​៖តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print